ជំនួបសម្តែងការគួរសមពីសំណាក់ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា

10 10 2019

ថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួប ស​ម្តែងការគួរសម និងស្វាគមន៍ ពីសំណាក់ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួង និងគណៈប្រតិភូជប៉ុន។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ទៅដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រ នូវគម្រោងអភិវឌ្ឍន៍នានា ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា និងបានបង្ហាញ ពីទំនាក់ទំនងជិតស្និត និងសង្ឃឹមយ៉ាងម៉ុតមាំ រវាងរាជរដ្ឋាភិបាល ជប៉ុន និងកម្ពុជា ឱ្យកាន់តែរីកចម្រើន។

ឯកឧត្តម ឯកអគ្គរាជទូត បានកត់សម្គាល់ពីភាពរីកចម្រើន និងការអភិវឌ្ឍ របស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន បើប្រៀបធៀប ទៅនឹងកាលពីឆ្នាំ២០០២ ដែលឯកឧត្តម ធ្លាប់បានមក ទស្សនៈកិច្ចកម្ពុជា នៅពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ ASEAN Summit។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបង្ហាញអំពីគម្រោងនានា ដែលភាគីជប៉ុន តែងតែជួយគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា រួមមានគម្រោង Port EDI និងគម្រោងទំនើបកម្ម ប្រព័ន្ធចុះបញ្ជី ត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្តជាដើម។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានរំលឹកឡើងវិញទៅកាន់ ឯកអគ្គរាជទូត ចំពោះកិច្ចពិភាក្សា ជាមួយទីភ្នាក់ងារ JICA ពាក់ព័ន្ធទៅនឹងការបង្កើត យានដ្ឋានជួសជុល រថយន្តតាមបទដ្ឋានបច្ចេកទេស ស្តង់ដារអន្តរជាតិ ព្រមទាំងការគាំទ្រ ដល់ក្រុមហ៊ុនវិនិយោគនានា ដែលមកផ្តល់ នូវការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត របស់ជប៉ុននៅកម្ពុជា ក៏ដូចជាសំណើ ទៅកាន់ទីភ្នាក់ងារ JICA ដែលបានជួយសិក្សា ទៅលើការអភិវឌ្ឍផែនការមេ នៅកំពង់ផែ (Port Development Master Plan) និងផែនការមេភស្តុភារកម្ម (Logistics Master Plan )។

ឯកឧត្តមឯកអគ្គរាជទូត ក៏បានបង្ហាញឆន្ទ:របស់ខ្លួនផងដែរ ក្នុងការបន្ត និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា និងជប៉ុន ដើម្បីជួយដល់កម្ពុជា ក្នុងការអភិវឌ្ឍប្រទេស ឱ្យឈានឡើងមួយកម្រិតទៀត។ លើសពីនេះទៀត ឯកឧត្តម ទេសរដ្ឋមន្រ្តី បានស្នើឱ្យឯកឧត្តម ឯកអគ្គរាជទូត នៅបន្តជួយជំរុញលើកទឹកចិត្ត ក្រុមហ៊ុនជប៉ុន ឱ្យមកវិនិយោគជប៉ុន នៅកម្ពុជាឱ្យបានច្រើនថែមទៀត ៕