ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសជប៉ុន ប្រចាំកម្ពុជា កោតសរសើរពីការរីកចម្រើនរបស់កម្ពុជា

31​ 10 2019

នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាត​ ឲ្យលោក Masahiro MIKAMI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ហើយលោកបានសម្តែង នូវការអបអរសាទរ ចំពោះលោក Masahiro MIKAMI ដែលបានមកបំពេញការងារ ជាឯកអគ្គរដ្ឋទូតថ្មី របស់ប្រទេសជប៉ុន ប្រចាំកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានវាយតម្លៃខ្ពស់​ អំពីបទពិសោធន៍ការងារការបរទេស ដ៏ប៉ិនប្រសប់របស់លោក Masahiro MIKAMI ថានឹងមានភាពងាយស្រួល ដល់ការបំពេញការងារ នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការបញ្ជាក់ថា ចាប់ពីនេះតទៅ ស្ថានឯកអគ្គរដ្ឋទូត សូមធ្វើការទំនាក់ទំនង ជាមួយទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា លើបញ្ហាសំខាន់ៗជាច្រើន រួមទាំងកិច្ចការងារ របស់អង្គជំនុំជម្រះវិសាមញ្ញ នៃតុការកម្ពុជា (អ.វ.ត.ក) និងអគារមជ្ឈមណ្ឌល តម្កល់ឯកសារច្បាប់ ( LDC ) ផងដែរ។

ឯកឧត្តម ប៊ិន ឈិន បានមានប្រសាសន៍បន្ថែមថា កន្លងមកប្រទេសជប៉ុន គឺជាប្រទេស ដែលបានផ្តល់ជំនួយ ជាថវិកាច្រើនជាងគេ ដែលមានទឹកប្រាក់ ចំនួនប្រមាណ ៨៧លានដុល្លារអាមេរិក លើចំនួនសរុប ៣១១លានដុល្លារអាមេរិក ដល់ អ.វ.ត.ក មិនត្រឹមតែប៉ុណ្ណោះទេ កាលពីឆ្នាំ២០១២ រដ្ឋាភិបាលប្រទេសជប៉ុន ក៏បានជួយកសាងអគារ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ( LDC ) និង គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា អស់ទឹកប្រាក់២,២លានដុល្លារអាមេរិក ហើយកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩កន្លងនេះ ជប៉ុន ក៏បានសម្រេចផ្តល់ថវិកា ចំនួនប្រមាណជាង២៥១ ០០០ដុល្លាអាមេរិក បន្ថែមទៀត ដើម្បីជួយទ្រទ្រង់ គម្រោងការងាររបស់ LDC សម្រាប់រយៈពេល៣ឆ្នាំខាងមុខផងដែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានចាត់ទុកបេសកកម្មការទូត របស់លោក Masahiro MIKAMI នៅកម្ពុជា គឺជាការបន្តមរតករ ពីឯកឧត្តមឯកអគ្គរដ្ឋទូតមុន និងដើម្បីបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងកម្ពុជា ជប៉ុនឱ្យកាន់ តែមានភាពល្អប្រសើរឡើង និងក៏បានស្នើសុំ ឯកអគ្គរដ្ឋទូតជប៉ុន មេត្តាជួយសម្របសម្រួល ជាមួយរដ្ឋាភិបាលជប៉ុន ដើម្បីបន្តជួយផ្តល់ ទាំងជំនួយឥតសំណង ឬជំនួយជាប្រាក់កម្ចី ក្នុងរបៀបជាសម្បទាន ដើម្បីការកសាង និងអភិវឌ្ឍរីកចម្រើន សម្រាប់កម្ពុជាផងដែរ។

លោក Masahiro MIKAMI ឯកអគ្គរដ្ឋទូតជប៉ុនថ្មី បានសម្តែង នូវការអរគុណយ៉ាងកក់ក្តៅ និងសេចក្តីសោមនស្សរីករាយ ជាទីបំផុត ដែលបានមកធ្វើការ ជាឯកអគ្គរដ្ឋទូត ប្រទេសជប៉ុន ប្រចាំកម្ពុជា ជាលើកដំបូង។ ប៉ុន្តែទោះយ៉ាងនេះក្តី លោក Masahiro MIKAMI ក៏បានស្វែងយល់ផងដែរ អំពីស្ថានភាពពិតរបស់កម្ពុជា បើប្រៀបធៀប ពីពេលកន្លងទៅគឺលោក Masahiro MIKAMI មានប្រសាសន៍ថា កម្ពុជាបច្ចុប្បន្ន មានការអភិវឌ្ឍន៍រីកចម្រើន ដ៏អស្ចារ្យ និងថាកម្ពុជា គឺជាប្រទេសដ៏ល្អ។

ឯកអគ្គរដ្ឋទូតជប៉ុនថ្មី បានប្តេជ្ញាចិត្តខ្ពស់ថា នឹងពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូរទ្វេភាគី លើវិស័យផ្សេងៗ ជាច្រើន ទាំងផ្នែក នយោបាយ សេដ្ឋកិច្ច វប្បធម៌ជាដើម ឱ្យកាន់តែរឹងមាំ ក្នុងនោះគាំទ្រដំណើរការ របស់សាលាក្តីខ្មែរក្រហម គឺជាការចូលរួមព្រឹងសន្តិភាព និងនីតិរដ្ឋ និងគាំទ្រ LDC គឺជាការថែរក្សា និងលើកកំពស់ កេរដំណែលប្រវត្តិសាស្រ្ត សម្រាប់មនុស្សជំនាន់ក្រោយ។ នៅទីបញ្ចប់ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានជូនពរដល់លោក Masahiro MIKAMI សូមបំពេញ បេសកកម្មការទូតនៅកម្ពុជា ឱ្យបានសមប្រកប នូវជោគជ័យគ្រប់ប្រការ៕