រដ្ឋមន្ត្រីទេសចរណ៍ដាក់ចេញអនុសាសន៍ចាំបាច់ ០៦ចំនុច ដើម្បីបន្តសម្រេចបានកំណើនទេសចរ

07 11 2019

(ភ្នំពេញ)៖ ក្នុងសិក្ខាសាលាបូកសរុប​ ការប្រលងប្រណាំង រមណីយដ្ឋានទេសចរណ៍គំរូ លើកទី៣ និងក្រោយពេលរកឃើញ ជ័យលាភីរមណីយដ្ឋាន ទេសចរណ៍គំរូ ទាំង២៦ សម្រាប់ឆ្នាំ២០១៩នេះរួចមក ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានប្រកាសដាក់ចេញ អនុសាសន៍ចាំបាច់មួយចំនួនទៀត ដើម្បីអំពាវនាវ ឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តរួមគ្នា សម្រេចបានកំណើន ទេសចរបន្ថែមទៀត ដែលរួមមាន ០៥ចំនុច៖

*ទី១. ការវិនិយោគ៖ ត្រូវបន្តខិតខំជំរុញការអភិវឌ្ឍ និងវិនិយោគរមណីយដ្ឋាន ទេសចរណ៍ និងសហគមន៍ទេសចរណ៍ គ្រប់ប្រភេទ ដែលមានការគិតគូរ បរិស្ថាន ភាពស្អាត និងសង្គម។ ក្នុងបរិបទនេះ រាល់គម្រោងវិនិយោគ និងអភិវឌ្ឍជារមណីយដ្ឋាន ទេសចរណ៍ទាំងអស់ ត្រូវបញ្ចូលនូវការគិតគូរ អំពីទស្សនទានបៃតង និងស្អាត។
តាមរយៈការប្រលង ប្រណាំង «រមណីយដ្ឋានទេសចរណ៍គំរូ លើកទី៣» នឹងតម្រង់ទិសដល់ធុរកិច្ចនានា ចាប់យកទស្សនទាន «បៃតង និងស្អាត» ដោយគិតគូរពីស្ថាបត្យកម្មបៃតង ការសន្សំសំចៃថាមពល ការគ្រប់គ្រងសំណល់ ការគិតគូរពីកិច្ចការ សង្គម-មនុស្សធម៌ជាដើម។ ក្នុងន័យនេះ ក្រសួងទេសចរណ៍ ត្រូវរៀបចំគោលការណ៍ណែនាំ និងលក្ខណៈវិនិច្ឆ័យ នូវគម្រោងអភិវឌ្ឍ រមណីយដ្ឋានទេសចរណ៍ ដែលតូ្រវមានការគិតគូរ ពីបរិស្ថានវប្បធម៌ និងការគាំពារសង្គម ដើម្បីជាឯកសារគោល សម្រាប់វាយតម្លៃ លើគម្រោងទាំងនោះ។

*ទី២. ការគ្រប់គ្រង៖ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវខិតខំជំរុញ ឲ្យគ្រប់រមណីយដ្ឋានទេសចរណ៍ ត្រូវមានអ្នកគ្រប់គ្រង ច្បាស់លាស់ និងមានការចាត់តាំង នូវរចនាសម្ពន្ធគ្រប់គ្រង ច្បាស់លាស់ផងដែរ និងត្រូវជំរុញ ឲ្យគ្រប់រមណីយដ្ឋានទាំងអស់ មានផែនការមេអភិវឌ្ឍ ច្បាស់លាស់។ ទទ្ទឹមនឹងនេះ មន្ទីរទេសចរណ៍ទាំងអស់ ត្រូវបន្តប្រឹងប្រែងរៀបចំ គ្រប់គ្រង អភិវឌ្ឍរមណីយដ្ឋាន ទេសចរណ៍នានា ក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានល្អ។ ព្រមជាមួយនេះ នាយកដ្ឋានជំនាញ នៃក្រសួងទេសចរណ៍ ត្រូវរៀបចំឲ្យមានស្តង់ដា សម្រាប់រមណីយដ្ឋាន ប្រភេទផ្សេងៗ ដូចជារមណីយដ្ឋាន កសិទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ផ្សងព្រេង រមណីយដ្ឋានអេកូទេសចរណ៍ជាដើម ជាពិសេសស្តង់ដា រមណីយដ្ឋានបៃតង ដើម្បីគាំទ្រដល់ចលនា ប្រលងប្រណាំង រមណីយដ្ឋានទេសចរណ៍គំរូនេះ នៅឆ្នាំក្រោយទៀត។

*ទី៣. បរិស្ថានអនាម័យ៖ ត្រូវខិតខំរក្សា ឲ្យបាននូវភាពស្អាត និងបៃតង ជាពិសេសបញ្ឈប់ ការបោះសំរាមចោល ក្រោមតុ។ ក្នុងន័យនេះ ការគ្រប់គ្រងរមណីយដ្ឋាន ទាំងអស់ ត្រូវតែសរសេរពាក្យអប់រំ មិនឲ្យបោះសំរាមចោល ផ្តេសផ្តាស ឬខុសធុងសំរាម និងអប់រំភ្ញៀវទេសចរ ដែលចូលទៅលេងកម្សាន្ត ឲ្យបានច្បាស់លាស់ជាមុន និងត្រូវបំពាក់ធុង សំរាមឲ្យបានគ្រប់គ្រាន់ និងធ្វើការបែងចែក សំរាមទៅតាម ប្រភេទនីមួយៗ ជំរុញការប្រើប្រាស់ផលិតផល ធ្វើពីក្រដាស ឬក្រណាត់ជំនួសផ្លាស្ទិក ដូចដែលជយលាភី រមណីយដ្ឋាន ទេសចរណ៍គំរូ ឆ្នាំ២០១៩នេះ បានកំពុងអនុវត្ត។ ទទ្ទឹមនឹងនេះ ក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវសហការជំរុញ ការបញ្ជ្រាប ការយល់ដឹងសាធារណៈ ទៅដល់បុគ្គលិកបម្រើការងារ និងភ្ញៀវទេសចរ ដែលទៅកម្សាន្ត នៅតាមរមណីយដ្ឋាននានា អំពីការទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ និងត្រូវរៀបចំជាក្រមប្រតិបត្តិ អំពីប្រការគួរធ្វើ និងមិនគួរធ្វើ ដើម្បីផ្សព្វផ្សាយ ទៅដល់រមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស។

