រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ ការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនាំចូលអន្ដរជាតិចិនលើកទី២ គឺជាការគាំទ្រគោលនយោបាយបើកចំហរទីផ្សារ និងពង្រីកសកលភាវូបពាណិជ្ជកម្ម

07 11 2019

(សៀងហៃ, ចិន)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ការចូលរួម​ ក្នុងព្រឹត្តិការណ៍ ពិព័រណ៍ពាណិជ្ជកម្ម​នាំចូលអន្ដរជាតិចិន លើកទី២ គឺជាការបង្ហាញ នូវការគាំទ្ររបស់កម្ពុជា ចំពោះគោលនយោបាយ បើកចំហរទីផ្សារលើទំនិញ នាំចូល ពីបរទេសមកទីផ្សារចិន និងជាការជំរុញចលនាទៅមុខ នៃសកលភាវូបពាណិជ្ជកម្ម និងសមាហរណកម្ម សេដ្ឋកិច្ច នៅក្នុងតំបន់ និងពិភពលោក។

ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះ នាឱកាសដែលឯកឧត្តមដឹកនាំ គណៈប្រតិភូពាណិជ្ជកម្មកម្ពុជា ទៅចូលរួមពិធីសម្ពោធពិព័រណ៍ ពាណិជ្ជកម្ម នាំចូលអន្តរជាតិចិនលើកទី២ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត នៅទីក្រុងសៀងហៃ ប្រទេសចិន។

ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបភ្ញៀវជាតិ និងអន្តរជាតិ ដែលមានវត្តមាន នៅក្នុងពិធីនេះថា ព្រឹត្តិការណ៍ពិព័រណ៍ ពាណិជ្ជកម្ម នាំចូលអន្ដរជាតិចិន គឺជាវេទិកា ដ៏សំខាន់បំផុតមួយ សម្រាប់ពង្រឹង កិច្ចសហប្រតិបត្តិ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាអន្តរជាតិ រវាងប្រទេសចិន និងប្រទេសចូលរួម ទាំងអស់នៅលើពិភពលោក។ ដោយឡែកការចូលរួម របស់ប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ ពិព័រណ៍ពាណិជ្ជកម្ម អន្តរជាតិនេះ កម្ពុជា បានរៀបចំ សាងសង់ពន្លាជាតិកម្ពុជា តាមរចនាបទខ្មែរសម័យចតុមុខ នៅលើផ្ទៃដីទំហំ ២៥៦ ម៉ែត្រការ៉េ ដោយក្នុងពន្លជាតិ មានតុបតែងដាក់តាំងលម្អ ដោយរូបភាព នៃតំបន់ទេសចរណ៍ វប្បធម៌ប្រវត្តិសាស្រ្ត របស់កម្ពុជា និងមានបញ្ជរ ដាក់តាំងផលិតផល និងសេវាកម្ម ដែលជាសក្តានុពល របស់ប្រទេស ដើម្បីស្វែងរកដៃគូ ពាណិជ្ជកម្ម និងវិនិយោគថ្មីៗ បន្ថែមទៀត ចូលលមកប្រទេសកម្ពុជា។ ហើយក្នុងឆ្នាំ២០១៩នេះ កម្ពុជា បានដឹកនាំក្រុមហ៊ុន ៣ គឺ សហព័ន្ធស្រូវអង្ករ និងក្រុមហ៊ុនវិនិយោគ លើអចលនទ្រព្យ និងសំណង់ទេសចរណ៍ ទៅចូលរួមផ្សព្វផ្សាយ និងស្វែងរកដៃគូវិនិយាគបន្ថែម។

ក្នុងកំឡុងពេល នៃការបំពេញបេសកកម្ម នៅទីក្រុងសៀងហៃ ឯកឧត្តមរដ្ឋមន្រ្តី និងសមាជិកប្រតិភូ បានអញ្ជើញចូលរួមវេទិកា និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួន ដូចជា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអង្គការ ពាណិជ្ជកម្មពិភពលោក ក្រៅផ្លូវការ ដោយបានលើកយក បញ្ហាកំណែទម្រង់ ប្រព័ន្ធរការងារ របស់អង្គការ ពាណិជ្ជកម្មពិភពលោក, ការជ្រើសរើសក្រុមប្រឹក្សាភិបាល, ប្រព្រឹត្តកម្មពិសេស, កសិកម្ម និងការឧបត្ថម្ភធនជលផល យកមកពិភាក្សារក ដំណោះស្រាយមុនការរៀបចំ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី នៃអង្គការពាណិជ្ចកម្ម លើកទី១២ នៅប្រទេសកាហ្សាក់ស្ថាន នៅក្នុងខែមិថុនា ឆ្នាំ២០២០ ខាងមុខ។ និងកិច្ចប្រជុំពិភាក្សា ថ្នាក់រដ្ឋមន្រ្តី ក្នុងអំឡុងពេលអាហារថ្ងៃត្រង់ Lucheon ស្តីពីកិច្ចសម្រួល ការវិនិយោគ សម្រាប់ការអភិវឌ្ឍ ដើម្បីស្វែងរកយន្តការរួមមួយ ក្នុងការបង្កើតក្របខ័ណ្ឌ ពហុភាគីក្រោមក្របខ័ណ្ឌ អង្គការពាណិជ្ជកម្មពិភពលោក នាថ្ងៃអនាគត ហើយបញ្ហានេះ  នឹងលើកយកទៅពិភាក្សា សម្រេចនៅក្នុងកិច្ចប្រជុំ ថ្នាក់រដ្ឋមន្រ្តីនៃអង្គការ ពាណិជ្ជកម្មលើកទី១២ នៅប្រទេសកាហ្សាក់ស្ថាន ផងដែរ៕