រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត យល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិក នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីការបង្កើតសម្ព័ន្ធភាព ថាមពលព្រះអាទិត្យអន្តរជាតិ

04​ 11 2019

នៅព្រឹកថ្ងៃចន្ទ៨កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រី ក្រសួងបរិស្ថាន បានដឹកនាំ គណៈប្រតិភូក្រសួងបរិស្ថាន ចូលរួមការពារ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម ឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀង ក្របខ័ណ្ឌ ស្តីពីការបង្កើត សម្ព័ន្ធភាពថាមពល ព្រះអាទិត្យអន្តរជាតិ នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងមានវត្តមានសមាជិក រដ្ឋសភា ចំនួន ១១០រូប។ ជាលទ្ធផលអង្គសភា បានពិនិត្យ និងអនុម័តយល់ព្រម សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម ឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិក នៃកិច្ចព្រមព្រៀង ក្របខ័ណ្ឌ ស្តីពីការបង្កើតសម្ព័ន្ធភាព ថាមពលព្រះអាទិត្យអន្តរជាតិ។