ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ជា សុផារ៉ា អញ្ជើញចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកចំនួន៤០០គ្រួសារ

31​ 10 2019

កំពង់់ស្ពឺ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយនឹងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងមន្ត្រីពាក់ព័ន្ធនានា​នៅក្នុងគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II) បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចែក វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនសម្បទានិកចំនួន ៤០០គ្រួសារ និងសម្ពោធសមិទ្ធផលនានា នៅក្នុងទីតាំងសម្បទាន ដីសង្គមកិច្ច របស់គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II) ដែលស្ថិតនៅក្នុង ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

របាយការណ៍ស្វាគមន៍របស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍ ជំហាន២ LASED II គឺជាគម្រោងមួយគាំទ្រ ដល់ការប្រតិបត្តិកម្មវិធី សម្បទានដីសង្គមកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ របស់សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការចែកជូនដី ដល់អ្នកគ្មានដី និងអ្នកក្រីក្រ តាមរយៈដីសម្បទាន សង្គមកិច្ច ដើម្បីលើកកម្ពស់ ការចិញ្ចឹមជីវិត របស់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ។ គម្រោង គឺមានគោលបំណង ដើម្បីបែងចែកដីធ្លី របស់រដ្ឋ ដែលមានលក្ខណៈ សមស្រប សម្រាប់ការរស់នៅ របស់ប្រជាពលរដ្ឋ ដើម្បីប្រកបរបកសិកម្ម ការចិញ្ចឹមសត្វ ការទទួលបាន នូវសេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងសហគមន៍ បង្កើនផលិតភាព ជាមួយនឹងការផ្តល់សេវាកម្ម គាំទ្រសមស្របមួយចំនួន ដល់គ្រួសារ ដែលមានដីធ្លីតិចតួច និងគ្មានដីធ្លីសោះ។

ឯកឧត្តម ក៏បានបន្តទៀតថា គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ បានទទួលហិរញ្ញប្បទាន ពីធនាគារពិភពលោក ដែលមានរយៈពេល ៥ឆ្នាំ ចាប់ពីខែសីហា ឆ្នាំ២០១៦ ដល់ ខែធ្នូ ឆ្នាំ២០២១ ថវិកាសរុប ២៦,៨៦ លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា មានចំនួន ១,៨០ លានដុល្លារសហរដ្ឋអាមេរិក ។ ខេត្តគោលដៅ ជាអាទិភាពចំនួន ៥ត្រូវបានជ្រើសរើស សម្រាប់អនុវត្តគម្រោងឡាសិត ២ នេះ រួមមាន ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ, ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ហើយខេត្តកំពង់ស្ពឺ គឺជាខេត្តគោលដៅមួយ ក្នុងចំណោមខេត្តទាំង៥ ដែលត្រូវបានជ្រើសរើស សម្រាប់អនុវត្តផងដែរ។ ដីសម្បទានសង្គមកិច្ច ដែលត្រូវបានស្នើរសុំ ធ្វើអនុប្រយោគ ជាដីឯកជនរបស់រដ្ឋ តាមអនុក្រិត លេខ២០១អនក្រ.បក ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១១ ដោយកាត់ចេញ ពីគម្របព្រៃឈើឆ្នាំ ២០០២ គ្របដណ្តប់លើផ្ទៃដីសរុប ១,១២០ ហត ដែលមានចំនួន ០២ ទីតាំង ក្នុងនោះទីតាំងទី១ ស្ថិតនៅក្នុងឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានផ្ទៃដីសរុបចំនួន ៣៣០ ហត សម្រាប់ចែក ជូនដល់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ និងទីតាំងទី ២ ស្ថិតនៅឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានផ្ទៃដីសរុបចំនួន ៧៩០ ហត សម្រាប់ចែក ជូនប្រជាពលរដ្ឋក្រីក្រ ស៊ីវិលទូទៅចំនួន ៤០០ គ្រួសារ ដែលបច្ចុប្បន្ននេះ បាននឹងកំពុងអនុវត្ត ដោយគម្រោងឡាសិត ២ ។

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ជា សុផារ៉ា បានកោតសរសើរ ចំពោះអាជ្ញាធរខេត្ត កំពង់ធំដែលបានខិតខំថែរក្សាដី របស់រដ្ឋបានត្រឹមត្រូវ ដើម្បីទុកចែកជូនប្រជាពលរដ្ឋក្រីក្រ និងមានតម្រូវការពិតប្រាកដ។ ឯកឧត្តម ក៏បានកោតសរសើរផងដែរ ចំពោះមន្ត្រីគ្រប់លំដាប់ ថ្នាក់ដែលបានរួមចំណែកអនុវត្ត គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II) ឱ្យទទួលបានជោគជ័យ រហូតមកដល់បច្ចុប្បន្ន ដោយមិនធ្លាប់មាន បាតុភាពណាមួយ កើតឡើងដែលបង្ហាញអំពីការរើសអើង បក្សពួក ឬការចោទប្រកាន់ណាមួយ ពីប្រជាពលរដ្ឋឡើយ។

ទន្ទឹមនឹងនោះឯកឧត្តម ជា សុផារ៉ា បានផ្តាំផ្ញើ ដល់សម្បទានិក ដែលទទួលបានវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ នៅពេលនេះថា មិនត្រូវបញ្ចាំ ឬលក់ដូរដីនេះឡើយ ព្រោះវាជាអាយុជីវិតរបស់បងប្អូន ហើយលោកបានលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋ ព្យាយាមស្វែងរក ប្រភពចំណូល និងបង្កបង្កើនផលបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហានានា ប្រសើរជាងយកដីទៅបញ្ចាំ ឬលក់ ។