កម្ពុជា និងប៊ុលហ្គារី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស

16​ 10 2019

(សូហ្វីយ៉ា (Sofia) ប៊ុលហ្គារី)៖ នាវេលាថ្ងៃត្រង់ នៅថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម តំណាងរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស រវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលប៊ុលហ្គារី ជាមួយ ឯកឧត្តម Emil Karanikolov រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច នៃសាធារណរដ្ឋប៊ុលហ្គារី ដើម្បីបង្កើនការទំនាក់ទំនង និងមិត្តភាពជាប្រពៃណី រវាងភាគីទាំងពីរ ជាពិសេសការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ក្នុងវិស័យ សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស ដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមក។

កិច្ចព្រមព្រៀងនេះ គឺពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច របស់ភាគីទាំងពីរ ដោយគ្របដណ្តប់ លើវិស័យសំខាន់ៗជាច្រើន រាប់ចាប់តាំងពីការធ្វើពាណិជ្ជកម្ម វិនិយោគ ឧស្សហកម្ម កសិកម្ម សំណង់ ដឹកជញ្ជូន និងភ័ស្តុភារ (Logistics) បរិស្ថាន ថាមពល សុខាភិបាល ទូរគមនាគន៍ ព័ត៌មានវិទ្យា ពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) បច្ចេកវិទ្យា អប់រំ ទេសចរណ៍ កម្មសិទ្ធិបញ្ញា ហិរញ្ញវត្ថុ និងធនាគារ ធានារ៉ាប់រង វិទ្យាសាស្ត្រ និងការស្រាវជ្រាវ ព្រមទាំងកិច្ចសហប្រតិបត្តិការ សហគ្រាសធុនតូច និងមធ្យម ដើម្បីបម្រើការអភិវឌ្ឍកំណើន សេដ្ឋកិច្ចគ្នាទៅវិញទៅមក។

ក្រៅពីនេះ វិស័យផ្សេងទៀត ក៏នឹងត្រូវបានប្រមុខរដ្ឋាភិបាល នៃប្រទេស កម្ពុជា-ប៊ុលហ្គារី បានឯកភាពគ្នា លើវិធានសម្រាប់ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចបន្ថែមផងដែរ ជាពិសេសការលើកទឹកចិត្ត ក្នុងការបង្កើតធុរកិច្ចថ្មី និងការពង្រឹងទំនាក់ទំនង ធុរកិច្ចដែលមានស្រាប់ ដើម្បីជំរុញទំនាក់ទំនង និងដំណើរទស្សនកិច្ច ទៅវិញទៅមក របស់ឯកជន និងសហគ្រិន រួមទាំងការផ្លាស់ប្តូរ ព័ត៌មានធុរកិច្ច ការចូលរួម ក្នុងការតាំងបង្ហាញសាធារណៈ និងពិព័រណ៍អន្តរជាតិ ផ្តល់ការជួយគាំទ្រ ក្នុងការរៀបចំព្រឹត្តិការណ៍ សម្រាប់អ្នកតំណាង ធុរកិច្ច កម្មវិធីសិក្ខាសាលា សន្និសីទវិទ្យាសាស្ត្រ និងកិច្ចប្រជុំនានា។

តាមរយៈការចុះកិច្ចព្រមព្រៀង ថ្ងៃនេះ គេរំពឹងថានឹងជួយបង្កើន ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ថែមទៀត ខណៈដែលបច្ចុប្បន្ន ការធ្វើពាណិជ្ជកម្ម នៅមានចំនួនតិចតួច នៅឡើយ ពោលគឺចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំពាក់កណ្តាលឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ហុងគ្រី មានចំនួនជាង ៣០លានដុល្លារ អាមេរិកប៉ុណ្ណោះ។ ក្នុងនោះកម្ពុជា នាំចេញទៅប៊ុលហ្គារី មានទឹកប្រាក់ ២៥លានដុល្លារអាមេរិក និងនាំចូលមានទឹកប្រាក់ជាង ៥.៥ លានដុល្លារអាមេរិក។

ជាមួយនោះដែរ រដ្ឋមន្ត្រីទាំងពីរ បានឯកភាពនឹងបង្កើត ជាក្រុមការងារចម្រុះមួយ ដើម្បីចូលរួម ក្នុងការអនុវត្តអនុស្សរណៈនេះ ឲ្យមានប្រសិទ្ធភាព ដើម្បីផ្ដល់ផលប្រយោជន៍ ទៅវិញទៅមក រវាងប្រទេសទាំងពីរ។

សូមជម្រាបថា ពិធីចុះកិច្ចព្រមព្រៀង ដ៏សំខាន់នេះ ត្រូវបានធ្វើឡើងស្របគ្នា នឹងដំណើរទស្សកិច្ចផ្លូវការ រយៈពេល ២ថ្ងៃ របស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងសូហ្វីយ៉ា (Sofia) សាធារណរដ្ឋប៊ុលហ្គារី។