ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ទទួលជួបពិភាក្សាការងារជាមួយ Mr. Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា

08​ 10 2019

នៅទីស្តីការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ តម្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារ ជាមួយ Mr. Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា (European Chamber of Commerce in Cambodia) និងសហការី។ ជំនួបនាពេលនេះ មានគោលបំណងសំខាន់ គឺធ្វើការពិនិត្យ និងពិភាក្សាលើជំពូកថ្មីស្តីពី "វិស័យធុរកិច្ចកសិកម្ម" ដែលមាននៅក្នុង The EuroCham White Book។

ជាបឋម Mr. Arnaud Darc បានថ្លែងអំណរគុណ ជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ជាមួយ EuroCham នាប៉ុន្មានឆ្នាំកន្លងមក និងជាពិសេសឯកឧត្តម រដ្ឋមន្រ្តី បានចែករំលែក នូវទស្សនវិស័យ និងគោលនយោបាយ សំខាន់ៗសម្រាប់ ធ្វើការអភិវឌ្ឍវិស័យ ធុរកិច្ចកសិកម្មកម្ពុជា។ ថ្មីៗនេះ EuroCham បានបោះពុម្ភសៀវភៅ ជាលើកទី០៣ ដែលលើកនេះ បានបញ្ចូល ជំពូកថ្មីមួយ និយាយអំពី " វិស័យធុរកិច្ចកសិកម្ម " ហើយថ្ងៃនេះ មានឱកាសបានមក ជួបឯកឧត្តមរដ្ឋមន្ត្រី ដើម្បីពិភាក្សា ឲ្យបានលម្អិត និងស្នើសុំជួយវាយតម្លៃបន្ថែម លើជំពូកនេះ ធ្វើយ៉ាងណាបង្កើត បរិយាកាសមួយល្អ ក្នុងវិស័យនេះ ដោះស្រាយបញ្ហា ជូនធុរកិច្ចជន ឲ្យបានសមស្រប ល្អប្រសើរ ដើម្បីលើកកម្ពស់ ការប្រកួតប្រជែង។ លោកបានបន្តថា គណ:កម្មាធិការ ធុរកិច្ចកសិកម្ម របស់ EuroCham ត្រូវបានបង្កើតឡើង នៅឆ្នាំ២០១៨ ក្រោយពីសមាជិកសភាពាណិជ្ជកម្ម បានបង្ហាញចំណាប់អារម្មណ៍ យ៉ាងខ្លាំងពាក់ព័ន្ធវិស័យ កែច្នៃចំណី អាហារ និងកសិកម្ម។ នៅក្នុងជំពូកថ្មីនេះ មានប្រធាបបទសំខាន់ៗ ចំនួន០៥ រួមមាន៖ ១. សារធាតុហាមឃាត់ ២. ការប្រយុទ្ធប្រឆាំង នឹងសម្ភារកសិកម្ម ខុសច្បាប់ ៣. បទប្បញ្ញត្តិការងារ ៤. ពិពិធកម្មកសិកម្ម និងទី៥. ការធ្វើតេស្តទឹក ក្នុងវិស័យកសិកម្ម តាមលក្ខខណ្ឌតម្រូវ ច្បាប់។ នៅក្នុងប្រធានបទ នីមួយៗ គណ:កម្មាធិការធុរកិច្ចកសិកម្ម បានជូនអនុសាសន៍សំខាន់ៗ ដល់អគ្គនាយកដ្ឋាន ដែលស្ថិតនៅក្រោយ ដំបូល របស់ក្រសួង ដើម្បីយកទៅពិនិត្យ ពិចារណា ឲ្យបានស៊ីជម្រៅ និងធ្វើការកែលម្អរាល់ ចំណុចខ្វះខាត ឬបញ្ហាដែលផ្សេងៗ ធ្វើយ៉ាងណាលើក កម្ពស់បរិយាកាស ការធ្វើធុរកិច្ចកសិកម្ម ឲ្យបានល្អប្រសើរដោយ ឈរលើគោលការណ៍ច្បាប់ បច្ចេកទេស តម្លាភាព គុណភាព សុវត្ថិភាព និងការប្រកួតប្រជែង។ល។ នាឱកាសនេះ សមាជិកក្រុមការងារ ក៏បានលើកយក ប្រធានបទមួយចំនួន ទាក់ទងនឹងការ អនុវត្តច្បាប់ ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ការនាំចូល និងការធ្វើអាជីវកម្មសម្ភារ កសិកម្មខុសច្បាប់ ការអនុម័ត ប្រាក់ឈ្នួល អប្បបរមាស្តង់ដា ការដាំដុះពូជស្រូវហាយប្រីត និងលក្ខខណ្ឌតម្រូវ របស់ក្រសួងបរិស្ថាន ដែលកំណត់ឲ្យក្រុមហ៊ុន ធុរកិច្ចកសិកម្ម ត្រូវតែធ្វើតរស្តគុណភាពទឹក នៅក្រសួងបរិស្ថានផ្ទាល់។

នាឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារ EuroCham ជាពិសេស Mr. Arnaud Darc ផ្ទាល់ ដែលបានរៀបចំ ចងក្រង បោះពុម្ភ The EuroCham White Book ជាលើកទី០៣ ដោយរួមបញ្ចូល ជំពូកថ្មីមួយទៀត ស្តីពី " ធុរកិច្ចកសិកម្ម " ស្របពេលដែលក្រសួងកំពុងលើកទឹកចិត្តជំរុញ និងគាំទ្រឲ្យដៃគូអភិវឌ្ឍ វិស័យឯកជន និងសហគមន៍កសិកម្ម ចូលរួមអភិវឌ្ឍន៍ វិស័យធុរកិច្ចកសិកម្មនេះ តាមរយ:ការវិនិយោគ លើវិស័យផលិតកម្ម កសិកម្ម ការកែច្នៃ និងទីផ្សារ ដើម្បីលើកកម្ពស់ សមត្ថភាពប្រកួតប្រជែង ដោយឈរលើគោលការណ៍ច្បាប់ និងបច្ចេកទេស ធានាតម្លាភាព និងយុត្តិធម៌ជូនអ្នកផលិត និងអ្នកបរិភោគ។ ចំពោះប្រធានបទ ទាំង០៥ ខាងលើ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនក្រុមប្រតិភូ ដោយសង្ខេបមួយជំហាន និងបន្ទាប់លោក បានអនុញ្ញាតឲ្យឯកឧត្តម និងអស់លោក ដែលទទួល បន្ទុកការងារបច្ចេកទេសទាក់ទង នឹងប្រធានបទនេះ បន្តបកស្រាយ យ៉ាងពិស្តារ ជូនក្រុមប្រតិភូបន្ថែមទៀត។ ទោះជាយ៉ាងណា ឯកឧត្តម រដ្ឋមន្រ្តី បានទទួលស្គាល់ថា ការធ្វើធុរកិច្ចកសិកម្ម នៅមាន បញ្ហាប្រឈមមួយចំនួន ដែលក្រសួង ក៏ដូចជាស្ថាប័ន ពាក់ព័ន្ធកំពុង តែត្រិះរិះពិចារណា ស្វែងរកយន្តការ ដោះស្រាយ ឲ្យបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព ធ្វើយ៉ាងណារក្សាបរិយាកាសវិនិយោគ លើវិស័យធុរកិច្ចកសិកម្ម ឲ្យបានល្អប្រសើរ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ ឯកឧត្តម រដ្ឋមន្រ្តីនឹងប្រគល់ ឲ្យអង្គភាពជំនាញពាក់ព័ន្ធ សហការជាមួយក្រុមជំនាញ នៃ EuroCham យកទៅពិនិត្យ ពិចារណា ធ្វើការកែលម្អ និងដោះស្រាយជាបណ្តើរៗ ដោយឈរលើគោលការណ៍ច្បាប់ និងបច្ចេកទេស។