សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលជួបជូនពរ និងពិភាក្សាការងារជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី

20 10 2019

នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចូលជួបជូនពរ និងពិភាក្សាការងារ ដោយផ្ទាល់​ជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី។ ជាកិច្ចចាប់ផ្តើម នៃជំនួប លោកប្រធានាធិបតីឥណ្ឌូនេស៊ី បានថ្លែងអំណរគុណ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានអញ្ជើញចូលរួម ក្នុងពិធីស្បថចូលកាន់តំណែង របស់លោក។ លោកក៏បានអរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានជំរុញកិច្ចសហការទ្វេភាគី ដ៏រឹងមាំរវាងឥណ្ឌូនេស៊ី និងកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ លោកប្រធានាធិបតី ដែលបានអញ្ជើញលោក និងគណៈ ប្រតិភូចូលរួមក្នុងពិធី ហើយលោកពិតជារីករាយ ក្នុងការចូលរួមពិធី ដ៏សែនមានអត្ថន័យមួយនេះ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បាននាំយក នូវព្រះរាជបន្ទូលផ្តាំផ្ញើ សាកសួរសុខទុក្ខ របស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ ជូនលោកប្រធានាធិបតីផងដែរ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា ក្នុងអាណត្តិថ្មីនេះ លោកប្រធានាធិបតី នឹងរកពេលវេលាសមស្រប ទៅទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរ ខណៈអតីតប្រធានាធិបតីឥណ្ឌូនេស៊ី ចំនួន៤រូបមកហើយ បានបំពេញទស្សនកិច្ច នៅកម្ពុជា។ លោក ក៏បានលើក ពីបញ្ហារបស់ទីម័រ ដែលចង់ក្លាយ ជាសមាជិកអាស៊ានផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញក្តីសង្ឃឹមថា ប្រទេសសមាជិកអាស៊ានទាំងអស់ នឹងសម្រេចពីការចង់ក្លាយ ជាសមាជិកអាស៊ាន របស់ប្រទេសទីម័រខាងកើត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាទីក្រុងបាងកក នៅចុងឆ្នាំនេះ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថា ប្រទេសទីម័រខាងកើត បានខិតខំគ្រប់លទ្ធភាព ដើម្បីក្លាយជាសមាជិកអាស៊ាន ជាពិសេស បានបើកស្ថានទូត នៅប្រទេសទាំង១០ នៃសមាជិកអាស៊ាន។ លោកសង្ឃឹមថា ប្រធានាធិបតីឥណ្ឌូនេស៊ី នឹងគាំទ្រប្រទេសទីម័រ ជាសមាជិក របស់អាស៊ាន។

លោកប្រធានាធិបតីឥណ្ឌូនេស៊ី គាំទ្រការលើកឡើង របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការអនុញ្ញាត ឱ្យទីម័រក្លាយជាសមាជិកទី១១ របស់អាស៊ាន ហើយឥណ្ឌូនេស៊ីគាំទ្រ ប្រទេសទីម័រ។ លោកប្រធានាធិបតី បានលើកឡើងថា ជារឿងដ៏ល្អ សម្រាប់ការអនុញ្ញាត ឱ្យទីម័រក្លាយជាសមាជិកអាស៊ាន។

សម្រាប់បញ្ហា ទំនាក់ទំនងទ្វេភាគីវិញ លោកប្រធានាធិបតី បានមើលឃើញ មានការវិវឌ្ឍន៍យ៉ាងល្អប្រសើរ។ ដូចជាវិស័យសុខាភិបាល ប្រទេសទាំងពីរ មានការវិនិយោគរួមគ្នា ហើយវិស័យដឹកជញ្ជូនវិញ ប្រទេសទាំងពីរ មានការហោះហើរត្រង់ ជាមួយគ្នាផងដែរ។ ប៉ុន្តែលោកប្រធានាធិបតី មើលឃើញថា នៅមានវិស័យជាច្រើនទៀត ដែលមានសក្តានុពល ហើយត្រូវយកចិត្តទុកដាក់បន្ថែម ដូចជាការដឹកជញ្ជូនផ្លូវដែក និងតាមផ្លូវទឹកជាដើម។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ លោកប្រធានាធិបតី ចូកូ វីដូដូ នឹងស្បថចូលកាន់តំណែង ជាប្រធានាធិបតី របស់ឥណ្ឌូនេស៊ី សម្រាប់អាណត្តិទី២ របស់លោកពីឆ្នាំ២០១៩ ដល់ ២០២៤ បន្ទាប់ពីលោកបានឈ្នះឆ្នោត កាលពីខែមេសា កន្លងទៅនេះ។

ពិធីចូលកាន់តំណែង របស់លោក នឹងត្រូវប្រារព្ធ ធ្វើឡើងយ៉ាងអធឹកអធម ដោយមានការអញ្ជើញ ចូលរួមពីមេដឹក នាំប្រទេស សមាជិកអាស៊ាន និងមេដឹកនាំប្រទេស ជាមិត្តមួយចំនួនទៀត៕