ឯកឧត្តម ថោង ខុន៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ពិតជាបានដើរតួនាទីសំខាន់ ក្នុងការផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍កម្ពុជា

04​ 11 2019

(សៀមរាប)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ការពង្រឹងប្រព័ន្ធផ្សព្វផ្សាយនានា ពិសេសតាមរយៈប្រព័ន្ធឌីជីថល ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍កម្ពុជា ក៏ដូចជារួមចំណែកជំរុញកំណើន និងការអភិវឌ្ឍ​វិស័យទេសចរណ៍ ដោយបានចូលរួមអប់រំ​ ប្រជាជនឱ្យបានយល់ដឹង អំពីវិស័យទេសចរណ៍។

ឯកឧត្តម ថោង ខុន បានថ្លែងយ៉ាងដូច្នេះធ្វើឡើង ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីគេហទំព័រ និងកម្មវិធីទូរស័ព្ទឆ្លាត នៃទេសចរណ៍ក្នុងស្រុក Visit Cambodia និងការអនុវត្តការចុះបញ្ជីស្នាក់ នៅទេសចរណ៍អនឡាញ សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលបានរៀបចំឡើង នៅសណ្ឋាគារសុខា ខេត្តសៀមរាប នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា សេដ្ឋកិច្ចឌីជីថល បាននិងកំពុងធ្វើឱ្យរបៀបរបបធ្វើការងារ មានភាពផ្លាស់ប្តូរជាច្រើន នៅតាមបណ្តា ឧស្សាហកម្មនានា ដូចជាសេវាកម្មហិរញ្ញវត្ថុ សេវាកម្មសុខភាព សេវាកម្មទេសចរណ៍ សេវាកម្មកម្សាន្ត មធ្យោបាយដឹកជញ្ជូន និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង។

ផ្អែកលើស្មារតីនេះ វិស័យទេសចរណ៍ ក៏ត្រូវធ្វើការសិក្សា និងពង្រីកបន្ថែម ទីផ្សារទេសចរណ៍ ឱ្យកាន់តែទូលាយ តាមរយៈការជំរុញ ឱ្យមានការបង្កើត ផលិតផលទេសចរណ៍ ដែលមានគុណភាព និងទាក់ទាញ ពិសេសជំរុញការផ្សព្វផ្សាយទេសចរណ៍ តាមរយៈប្រព័ន្ធឌីជីថល ដែលផ្តល់ភាពងាយស្រួល ដល់ភ្ញៀវទេសចរ ក្នុងការស្វែងរកព័ត៌មាន អំពីគោលដៅទេសចរណ៍នានា នៅកម្ពុជាឱ្យកាន់តែប្រសើរ។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ទៀតថា តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ក៏បានចូលរួមអប់រំដល់ប្រជាជនកម្ពុជា ឱ្យបានយល់ដឹងអំពីអត្ថប្រយោជន៍ ដ៏មានតម្លៃ នៃវិស័យទេសចរណ៍ ពោលគឺអត្ថប្រយោជន៍នេះ មិនត្រឹមតែបានផ្សព្វផ្សាយ ទៅដល់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែក៏បានទៅ ដល់ភ្ញៀវទេសចរដទៃទៀត តាមរយៈការទទួលបានបទពិសោធន៍ ការទទួលស្វាគមន៍ ពិសេសការប្រាស្រ័យ ទាក់ទងជាមួយ នឹងប្រជាជនមូលដ្ឋាន កាន់តែប្រសើរ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានដាក់ចេញនូវអនុសាសន៍គន្លឹះចំនួន ៥ចំណុច រួមមាន៖

ទី១៖ ពាក់ព័ន្ធនឹងគេហទំព័រ និងកម្មវិធីទូរស័ព្ទវៃឆ្លាត «Visit Cambodia» លោកបានស្នើឲ្យផ្នែកឯកជន ដែលជាប្រតិបត្តិករទេសចរណ៍ ចូលរួមផ្តល់ព័ត៌មាន ក៏ដូចជាកម្មវិធីបញ្ចុះ តម្លៃពិសេសណាមួយ ក្នុងគោលបំណងពង្រឹង និងពង្រីកសក្តានុពលទេសចរណ៍ នៅខេត្តសៀមរាប ឱ្យបានល្អប្រសើរ និងបង្កើនកំណើនភ្ញៀវទេសចរ ទៅកម្សាន្តឱ្យបានកាន់តែច្រើន ក្នុងន័យធ្វើយ៉ាងណា ជំរុញការ ស្វែងរកគោលដៅ និងសេវាកម្មទេសចរណ៍នានា ដែលក្នុងខេត្តសៀមរាប សំដៅបំផុសចលនាទេសចរណ៍ ទៅកាន់ខេត្តសៀមរាប ដែលជាគោលដៅ ទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ដ៏ល្អរបស់កម្ពុជា។

ទី២៖ ពាក់ព័ន្ធនឹងកញ្ចប់ ទស្សនកិច្ច ក្នុងស្រុក ពិសេសខេត្តសៀមរាប ដើម្បីចូលរួម ក្នុងការអភិវឌ្ឍកញ្ចប់ ទស្សនកិច្ចទេសចរណ៍ និងជំរុញកំណើនភ្ញៀវទេសចរ ទៅកាន់គោលដៅ ខេត្តសៀមរាប លោកបានស្នើ ឲ្យមានការចូលរួម ពីសំណាក់ប្រតិបត្តិករទេសចរ ពិសេសម្ចាស់គ្រប់គ្រង អាជីវកម្មទេសចរណ៍ និងមូលដ្ឋានអាជីវកម្មថ្មីៗ ក្នុងកម្មវិធីបង្កើតកញ្ចប់ទស្សនកិច្ច ពិសេសនេះ តាមរយៈកម្មវិធីនានា ឬការបញ្ចុះតម្លៃពិសេស ទៅលើសេវាកម្មរបស់ខ្លួន ដើម្បីងាយស្រួល ដល់ការជ្រើសរើសគោលដៅ ក៏ដូចជាកញ្ចប់ទស្សនកិច្ច របស់ភ្ញៀវទេសចរ។

ទី៣៖ ពាក់ព័ន្ធនឹងប្រព័ន្ធ ចុះបញ្ជីស្នាក់នៅទេសចរណ៍ អនឡាញ លោកបានស្នើ ដល់គ្រប់ភាគីពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍ ពិសេសប្រតិបត្តិករទេសចរណ៍ នៅក្នុងផ្នែកសេវាកម្មស្នាក់នៅ ទេសចរណ៍ចូលរួម អនុវត្តរាល់ភារកិច្ច ដែលពាក់ព័ន្ធនឹងដំណើរប្រតិបត្តិការ របស់ប្រព័ន្ធចុះបញ្ជីស្នាក់នៅ ទេសចរណ៍ សម្រាប់មូលដ្ឋាន អាជីវកម្មទេសចរណ៍ (www.accommodationregistrar.net)។

ទី៤៖ លោកបានអំពាវនាវ ដល់អាជ្ញាធរ និងរដ្ឋបាលខេត្តសៀមរាប សូមយកចិត្តទុកដាក់បន្ថែម លើការងារសម្អាត និងថែរក្សាអនាម័យ ទីក្រុង (សៀមរាបផ្ទះខ្ញុំ) ក៏ដូចជាទីប្រជុំជន និងគោលដៅទេសចរណ៍ សំខាន់។ កន្លងមក រដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា បានខិតខំស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ ផ្លូវ ថ្នល់ជុំវិញខេត្ត និងគោលដៅទេសចរណ៍សំខាន់ៗ លោកក៏បានអំពាវនាវ ដល់ប្រតិបត្តិករទេសចរណ៍ និងផ្នែកឯកជន ពាក់ព័ន្ធនានា មេត្តាចូលរួម និងបន្តផ្តល់សេវាកម្មប្រកប ដោយការទទួលខុសត្រូវ និងចូលរួម ដល់គ្រប់យុទ្ធនាការថែរក្សា អនាម័យស្អាត របស់ខេត្តសៀមរាប ដើម្បីជាទុនបន្ថែម ក្នុងការទាក់ទាញកំណើនភ្ញៀវទេសចរ មកទស្សនា ខេត្តសៀមរាប និងតំបន់អង្គរ។

ទី៥៖ អំពាវនាវ ដល់រដ្ឋបាលខេត្ត អាជ្ញាធរពាក់ព័ន្ធ ផ្នែកឯកជន និងប្រជាពលរដ្ឋចូលរួម ក្នុងយុទ្ធនាការពិសេស ក្នុងការពង្រឹងគុណភាព សេវាកម្មទេសចរណ៍ទាំងអស់ រាប់ទាំងសេវាដឹកជញ្ជូន ស្នាក់នៅ ហូបចុក មគ្គទ្ទេសក៍ទេសចរណ៍ ហាងលក់វត្ថុអនុស្សាវរីយ៍។ យុទ្ធនាការពិសេសនេះ អាចជាការប្រឡងប្រណាំង ពិសេសដោយឡែក សម្រាប់ខេត្តសៀមរាប ក្នុងគោលដៅជំរុញការអភិវឌ្ឍ និងកំណើនភ្ញៀវទេសចរ មកទស្សនាតំបន់បេតិកភណ្ឌ ដ៏វិសេសវិសាលមួយនេះ៕