ប្រធានក្រុមហ៊ុនកែច្នៃកៅស៊ូ ហ៊ាង សេងហ៊ត់ ជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តត្បូងឃ្មុំ

21 10 2019

(ត្បូងឃ្មុំ)៖ ឆ្លងកាត់ការរៀបចំ បោះឆ្នោតជ្រើសរើស ប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តត្បូងឃ្មុំ ធ្វើឡើង នៅមន្ទីរពាណិជ្ជកម្ម ខេត្តត្បូងឃ្មុំ ចាប់ផ្ដើមពីម៉ោង ៨ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៩ រហូតដល់ម៉ោង៣ រសៀលថ្ងៃដដែលនេះ ជាលទ្ធផល លោក​ សុខ ហ៊ាង ប្រធានក្រុមហ៊ុន កែច្នៃកៅស៊ូ ហ៊ាង សេងហ៊ត់ ក្នុងស្រុកពញាក្រែក ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តត្បូងឃ្មុំ ដោយក្នុងនោះមានសមាជិកចំនួន ១៤រូប។

ការបោះឆ្នោតនេះ ប្រព្រឹត្តិទៅ ក្រោមអធិបតីភាព លោក ម៉ៅ ថូរ៉ា និងលោក វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស្រី នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ និងលោកឧកញ៉ា ងួន ម៉េងតិច តំណាងសភាពាណិជ្ជកម្មកម្ពុជា។

បន្ទាប់ពីជាប់ឆ្នោត លោក​ សុខ ហ៊ាង បានប្ដេជ្ញាចិត្តថា នឹងពង្រឹងសាមគ្គីភាពផ្ទៃក្នុង របស់សភាពាណិជ្ជកម្មខេត្ត ខិតខំប្រឹងប្រែងស្វែងរកទីផ្សារ ជូនប្រជាពលរដ្ឋ ដែលផលិតកសិផលបាន និងបន្តគៀងគរអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក មករកស៊ីនៅក្នុងខេត្ត បានច្រើន បន្ថែមទៀត ជាពិសេសរកអ្នកវិនិយោគ ដែលធ្វើការវិនិយោគឲ្យត្រូវទៅ និងមុខរបរ របស់អាជីវករ ដែលកំពុងប្រកបរបររកស៊ី នាពេលបច្ចុប្បន្ននេះ ។

ក្នុងឱកាសនោះ លោក ម៉ៅ ថូរ៉ា បានលើកឡើងថា សភាពាណិជ្ជកម្ម ខេត្តត្បូងឃ្មុំ គឺជាស្ថាប័នតំណាងវិស័យឯកជនក្នុងខេត្ត ដែលបានទាក់ទាញ ការវិនិយោគ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ខេត្តឲ្យមានការរីកចម្រើន ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីបង្កើតការងារលើកកម្ពស់ សហគ្រាសធុនតូច និងមធ្យម សហគ្រិនភាព ពង្រឹងភាពប្រកួតប្រជែង ក្បាលម៉ាស៊ីន និងជំរុញសេដ្ឋកិច្ចក្នុងខេត្ត ឲ្យមានដំណើរការបានឆាប់រហ័ស បន្ថែមទៀត។

គណៈអធិបតី ក៏បានណែនាំ ដល់លោកប្រធាន និងសមាជិកសភាពាណិជ្ជកម្ម ខេត្តត្បូងឃ្មុំ ដែលទើបជាប់ឆ្នោតថ្មីទាំងអស់ ត្រូវប្រកាន់ នូវសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ជាមួយដៃគូរ វិនិយោគទាំងឯកជន និងរដ្ឋ ដើម្បីលើកកម្ពស់ កម្រិតជីវភាពពលរដ្ឋ កសាងសេដ្ឋកិច្ចជាតិ ឲ្យកាន់តែខ្លាំងក្លា ឆ្ពោះទៅមុខក្រោមម្លប់ នៃសន្តិភាព ដែលកម្ពុជា កំពុងតែមាន នៅពេលបច្ចុប្បន្ននេះ៕