កិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន​ លើកទី១៥ នៃភាគីសន្និសីទ កិច្ចព្រមព្រៀងអាស៊ាន ស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន

08 10 2019

កិច្ចប្រជុំលើកទី១៥ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន បានដំណើរការបន្តទៀត​ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាន នៃកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថាន អាស៊ាន​ នៅសណ្ឋាគារសូហ្វីតែល ខេត្តសៀមរាប​ និងមាន​ការចូលរួម​ពីរដ្ឋមន្ត្រីបរិស្ថាន នៃសមាគមអាស៊ាន​ និងប្រតិភូ​អគ្គលេខាធិការអាស៊ាន​ជាច្រើន​នាក់។ កិច្ច​ប្រជុំ​ បានផ្តោត ទៅលើកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថាន អាស៊ាន លើកទី១៥ នៃភាគីសន្និសិតកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាន នៃកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន បានមានប្រសាសន៍ បើកកិច្ចប្រជុំដោយ ស្វាគមន៍យ៉ាងកក់ក្តៅ ដល់រដ្ឋមន្រ្តីបរិស្ថានអាស៊ានទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំ​ និងខិតខំរួមគ្នាគ្រប់គ្រង ការបំពុលដោយ ផ្សែងអ័ព្ទ កើតចេញពីទន្ទ្រានដីព្រៃ និងការដុតព្រៃ។ បញ្ហានេះ ត្រូវបានប្រទេសអាស៊ាន ចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីការគ្រប់គ្រង ផ្សែងអ័ព្ទឆ្លងដែន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០២ ហើយចូលជាផ្លូវការនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៣។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនៅថ្ងៃនេះ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងជួបពិភាក្សា តាមកម្មវិធី ដែលបានគ្រោងទុកដូចជា ការពិនិត្យ និងគម្រោងផែនការ គ្រប់គ្រងស្ថានភាព អាកាសធាតិ និងផ្សែងអ័ព្ទឆ្លងដែន ។ ជាមួយគ្នានេះ អង្គប្រជុំក៏បានពិនិត្យ និងពិភាក្សាលើឯកសារ ទាក់ទងទៅនឹង
១- ស្ថានភាពភ្លើងឆេះព្រៃ និងផ្សែងអ័ព្ទ និងផែនការសកម្មភាពរបស់ប្រទេស ជាសមាជិកអាស៊ាន
- ការធ្វើបច្ចុប្បន្នភាព កិច្ចព្រមព្រៀង លើការគ្រប់គ្រងផ្សែងអ័ព្ទឆ្លងដែន ក្នុងក្របខណ្ឌជាតិ និងតំបន់
- ផែនទីបង្ហាញផ្លូវ នៃកិច្ចសហប្រតិបត្តិការ ដើម្បីគ្រប់គ្រងផ្សែងអ័ព្ទឆ្លងដែន
- ការស្វែងរកមូលនិធិ ដើម្បីគ្រប់ផ្សែងអ័ព្ទឆ្លងដែន របស់អាស៊ាន
- ការធ្វើបច្ចុប្បន្នភាព នូវការបង្កើតមជ្ឍមណ្ឌល គ្រប់គ្រងផ្សែងអ័ព្ទឆ្លងដែន
- ការពិនិត្យរបាយការណ៍ នៃកិច្ចប្រជុំក្រុមការងារអាស៊ាន លើកទី៤ស្តីពីដីមមោក
- កម្មវិធីកិច្ចសហប្រតិបត្តិការជាមួយដៃគូ
- ការបង្កើតការិយាល័យ ធ្វើការសម្រាប់គណៈកម្មាធិការប្រតិបត្តិ
 និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត ។