ជនជាតិសិង្ហបុរី១៨នាក់រងរបួស ដោយសារបាក់ស្ពាននៅរមណីយដ្ឋានមួយ នៅឥណ្ឌូណេស៊ី

08 11 2019

(សិង្ហបុរី)៖ ជនជាតិសិង្ហបុរីចំនួន ១៨នាក់ត្រូវបានគេរាយការណ៍ថា បានទទួលរងរបួស បន្ទាប់ពីស្ពានឈើមួយ ស្ថិតនៅរមណីយដ្ឋាន ម៉ុនទីហ្គោ រីសត (Montigo Resort) ស្ថិតក្នុងទីក្រុង បាតាំ (Batam) ប្រទេសឥណ្ឌូណេស៊ី បានបាក់រលំកាល ពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

ភ្ញៀវទេសចរ ដែលស្ថិតនៅលើស្ពាននោះ បាននិងកំពុងថតរូប នៅពេលដែលផ្នែកកណ្តាលនៃស្ពាន ដែលមានប្រវែង ៧០ម៉ែត្របានបាក់រលំ។ មន្ត្រីប៉ូលិសឥណ្ឌូណេស៊ី បានបញ្ជាក់បន្ថែមថា មានមនុស្សជាង ៣០នាក់ បានធ្លាក់ពីលើស្ពាន ចូលក្នុងទឹកមហាសមុទ្រ ក្នុងនោះមានជនជាតិសិង្ហបុរី ១៣នាក់ត្រូវបានបញ្ជូន ទៅទទួលការព្យាបាល នៅមន្ទីរពេទ្យ ប៉ាយ៉ាងការ៉ា (Bhayangkara) នាទីក្រុង Batam។

គួរបញ្ជាក់ថា កត្តាចម្បង ដែលនាំឲ្យបាក់ស្ពានខាងលើនេះ គឺបណ្តាលមកភាពចាស់ នៃស្ពាន និងការប្រមូលផ្តុំ នៅទីតាំងមួយលើសចំនួនកំណត់។ យ៉ាងណាក៏ដោយ ការស៊ើបអង្កេតមួយ ក៏ត្រូវបានធ្វើឡើងផងដែរ ដើម្បីស្វែងរកអ្នកទទួលខុសត្រូវ៕