គ្រោះរញ្ជួយដីដ៏កក្រើកកម្រិត «៦.០រ៉ិចទ័រ» ផ្តាច់ជីវិតមនុស្ស៣នាក់ និងបង្ករបួស២០នាក់នៅអ៊ីរ៉ង់

08 11 2019

(តេហេរ៉ង់)៖ នាថ្ងៃសុក្រនេះគ្រោះរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រ បានវាយប្រហារភាគពាយ័ព្យប្រទេសអ៊ីរ៉ង់ និងបានបណ្តាលឲ្យមនុស្ស ០៣នាក់ បាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស។ នេះបើតាមការដកស្រង់ ការផ្សាយចេញ ពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

ចំណុចរំញ័រ នៃរញ្ជួយដីខាងលើ ស្ថិតនៅចម្ងាយ ១១៨គីឡូម៉ែត្រភាគខាងកើត ទីក្រុង តាប្រ៊ីស (Tabriz) របស់អ៊ីរ៉ង់ និងមានជម្រៅ ៥១គីឡូម៉ែត្រក្រោមផ្ទៃដី។ យោងតាមសេចក្តីរាយការណ៍ ព័ត៌មានក្នុងប្រទេសអ៊ីរ៉ង់ មនុស្សយ៉ាងហោចណាស់ ០៣នាក់បានស្លាប់ និង ២០នាក់ផ្សេងទៀត បានទទួលរងរបួស ដោយសារតែគ្រោះរញ្ជួយដីនេះ។

គួរជម្រាបថា ប្រទេសអ៊ីរ៉ង់ ស្ថិតនៅលើតំបន់ ដែលងាយកើតមានសកម្មភាព រញ្ជួយផែនដី កម្រិតធ្ងន់ញឹកញាប់គួរសម មិនចាញ់ប្រទេសនៅ មហាសមុទ្រប៉ាស៊ីហ្វិកឡើយ។ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ គ្រោះរញ្ជួយដីកម្រិត ដ៏ធ្ងន់មួយគឺ ៧.២រ៉ិចទ័រ បានវាយប្រហារ ចំព្រំដែនអ៊ីរ៉ង់ ជាប់ជាមួយអ៊ីរ៉ាក់ ដែលបានបណ្តាល ឲ្យមនុស្សស្លាប់ និងរបួសរាប់រយនាក់។