សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅផែនការបន្ត របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

07 11 2019

ភ្នំពេញ៖ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងលើកទិសដៅផែនការ សកម្មភាពឆ្នាំបន្ទាប់ របស់អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានវត្តមាន អញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងរាជធានី ខេត្ត ជាប្រធានគណៈកម្មាធិការ ប្រយុទ្ធជំងឺអេដស៍ តំណាងកាកបាទក្រហមកម្ពុជា លោក លោកស្រី ជាប្រធាន លេខាធិការដ្ឋានប្រយុទ្ធ នឹងជំងឺអេដស៍ នៃក្រសួង ស្ថាប័ន និង រដ្ឋបាលរាជធានី-ខេត្ត និងតំណាង ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល អ្នកពាក់ព័ន្ធ និងការឆ្លើយតបជាលក្ខណៈពហុវិស័យ។

ក្នុងរយៈពេលពេញមួយឆ្នាំ២០១៩ ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អ្នករស់នៅជាមួយមេរោគអេដស៍ អង្គការសង្គមស៊ីវិល និងផ្នែក ពាក់ព័ន្ធទាំងអស់ បានបំពេញភារកិច្ច យ៉ាងសកម្មរួមគ្នា និងបានសម្រេចលទ្ធផល ការងារចំបងៗជាច្រើន ក្នុងដំណាក់កាល ដែលស្ថានភាព ជំនួយពីបរទេសធ្លាក់ចុះ។ ការទទួលខុសត្រូវជាម្ចាស់ ក្នុងការទទួលបន្ទុកជំងឺ និងចំណាយរ៉ាប់រង ថែទាំព្យាបាល ត្រូវបានផ្ទេរជាបន្តបន្ទាប់ និងជាជំហានៗ ។

អង្គសន្និបាត បានពិនិត្យរួមគ្នាលទ្ធផល ប្រចាំឆ្នាំ  ដែលសម្រេចបាន ចំណុចខ្វះខាត បញ្ហាប្រឈម ក្នុងការអនុវត្តគោលនយោបាយ និងបានចែករំលែក បទពិសោធន៍ល្អៗ ព្រមទាំងបានជជែកពិភាក្សា អំពីការសម្របសម្រួល អន្តរស្ថាប័ន នៅរដ្ឋបាលថ្នាក់កណ្តាល និងរដ្ឋបាលថ្នាក់ ក្រោមជាតិ ដើម្បីប្រតិបត្តិតាមការណែនាំ របស់រាជរដ្ឋាភិបាល តាមរយៈសេចក្តីជូនដំណឹងលេខ ២១៣សជណ.សស ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ។

ជាចុងក្រោយ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានសម្តែង​ នូវការអបអរសាទរ និងកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះសមាជិក សមាជិកា នៃអង្គសន្និបាត ដែលបានខិតខំប្រឹងប្រែង យ៉ាងសកម្មចូលរួមប្រយុទ្ធ នឹងមេរោគអេដស៍ និងជំងឺអេដស៍ ឲ្យទទួលបានជោគជ័យ ជាបន្តបន្ទាប់គួរជាទីមោទនៈ ក្រោមការប្តេជ្ញាចិត្ត ដ៏មោះមុតពីថ្នាក់ដឹកនាំកំពូល របស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេច នាយករដ្ឋមន្រ្ដី ហ៊ុន សែន និងការគាំទ្រ ដោយមិនចេះនឿយហត់ ផ្នែកសង្គមពីលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផងដែរ៕