សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ កំពុងអនុវត្តច្បាប់យ៉ាងតឹងរឹង ចំពោះក្រុមឧក្រិដ្ឋជនចូលរួមផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

21 10 2019

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ បានអះអាងថា សមត្ថកិច្ចគ្រប់លំដាក់ថ្នាក់ គ្រប់ផ្នែក ពាក់ព័ន្ធទាំងអស់ បាននិងកំពុងអនុវត្តវិធានការច្បាប់ យ៉ាងតឹងរ៉ឹង ជាបន្តបន្ទាប់ ចំពោះក្រុមឧក្រិដ្ឋជន ទាំងឡាយណាស ដែលមានគំនិត ចូលរួមក្នុងផែនការ ប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់តាមការប្រកាស របស់ទណ្ឌិត សម រង្ស៉ី មេចលនាឧទាមខុសច្បាប់ ដើម្បីបង្ការ ទប់ស្កាត់ និងបំផ្លាញចោល រាល់សកម្មភាពទាំងនេះ។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News លោក គឹម សន្តិភាព ក៏បានបន្តក្រើនរំលឹកជាថ្មី ទៅក្រុមមនុស្ស ដែលគាំទ្រឧក្រិដ្ឋជន សម រង្ស៉ី ក្នុងផែនការប៉ុនប៉ង ធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខឲ្យចូលខ្លួន ទៅសារភាពទោសកំហុស ដើម្បីរួចផុតពីការដាក់ទោសទណ្ឌ តាមផ្លូវច្បាប់។

អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សមត្ថកិច្ចគ្រប់លំដាក់ថ្នាក់ គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ បាននឹងកំពុងអនុវត្តវិធាន ការច្បាប់យ៉ាងតឹងរ៉ឹង ចំពោះក្រុមឧក្រិដ្ឋជនទាំងនេះ ជាបន្តបន្ទាប់ ដើម្បីបង្ការ ទប់ស្កាត់ និងបំផ្លាញចោល រាល់សកម្មភាពទាំងនេះ។ ការសារភាព មិនចូលរួម នឹងសកម្មភាពទាំងនេះ ជាជម្រើសតែមួយគត់ ដើម្បីការពារអ្នកឲ្យរួចផុតពីទោសទណ្ឌ»។

ការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ ក្រសួងយុត្តិធម៌បែបនេះ បានធ្វើឡើងបន្ទាប់ ពីឧក្រិដ្ឋជន សម រង្ស៉ី ធ្វើកិច្ចសម្ភាសន៍ ជាមួយវិទ្យុអាស៉ីសេរី (RFA) ដោយបានថ្លែង និងអុចអាលប្រជាពលរដ្ឋកម្ពុជា យ៉ាងដូច្នេះថា៖ «៩ វិច្ឆិកានេះ ប្រជារាស្ត្រត្រូវតែងើបឈរ យើងទៅទាត់ផ្ទះមេភូមិ យើងទៅទាត់ស្នងការប៉ូលីស…»។

បើតាមលោក គឹម សន្តិភាព សម្តីរបស់ឧក្រិដ្ឋជន សម រង្ស៉ី គឺជាសម្តីអ្នកមានចរិត ធ្វើរដ្ឋប្រហារ ដែលតែងតែពោលបែបនេះឯង។ លោកថ្លែងថា តាមរយៈសម្តីនេះ គឺជាផែនការមួយ នៃផែនការជាច្រើនទៀត របស់ឧក្រិដ្ឋជន សម រង្ស៉ី និងបក្សពួក ក្នុងការធ្វើឲ្យកើតមានរដ្ឋប្រហារ ផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ នាថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ។

សូមបញ្ជាក់ថា ឧក្រិដ្ឋជន សម រង្ស៉ី បានប្រកាស នឹងវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ខាងមុខ ដើម្បីប្រឆាំង និងផ្តួលរបបដឹកនាំ ដោយលោក ហ៊ុន សែន បច្ចុប្បន្ន។ ការវិលត្រឡប់នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា ជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ រាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត៕