ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ដឹកនាំគណៈប្រតិភូចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម

08​ 10 2019

(ភ្នំពេញ)៖ នៅវិមានរដ្ឋសភាជាតិ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ អញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមការពារ​សេចក្តីព្រាងច្បាប់ ស្តីពីរបបសន្តិសុខសង្គម នៅសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦។

សេចក្តីព្រាងច្បាប់ ស្តីពីរបបសន្តិសុខសង្គម មានគោលបំណងបង្កើត ឱ្យមានរបបសន្តិសុខសង្គម នៃព្រះរាជាណាចក្រកម្ពុជា តាមគោលការណ៍ សាមគ្គីធម៌ និងសមធម៌សង្គម​ ដែលរួមមាន៤ផ្នែក គឺផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ សម្រាប់បុគ្គល ដែលស្ថិតនៅក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិតនៅក្រោមច្បាប់ ស្តីពីការងារ គិតរួមទាំងបុគ្គលិក ផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើតាមផ្ទះ ព្រមទាំងបុគ្គលិកស្វ័យនិយោជន៍។

សេចក្តីព្រាងច្បាប់នេះ ពិតជាមានសារៈសំខាន់បំផុត សម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិត នៅក្នុងវិស័យឯកជន និងបុគ្គលស្វ័យនិយោជន៍ ទទួលបាននូវរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ ចូលរួមចំណែក ក្នុងការលើកកម្ពស់ជីវភាព សេចក្តីថ្លៃថ្នូរ និងភាពសុខដុមរមនា ក្នុងសង្គម។

សូមបញ្ជាក់ផងដែរថា សេចក្តីព្រាងច្បាប់ ស្តីពីរបបសន្តិសុខសង្គមនេះ មាន ១១ជំពូក និងចែកចេញជា ១០៧មាត្រា៕