ក្រសួងពាណិជ្ជកម្ម គោះជួងពញ្ញាក់ស្មារតីប្រជាជនឱ្យងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ជំនួសឱ្យទំនិញ និងផលិតនាំចូលពីបរទេស

10 10 2019

(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា យុទ្ធនាការទិញផលិតផលខ្មែរ គឺជាផ្នែកមួយ​នៃការអនុវត្ត​ គោលនយោបាយអភិវឌ្ឍន៍ វិស័យពាណិជ្ជកម្ម និងជាសម្លេងជួង ដើម្បីពញ្ញាក់ស្មារតីប្រជាជនកម្ពុជា ទូទាំងប្រទេស ឱ្យងាកមកចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយកសិករ ផលិតករកម្ពុជា នៅតាមមូលដ្ឋាន ជំនួសឱ្យទំនិញ និងផលិតនាំចូល ពីបរទេសជាជំហានៗ។

ការមានប្រសាសន៍ របស់ឯកឧត្តមរដ្ឋមន្ត្រីខាងលើ បានធ្វើឡើង ក្នុងពិធីសម្ពោធពិព័រណ៍ផលិតផល ខ្មែរ-ភូមិ១ ផលិតផល១ ក្នុងឱកាសយុទ្ធនាការ ទិញផលិតផលខ្មែរ រដូវកាលទី៤ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ម៉ាកសមូហភាព “គុយទាវភ្នំពេញ” ដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិ ជំរុញចលនាភូមិ១ ផលិតផល១ និងមានការចូលរួម ពីឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា មន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល អង្គទូត តំណាងវិស័យឯកជន និងប្រជាពលរដ្ឋ ប្រមាណជាង ៤០០នាក់ កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា យុទ្ធនាការទិញផលិតផលខ្មែរ នឹងរួមចំណែក ពង្រឹងចង្វាក់ផលិតកម្ម ក្នុងស្រុក បង្កើតឱកាសការងារ កាន់តែច្រើន នៅតាមមូលដ្ឋាន ដោយបានផ្តល់ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗ ដល់ផលិតករកម្ពុជា សំដៅធ្វើយ៉ាងណា ជំរុញពួកគាត់ផលិត នូវទំនិញ និងសេវាកម្ម ដែលមានគុណភាព មានសុវត្ថិភាព មានអនាម័យល្អ មានតម្លៃសមរម្យ និងជាទីទុកចិត្ត សម្រាប់អ្នកប្រើប្រាស់ ជាពិសេស គឺអាចចូលរួមប្រកួតប្រជែង ជាមួយទំនិញនាំចូលពីបរទេស ដែលបាន និងកំពុងហូរចូល មកទីផ្សារកម្ពុជា ខណៈដែលកម្ពុជាកំពុងអនុវត្ត នូវរបបទីផ្សារសេរី ក្នុងក្របខណ្ឌសហគមន៍ សេដ្ឋកិច្ចអាស៊ាន។ តាមរយៈនៃការរៀបចំ យុទ្ធនាការនេះ ផលិតផលកម្ពុជា មានការផ្លាស់ប្តូរចាប់ផ្តើម ពីគុណភាព សោភ័ណ្ឌភាព សុវត្ថិភាព តម្លៃ ការដាក់ស្លាកសញ្ញាសម្គាល់ត្រឹមត្រូវ និងកំពុងមានវត្តមាន នៅលើទីផ្សារក្នុងប្រទេស ដូចជាមានការដាក់លក់ នៅក្នុងព្រលានយន្តហោះ ផ្សារទំនើប សណ្ឋាគារធំៗ និងនៅទីផ្សារក្រៅប្រទេស តាមរយៈមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅបរទេស កាន់តែច្រើនឡើងជាបណ្តើរៗ។

ទន្ទឹមនឹងនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានមានប្រសាសន៍ថា ពិតណាស់ថា យុទ្ធនាការទិញផលិតផលខ្មែរ គឺជាសំឡេងជួងដាស់អង្រួន ស្មារតីប្រជាជនយើង ឱ្យងាកមកគាំទ្រ ចូលរួមប្រើប្រាស់ផលិតផល ក្នុងស្រុក ឱ្យបានច្រើនជាអតិបរមា ដើម្បីពង្រីកសកម្មភាព ពាណិជ្ជកម្មនៅមូលដ្ឋាន ពង្រឹងសមត្ថភាពផលិតកម្ម កសាងតម្លៃបន្ថែម លើផលិតផល និងសេវា បង្កើតការងារជូនប្រជាជន និងទប់ស្កាត់ការធ្វើចំណាកស្រុករបស់យុវជន។ សកម្មភាពពាណិជ្ជកម្មនេះ បានផ្សារភ្ជាប់គ្នា ពីតំបន់ផលិតកម្ម មកទីផ្សារ ដោយបានធ្វើការជ្រើសរើស ប្រមូលកៀគរផលិតផល ពីគ្រប់បណ្តាញ រាប់ចាប់តាំងពី ផលិតផល ដែលស្ថិត នៅក្នុងចលនាភូមិ១ ផលិតផល១ ជាដើម មកប្រមូលផ្តុំគ្នាបង្កើតជាឱកាសទីផ្សារ។

ជាមួយគ្នាដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានជំរុញលើកទឹកចិត្ត ដល់ផលិតករ សេវាករ និងពាណិជ្ជករ ធ្វើអាជីវកម្ម ប្រកបដោយភាពសុច្ចរិត និងខិតខំបង្កើតគំនិតច្នៃប្រឌិត អភិវឌ្ឍន៍ផលិតផល និងសេវាកម្មថ្មីៗ ប្រកបដោយគុណភាព សោភ័ណភាព សុវត្ថិភាព និងមានតម្លៃសមរម្យ សម្រាប់បម្រើសេចក្តីត្រូវការទីផ្សារ ជាពិសេស សូមអំពាវនាវ ដល់ជនរួមជាតិទាំងអស់ ចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ ឱ្យបានច្រើន។