កិច្ចប្រជុំលើកទី៤ របស់ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍

10 10 2019

(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសជំរុញក្រសួង​ ស្ថាប័នពាក់ព័ន្ធ​ ខិតខំប្រែក្លាយសហគមន៍ ដែលមិនទាន់មាន សកម្មភាពទេសចរណ៍ ទៅជាសហគមន៍ ដែលអាចទាក់ទាញភ្ញៀវទេសចរ ឱ្យទៅទស្សនាបាន តាមរយៈការបញ្ចូល សកម្មភាពទេសចរណ៍ ការរុករកនិងបង្កើត ផលិតទេសចរណ៍ថ្មីៗ ក្នុងសហគមន៍ បើទោះបីស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួង ណាមួយក៏ដោយ។

ការជំរុញយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៤ របស់ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍។

ក្រោយបញ្ចប់កិច្ចប្រជុំ លោក ជុក ជំនោរ ប្រធាននាយកដ្ឋាន អភិវឌ្ឍន៍ផលិតផល ទេសចរណ៍ បានឱ្យដឹងថា អង្គប្រជុំបានជំរុញ លើកទឹកចិត្ត ឱ្យសហគមន៍នានា ខិតខំបញ្ចូលសកម្មភាពទេសចរណ៍ ទៅក្នុងមូលដ្ឋានរបស់ខ្លួន មិនថាសហគមន៍នោះ ស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រសួងទេសចរណ៍ ឬក្រសួងណាមួយឡើយ។

លោក ជុក ជំនោរ បានបន្តថា តាមការធ្វើបច្ចុប្បន្នភាពចុងក្រោយ សហគមន៍ ដែលចំណុះក្រោមការគ្រប់គ្រង របស់ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានចំនួនសរុបជាង ២,៣០០កន្លែង ក្នុងនោះសហគមន៍ ដែលកំពុងមាន សកម្មភាព ទេសចរណ៍មានចំនួន ១២៥កន្លែង។

ក្នុងចំណោមនោះ ក្រសួងទេសចរណ៍ មានសហគមន៍ចំនួន ៧៩កន្លែង ក្នុងខេត្តចំនួន២០ ដែលកំពុងប្រតិបត្តិការ ក្នុងនាមជាសហគមន៍ ទេសចរណ៍, ក្រសួងបរិស្ថាន មានសហគមន៍ តំបន់ការពារធម្មជាតិចំនួន ១៦៨កន្លែង (២០សហគមន៍ មានបញ្ចូល សកម្មភាពទេសចរណ៍)។ ដោយឡែក ក្រសួង-ស្ថាប័នផ្សេងៗ ក៏បានកំពុងធ្វើបច្ចុប្បន្នភាព កិច្ចការនេះផងដែរ។

លោកបានបន្ថែមថា អង្គប្រជុំក៏បានជំរុញ ឱ្យមានការបណ្ដុះបណ្ដាល ដល់ប្រជាសហគមន៍នូវស្ដង់ដា បច្ចេកទេស ក៏ដូចជាចំណេះដឹង ពាក់ព័ន្ធនឹងការទទួលបដិសណ្ឋារកិច្ច និងការពារសុវត្ថិភាព ជូនភ្ញៀវទេសចរ បញ្ហាការពារបរិស្ថាន ការទុកដាក់សំរាម ការពង្រឹងគុណភាពសេវាកម្ម និងអនាម័យជាដើម។

បើតាមលោក ជុក ជំនោរ បញ្ហាជំរុញការកសាងផ្លូវតភ្ជាប់ ទៅកាន់សហគមន៍ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការតបណ្ដាញទឹកស្អាត បណ្ដាញអគ្គិសនី បណ្ដាញទូរគមនាគមន៍ ក៏ត្រូវបានជំរុញយ៉ាងម៉ឺងម៉ាត់ នៅក្នុងអង្គប្រជុំផងដែរ។

សូមជម្រាបថា ការអភិវឌ្ឍសហគមន៍ទេសចរណ៍ បានរួមចំណែកដ៏សំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរ ពន្យារពេលស្នាក់នៅ របស់ទេសចរ និងចំណូលផ្ទាល់ទៅ ដល់ប្រជាជនមូលដ្ឋាន។ ជាក់ស្តែង តាមការព្យាករណ៍ របស់អង្គការទេសចរណ៍ ពិភពលោក (UNWTO) វិស័យទេសចរណ៍វប្បធម៌ មានចំណែកទីផ្សារប្រមាណ ៥០% នៃទីផ្សារទេសចរណ៍សកលលោក ហើយមានកំណើន ប្រចាំឆ្នាំក្នុងអត្រាប្រមាណ ៦%។

ដោយឡែក សម្រាប់វិស័យទេសចរណ៍កម្ពុជា ដែលជាទេសចរណ៍វប្បធម៌ និងធម្មជាតិ វិស័យទេសចរណ៍ វប្បធម៌ប្រវត្តិសាស្ត្រ មានចំណែកទីផ្សារ ប្រមាណ ៥០% នៃទីផ្សារសរុប ហើយទេសចរណ៍ តំបន់ឆ្នេរមានចំណែកទីផ្សារ ប្រមាណ ២០% អេកូទេសចរណ៍ ប្រមាណ ២០% និងទីផ្សារទេសចរណ៍កីឡា និងកម្សាន្តផ្សេងៗទៀត៕