សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់អនុសាសន៍ណែនាំចំនួន៥ចំណុចដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព

07​ 11 2019

នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងពិធីប្រកាសផ្សព្វផ្សាយ​ ឲ្យប្រើប្រាស់ជាផ្លូវការ នូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣ ដែលប្រារព្ធធ្វើឡើង នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់អនុសាសន៍ ណែនាំចំនួន៥ចំណុច ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព។

អនុសាសន៍ទាំង៥ ចំណុចនោះរួមមានដូចតទៅ៖
ទី១) បង្កើនការសម្របសម្រួល គោលនយោបាយ ជាមួយសហគមន៍ ដៃគូអភិវឌ្ឍ អ្នកផ្តល់ហិរញ្ញប្បទាន ការបង្កើនអភិបាលកិច្ច ជំរុញការអនុវត្ត នូវកម្មវិធីកំណែទម្រង់ គ្រប់វិស័យឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅថែមទៀត ដែលកិច្ចការទាំងនេះ ត្រូវពួតផ្តុំគ្នា ជាប្រព័ន្ធតែមួយ ប្រទាក់ក្រឡាគ្នា និង យោងគ្នាទៅវិញទៅមក សម្រាប់គោលដៅអភិវឌ្ឍ សេដ្ឋកិច្ច សង្គមកិ្ច និង ការងារគ្រប់គ្រង ធនធានធម្មជាតិ បរិស្ថាន ឱ្យបានកាន់តែល្អប្រសើរ។

ទី២) ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍តាមវិស័យ របស់ខ្លួននីមួយៗ តាមរយៈការពិនិត្យ មើលឡើងវិញ រាល់គម្រោង ឬកម្មវិធីកំពុងដំណើរការ ព្រមទាំងគម្រោង ឬកម្មវិធីថ្មីៗដែលនៅបន្តគាំទ្រ ដោយធនធានពីក្នុង និងក្រៅប្រទេស ដើម្បីធានាសង្គតិភាព និងអាទិភាព និងទំនាក់ទំនងផ្សារភ្ជាប់ ជាមួយ ផ.យ.អ.ជ. ២០១៩-២០២៣ ព្រមទាំងរៀបចំកម្មវិធី វិនិយោគសាធារណៈ និងការប៉ាន់ស្មានតម្លៃ សម្រាប់វិស័យរបស់ខ្លួន ឱ្យទាន់ពេលវេលា ដើម្បីដាក់បញ្ចូល ក្នុងកម្មវិធីវិនិយោគសាធារណៈ បីឆ្នាំរំកិល។

ទី៣) គ្រប់រាជធានី ខេត្ត ត្រូវរៀបចំផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ខេត្ត រាជធានីរបស់ខ្លួន និងត្រូវគិតគូររៀបចំកម្មវិធី វិនិយោគសាធារណៈ បីឆ្នាំរំកិលឱ្យស្រប តាមអាទិភាព និងអាណត្តិរបស់ ផ.យ.អ.ជ. ២០១៩-២០២៣ ក្នុងការអនុវត្តវិមជ្ឈការ និងវិសហមជ្ឈការ និងការសម្រេចចិត្ត លើការស្នើសុំធ្វើវិនិយោគ ដែលបានកំណត់ដោយច្បាប់ ស្តីពីការគ្រប់គ្រង រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ទី៤) សូមឱ្យដៃគូអភិវឌ្ឍ ទាំងពហុភាគី និងទ្វេភាគីរបស់យើង ព្រមទាំងអង្គការ មិនមែនរដ្ឋាភិបាល បន្តធានាថា ក្របខ័ណ្ឌនៃជំនួយ សម្រាប់ការអភិវឌ្ឍរបស់ខ្លួន ត្រូវបានតម្រឹមតម្រង់ និង តម្រង់ទិស ចំជាមួយ នឹងអាទិភាពទាំងឡាយ របស់ ផ.យ.អ.ជ. ២០១៩-២០២៣ ហើយហិរញ្ញប្បទានអភិវឌ្ឍន៍ ត្រូវបានតម្រឹមជាមួយ នឹងកម្មវិធីវិនិយោគសាធារណៈ ផងដែរ។ ដៃគូអភិវឌ្ឍទាំងអស់ គួរតែធានាថា ធនធាន ទាំងឡាយ ដែលនឹងត្រូវផ្តល់ ទៅអង្គការមិនមែនរដ្ឋាភិបាល ត្រូវសមស្របទៅ នឹងអាទិភាពនិងគោលដៅ អភិវឌ្ឍន៍ ដូចមានចែង នៅក្នុង ផ.យ.អ.ជ. ២០១៩-២០២៣ ហើយធនធានទាំងនោះ ត្រូវបានយកទៅប្រើប្រាស់ ប្រកបដោយតម្លាភាព និងភាពទទួលខុសត្រូវ។

និងទី៥) ក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍទាំងអស់ ដែលកំពុងផ្តល់ហិរញ្ញប្បទាន ដល់សកម្មភាព កម្មវិធីគម្រោងនានា ផ្តល់នូវអាទិភាពខ្ពស់ ដល់ការតាមដានត្រួតពិនិត្យ និងវាយតម្លៃយ៉ាង ទៀងទាត់លើការអនុវត្ត ផែនការសកម្មភាព កម្មវិធី គម្រោង ទាំងនោះ ហើយផ្ញើរបាយការណ៍ ស្តីពីលទ្ធផលនៃការតាមដានត្រួតពិនិត្យ និងវាយតម្លៃ មកក្រសួងផែនការ ទៅដាក់បញ្ចូល ក្នុងការវាយតម្លៃ លើវឌ្ឍនភាព ក្នុងការសម្រេចបានគោលដៅ និងចំណុចដៅនៃការអភិវឌ្ឍ ដែលមានចែង ក្នុង ផ.យ.អ.ជ.២០១៩-២០២៣។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវ ដល់គ្រប់ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍវិស័យឯកជន សង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល សូមផ្តល់កិច្ចសហការ និងគាំទ្រគ្រប់បែបយ៉ាង ដល់ក្រសួងផែនការ ក្នុងដំណើរការតាមដាន និងត្រួតពិនិត្យការ អនុវត្តផែនការ យុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩-២០២៣ និងការរៀបចំគោលនយោបាយជាតិ សម្រាប់ការតាមដាន ត្រួតពិនិត្យ និង វាយតម្លៃឱ្យទទួលបាន នូវភាពជោគជ័យ៕