ពិធីប្រគល់ពានរង្វាន់សាលាមេត្រីភាពបរិស្ថានអាស៊ានលើកទី៣ និងយុវជនឆ្នើមមេត្រីភាពអាស៊ានលើកទី១

08 10 2019

នៅល្ងាចថ្ងៃ០៨ ខែតុលាឆ្នាំ២០១៩នេះ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន បានទទួលរៀបចំ ពិធីប្រគល់ពានរង្វាន់ សាលាមេត្រីភាពបរិស្ថានអាស៊ាន លើកទី៣ និងយុវជនឆ្នើម មេត្រីភាពអាស៊ានលើកទី១ នៅសណ្ឋាគារសុខាល័យអង្គរ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកជំទាវ ទន់ សាអីម រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម Dato Limjackhoi អគ្គលេខាធិការអាស៊ាន។ បន្ទាប់ពីមតិស្វាគមន៍ របស់ឯកឧត្តម អគ្គលេខាធិការអាស៊ាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការប្រគល់ពានរង្វាន់ នៅរាត្រីនេះ គឺជាការទទួលស្គាល់សាលា និង យុវជនឆ្នើម របស់យើងកំរិតតំបន់។ កន្លងមកការប្រគល់ពានរង្វាន់នេះ យើងហាក់បីដូចជា ដាច់ឆ្ងាយបន្តិច ដោយសារការប្រគល់ពានរង្វាន់ អាស៊ានបរិស្ថាន លើកដំបូងនៅខែកក្កដា ឆ្នាំ២០១២ នៅប្រទេស ម៉ាឡេស៊ី ការប្រគល់ពានរង្វាន់ លើកទី២ នៅខែកក្កដា ឆ្នាំ២០១៥ ដូចនេះការប្រគល់ពាន់រង្វាន់ នៅឆ្នាំ ថ្វីត្បិតតែយូរបន្តិច ប៉ុន្តែជាការឆ្លុះបញ្ចាំង ពីឆន្ទៈសាលារបស់ប្រទេសនីមួយៗ ក្នុងយន្តការអភិវឌ្ឍន៍ ដោយចីរភាព។ នៅក្នុងឱកាសនោះបណ្តា រដ្ឋមន្រ្តីប្រទេសអាស៊ាន ទាំង១០ និង អគ្គលេខាធិការអាស៊ាន បានអញ្ជើញចុចប៊ូតុង ជានិមិត្តសញ្ញា បើកកម្មវិធី ពិធីប្រគល់ពានរង្វាន់។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកជំទាវ ទន់ សាអីម អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អគ្គលេខាធិការអាស៊ាន លោកជំទាវ Yukari Sato អនុរដ្ឋមន្រ្តីជាន់ខ្ពស់ នៃប្រទេសជប៉ុន បានអញ្ជើញប្រគល់ពានរង្វាន់ ដល់សាលាមេត្រីភាពបរិស្ថានអាស៊ាន លើកទី៣ ដល់សាលាវិទ្យាល័យ និងអនុវិទ្យាល័យចំនួន ២០សាលា និងពានរង្វាន់យុវជនឆ្នើម មេត្រីភាពអាស៊ាន លើកទី១ ចំនួន២០នាក់ មកពីប្រទេសអាស៊ាន ទាំង១០។