កំពង់ឆ្នាំង ៖ ប្រកាសតែងតាំងប្រធានមន្ទីរថ្មី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង លោកឆាយ លាភា ខណៈអតីតប្រធានមន្ទីរចាស់ត្រូវចូលនិវត្តន៍

04​ 11 2019

ថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ឆ្នាំង ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ​ក្នុងពិធីប្រកាសសុពលភាព​ចូលកាន់មុខតំណែង ប្រធានមន្ទីរថ្មី នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំក្រសួង ឯកឧត្ដមប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំ នៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន សរុបទាំងអស់ចំនួន២៥១នាក់។

ការតែងតាំងលោក ឆាយ លាភា ជាប្រធានមន្ទីរថ្មី នៃមន្ទីរសាធារណការ និងដឹកជញ្ជូននេះ គឺធ្វើឡើង ដើម្បីជំនួសប្រធានមន្ទីរចាស់ គឺ លោក កែវ ពៅ ដែលលោកត្រូវចូលនិវត្តន៍។ ជាងនេះទៅទៀត វាក៏ជាការលើកកម្ពស់ វប្បធម៌ផ្លាស់ប្ដូរបទពិសោធន៍ ផ្ដល់ឱកាសសិក្សារៀនសូត្រ ក្រេបយកបទពិសោធន៍ថ្មីបន្ថែម ដើម្បីពង្រីកសមត្ថភាព របស់ខ្លួនឱ្យបានទូលំទូលាយ។ល។

ថ្លែងក្នុងពិធីនោះ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ ចំពោះលោក កែវ ពៅ ប្រធានមន្ទីរចាស់ ដែលបានខិតខំប្រឹងប្រែង បំពេញការងារ លើវិស័យសាធារណការ និងដឹកជញ្ជូនក្នុងខេត្តនេះ ឱ្យមានការរីកចម្រើន ព្រមទាំងបានរឹតចំណង សាមគ្គីភាពដ៏ជិតស្និទ្ធ រវាងមន្ត្រីនិងថ្នាក់ដឹកនាំ ទំនាក់ទំនងល្អ ជាមួយមន្ទីរអង្គភាពជុំវិញខេត្ត ជាពិសេសកិច្ចសហការ យ៉ាងស្អិតរមួត ជាមួយរដ្ឋបាលខេត្ត សំដៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងលើកកម្ពស់គុណភាពសេវាសាធារណៈ។

ជាមួយគ្នានោះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើ លោក ឆាយ លាភា ដែលជាប្រធានមន្ទីរថ្មី ឱ្យខិតខំបំពេញការងារ ឱ្យអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ដើម្បីបន្តដឹកនាំ មន្ទីរសាធារណការ និងដឹកជញ្ជូន ឱ្យមានការរីកចម្រើន ទាំងវិស័យសាធារណការ និងវិស័យដឹកជញ្ជូន ព្រមទាំងបន្ត និងរក្សានូវវប្បធម៌សហការ ចែករំលែក រួមសុខរួមទុក្ខ ជាមួយមន្ត្រីក្រោមឱវាទ ជាពិសេសត្រូវចងចាំ និងអនុវត្ត ឱ្យបានដាច់ខាត នូវគោលការណ៍ទាំង ១១ចំណុច របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានផ្ដល់មួកសុវត្ថិភាពចំនួន ១០០មួក និងណែនាំ ដល់ប្រធានមន្ទីរថ្មី ឱ្យកៀរគរ រកមួកសុវត្ថិភាពបន្ថែមទៀត តាមរយៈការជំរុញការចូលរួម ពីវិស័យឯកជន ដើម្បីរៀបចំធ្វើយុទ្ធនាការ សុវត្ថិភាពចរាចរណ៍ សំដៅកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យនៅអត្រាទាបបំផុត។

ជាការឆ្លើយតប លោក ឆាយ លាភា បានប្ដេជ្ញាបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងសេវាសាធារណៈ ក្នុងខេត្តនេះ ឱ្យរីកចម្រើន ថែមទៀត ដោយប្រើឱ្យអស់ពីកម្លាំងកាយ ចិត្ត និងពេលវេលា ប្រើគ្រប់មធ្យោបាយ និងនីតិវិធី បន្តកិច្ចសហការ ជាមួយមន្ទីរអង្គភាព ជុំវិញខេត្តយ៉ាងស្អិតរមួត ក្នុងគោលបំណងតែមួយគត់ គឺការអភិវឌ្ឍ ត្រងត្រាប់និងអនុវត្ត នូវរាល់ភារកិច្ច ដែលរដ្ឋបាលខេត្ត ក៏ដូចជាក្រសួង ដាក់ជូន អនុវត្តនូវរាល់បទបញ្ញត្តិ ដែលក្រសួងដាក់ជូន ជាពិសេសគោលការណ៍ទាំង ១១ចំណុចរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី៕