*ទី៤. សន្តិសុខ សុវត្ថិភាព៖ គ្រប់រមណីយដ្ឋាន ទេសចរណ៍ទាំងអស់ ត្រូវដាក់ស្លាកសញ្ញា ឲ្យបានគ្រប់គ្រាន់ ទាំងស្លាកបង្ហាញព័ត៌មាន និងស្លាកសញ្ញាបង្ហាញ ទីតាំងនានា ជាពិសេសស្លាកសញ្ញាបង្ហាញ ទីតាំងហាមឃាត់ និងតំបន់គ្រោះថ្នាក់ជាដើម ឲ្យសមស្របទៅតាមស្តង់ដា អប្បបរមារមណីយដ្ឋាន ទេសចរណ៍របស់ក្រសួង ទេសចរណ៍។ ជាមួយនេះ ត្រូវសហការឲ្យបានជិតស្និទ្ធ ជាមួយអាជ្ញាធរ និងសមត្ថកិច្ច ក្នុងតំបន់ធ្វើការគ្រប់គ្រង លំហូរភ្ញៀវទេសចរ ឲ្យបានច្បាស់លាស់។ ទទ្ទឹមនឹងនេះ ត្រូវរៀបចំមណ្ឌល ព័ត៌មានទេសចរណ៍ ទៅតាមទំហំជាក់ស្តែង ដើម្បីផ្តល់ព័ត៌មាន ក៏ដូចជាអប់រំ ភ្ញៀវទេសចរ មុនពេលចូល ទៅលេងកម្សាន្ត ក្នុងរមណីយដ្ឋានរបស់ខ្លួន ហើយមន្ទីរទេសចរណ៍ ត្រូវពង្រឹងមណ្ឌលព័ត៌មានទេសចរណ៍ ក្នុងខេត្តរបស់ខ្លួន ដើម្បីជាកន្លែងប្រមូលផ្តុំ និងផ្តល់ព័ត៌មានគ្រប់ជុ្រងជ្រោយ ពីគោលដៅទេសចរណ៍ ក្នុងខេត្តរបស់ខ្លួន ទៅដល់ភ្ញៀវទេសចរ។

*ទី៥. ការផ្សព្វផ្សាយ៖ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវខិតខំបន្តជំរុញ ឲ្យរមណីយដ្ឋានទេសចរណ៍ទាំងអស់ ចូលរួមក្នុងការប្រលង ប្រណាំងនានា ជាពិសេសការប្រលង ប្រណាំងរមណីយដ្ឋានគំរូនេះ។ ជាមួយគ្នានេះ លោកបានលើកទឹកចិត្ត ឲ្យមានការថតវីដេអូខ្លីៗ ពីរមណីយដ្ឋានទេសចរណ៍ថ្មីៗ ក៏ដូចជាខិតខំប្រឹងប្រែង ក្នុងការផ្សព្វផ្សាយ ពីគោលដៅថ្មីៗ ដើម្បីចែកចាយ តាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានា ហើយនាយកដ្ឋានជំនាញ នៃក្រសួងទេសចរណ៍ ត្រូវរៀបចាំ ឲ្យមានការប្រកួតប្រជែង រូបថតវីដេអូ និងការប្រកួតប្រជែងនានា ស្តីពីរមណីយដ្ឋានទេសចរណ៍ ជាលក្ខណៈមហាជន ដើម្បីបំផុសគំនិត ស្រលាញ់ជាតិមាតុភូមិយើង ក្រោមពន្លឺនៃសន្តិភាព។

*ទី៦. ផ្នែកឯកជន៖ លោកបានជំរុញ លើកទឹកចិត្តឲ្យវិស័យឯកជន ជាពិសេសទីភ្នាក់ងារ ទេសចរណ៍ទាំងអស់ រៀបចំខ្សែទស្សនកិច្ច និងនាំភ្ញៀវទេសចរ ឲ្យបានច្រើន ទៅកាន់រមណីយដ្ឋានទាំងអស់ នៅទូទាំងប្រទេស ជាពិសេសរមណីយដ្ឋាន ជ័យលាភី ក្នុងចលនាប្រលងប្រណាំង គំរូនេះ។ ទទ្ទឹមនឹងនេះ ត្រូវរៀបចំកញ្ចប់ ទស្សនកិច្ច ក្នុងស្រុកឲ្យបានច្រើន សម្រាប់ប្រជាពលរដ្ឋ សិស្ស-និស្សិត បុគ្គលិកឯកជន កម្មករ-កម្មការនី មន្ត្រីរាជការជាមួយតម្លៃសមរម្យ ទៅគ្រប់គោលដៅទេសចរណ៍ ទូទាំងប្រទេស៕