ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អនុញ្ញាឱ្យវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្របន្ថែមការបង្រៀនភាសាកូរ៉េ និងជប៉ុន ដើម្បីបំពេញតម្រូវការទីផ្សារការងារ

16​ 10 2019

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាត ឱ្យវិទ្យាស្ថានជាតិ​ពាណិជ្ជសាស្ត្រ​បន្ថែមការបណ្ដុះបណ្ដាល ភាសាកូរ៉េ និងជប៉ុន ដើម្បីឆ្លើយតបនឹងតម្រូវការ ទីផ្សារការងារ នាពេលបច្ចុប្បន្ន និងទៅអនាគត ពិសេសគឺឆ្លើយតប ទៅនឹងការបញ្ជូនពលករ ទៅធ្វើការ នៅក្រៅប្រទេស ក្រោយមានការស្នើសុំផ្ទាល់ ពីនាយកវិទ្យាស្ថានជាតិមួយនេះ។

ការស្នើ និងអនុញ្ញាត ឱ្យមានការបន្ថែមការ បណ្ដុះបណ្ដាលភាសាបរទេស ខាងលើនេះ ត្រូវបានធ្វើឡើង ក្នុងឱកាសដែលឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញសំណេះសំណាល ជាមួយសាស្ត្រាចារ្យ មន្ត្រីរាជការ និងបុគ្គលិក នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ស្ថិតក្នុងសង្កាត់ ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។

ក្រៅពីនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ក៏បានឱ្យវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ពិចារណាបន្ថែមការបណ្ដុះបណ្ដាល ជំនាញសេវាកម្មទេសចរណ៍ ទំនាក់ទំនងអន្តរជាតិ និងទំនាក់ទំនង ពាណិជ្ជកម្មអន្តរជាតិផងដែរ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍មួយចំនួន ដល់វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ត្រូវពង្រីកសមត្ថភាព បង្រៀនរបស់គ្រូ និងសាស្ត្រាចារ្យ ពីកម្រិតបរិញ្ញាបត្រ ទៅដល់កម្រិតអនុបណ្ឌិត និងបណ្ឌិត តាមរយៈការសិក្សាបន្ត នៅក្នុងប្រទេស ពិសេសនៅក្រៅប្រទេស។

ក្រៅពីនេះ ត្រូវបន្តពង្រឹងបរិយាកាសការងារ និងសាមគ្គីភាពផ្ទៃក្នុង ឱ្យបានល្អថែមទៀត ត្រូវមានវិធីសាស្ត្រគ្រប់គ្រងដឹកនាំ ប្រកបដោយតម្លាភាព គណនេយ្យភាព តាមទ្រឹស្ដី «ទឹកត្រជាក់ត្រីកុំ» ព្រមទាំងបន្តអនុវត្ត តាមអភិក្រម «មុជទឹក ដុះក្អែល ឆ្លុះកញ្ចក់ ព្យាបាល វះកាត់» និងពង្រីកដៃគូ នៅក្រៅប្រទេស ទស្សនាកិច្ចសិក្សា ផ្លាស់ប្ដូរគ្រូ និងរៀបចំឱ្យមានកម្មសិក្សា ដល់សិស្សទាំងក្នុង និងក្រៅប្រទេសថែមទៀត។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះសាស្ត្រាចារ្យ គ្រូ បុគ្គលិកសិក្សា សិស្សនិស្សិតក្នុងវិទ្យាស្ថាន ដែលបានចូលរួមការពារ សុខសន្តិភាព ស្ថិរភាពនយោបាយ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពិសេសសូមកុំចូលរួមជាមួយ ក្រុមមួយក្តាប់តូច ដែលព្យាយាមបំផ្លិចបំផ្លាញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា។

សូមជម្រាបថា ការចុះពិនិត្យផ្ទាល់ នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រនេះ គឺជាលើកទី៣ ហើយបន្ទាប់ពីស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា (NPIC) និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈខេត្តកំពង់ស្ពឺ។

ការចុះតាមគ្រឹះស្ថានបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈនេះ គឺធ្វើឡើងស្របពេល ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងអនុវត្ត យុទ្ធសាស្ត្រទំនើបកម្មប្រព័ន្ធ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងដាក់ចេញអនុសាសន៍ ជំរុញឱ្យគ្រឹះស្ថានអប់រំទាំងអស់ ដែលស្ថិតក្រោមឱវាទ របស់ខ្លួន ត្រូវយកចិត្តទុកដាក់ អនុវត្តយុទ្ធសាស្ត្រនេះ ប្រកបដោយប្រសិទ្ធភាព ទៅដល់សិក្ខាកាម ដើម្បីឆ្លើយតបនឹងការរីកចម្រើន បច្ចេកវិទ្យាទំនើប ឬបដិវត្តឧស្សាហកម្ម ៤.០។

គោលបំណង នៃការចុះ តាមគ្រឹះស្ថានបណ្ដុះបណ្ដាលនេះ ដើម្បីជំរុញលើកទឹកចិត្ត ក្នុងការអនុវត្ត នូវគោលនយោបាយជាតិ ស្ដីពី ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ និងអនុវត្ត ទៅតាមផែនការអាទិភាពទី២ ដែលបានដាក់ចេញ នៅក្នុងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យការងារ និងបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ដែលពង្រឹងបន្ថែម ទៅលើទំនើបកម្មប្រព័ន្ធអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ (TVET)៕