ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ទទួលជួបលោក Chunxin Zhan នាយកក្រុមហ៊ុនវិទ្យសាស្រ្តឧស្សាហកម្មធន់ធ្ងន់ និងបច្ចេកវិទ្យា Zoomlion នៃសាធារណ:រដ្ឋប្រជាមានិតចិន និងសហការីដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ

18 11 2019

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Chunxin Zhan នាយកក្រុមហ៊ុន​ វិទ្យសាស្រ្តឧស្សាហកម្មធន់ធ្ងន់ និងបច្ចេកវិទ្យា Zoomlion នៃសាធារណ:រដ្ឋ ប្រជាមានិតចិន និងសហការី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារស្តីពី ការជម្រុញ ការស្រាវជ្រាវ និងការប្រើប្រាស់គ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យា កសិកម្មវៃឆ្លាត នៅកម្ពុជានាពេលអនាគត។

នាឱកាសនេះលោក Zhan បានធ្វើចំណាប់អារម្មណ៍ ប្រកបដោយអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅ អំពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង រវាងប្រជាជន និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ និងបានចូលរួមសម្តែង នូវអំណរសាទរ ចំពោះសមិទ្ធផល ដែលរាជ រដ្ឋាភិបាល ក៏ដូចប្រជាជនកម្ពុជា សម្រេចបាន នាពេលកន្លងមក និងបច្ចុប្បន្ន។ ដោយមើលឃើញពីការវិវឌ្ឍន៍ ជាវិជ្ជមានយ៉ាងលឿន គួរឲ្យកត់សម្គាល់ របស់កម្ពុជា ដែលនេះគឺជាហេតុផល ទាក់ទាញក្រុមហ៊ុន របស់លោកមកធ្វើទស្សនកិច្ច ដើម្បីសិក្សាស្វែងយល់បន្ថែម អំពីស្ថានភាព សក្តានុពល នៃវិស័យកសិកម្មកម្ពុជា និងការប្រើប្រាស់គ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យា ទាក់ទងសំខាន់ៗមួយចំនួនទៀត។ បន្ទាប់មក លោក Zhan ក៏បានលើកយកប្រវត្តិ របស់ក្រុមហ៊ុនមកជម្រាប ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាប ដោយសង្ខេបថា ក្រុមហ៊ុន របស់លោកជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនធំៗ នាំមុខគេ ក្នុងការស្រាវជ្រាវ ផលិតគ្រឿងយន្ត សម្រាប់ទាំងក្នុង វិស័យឧស្សាហកម្ម សំណង់ និងកសិកម្ម ប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។ ចំពោះវិស័យកសិកម្ម ក្រុមហ៊ុន បានធ្វើការផលិតគ្រឿងយន្ត ជាច្រើនប្រភេទ ដើម្បីឆ្លើយតបទៅ នឹងការបរិបទ និងការវិវឌ្ឍន៍រីកចម្រើន នៃវិស័យនេះ សំដៅបង្កើនផលិតភាព ផលិតកម្មកសិកម្ម ការការពារផលប្រជោជន៍ របស់កសិករ តាមរយ:ការធ្វើឲ្យប្រសើរឡើង នូវគុណភាពកសិផល បង្កើនតម្លៃបន្ថែម ចំណេញពេលវេលា កាត់បន្ថយការប្រើកំលាំង ពលកម្មមនុស្ស និងសត្វ កាត់បន្ថយការបាត់បង់ និងរក្សាគុណភាព ទាំងដី និងដំណាំ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលចិន ដែលបានជួយ ឧបត្ថម្ភគាំទ្រ ដល់ដំណើរការកសាង និងអភិវឌ្ឍន៍ ប្រទេសកម្ពុជា លើគ្រប់វិស័យ តាមរយ:ការអនុវត្តគោលនយោបាយ "ខ្សែក្រវាត់ និងផ្លូវ" ប្រកបដោយចីរភាព។ លោកក៏បានបញ្ជាក់ ជូនភ្ញៀវថា សមិទ្ធផលដ៏ធំធេង ជាច្រើនសម្រេចបាន គឺមិនអាចកាត់ផ្តាច់បាន ពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ រវាងរដ្ឋាភិបាល និងប្រជាជន នៃប្រទេសយើងទាំងពីរ។ ពាក់ព័ន្ធនឹងទស្សនកិច្ច របស់ក្រុមហ៊ុន នាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី ស្វាគមន៍ និងលើកទឹកចិត្ត ចំពោះឆន្ទៈរបស់ក្រុមហ៊ុន ក្នុងការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយក្រសួង និងផែនការវិនិយោគ រយ:ពេលវែង លើវិស័យគ្រឿងយន្តកសិកម្ម នៅកម្ពុជា ស្របពេល ដែលក្រសួង កំពុងជំរុញ និងយកចិត្តទុកដាក់ ក្នុងការអនុវត្តទំនើបកម្មកសិកម្ម តាមរយៈប្រើប្រាស់បច្ចេកវិទ្យាទំនើប ទាន់សម័យ ប្រព័ន្ធឌីជីថល និងយន្តូបនីកម្មកសិកម្ម ដើម្បីបង្កើនតម្លៃបន្ថែម លើការផលិត កាត់បន្ថយ ពេលវេលា ពលកម្ម ធានាប្រសិទ្ធភាពការងារ គុណភាព និងសុវត្ថិភាពផលិតផល។

លើសពីនេះ ដើម្បីឲ្យកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ និងផែនការវិនិយោគ របស់ក្រុមហ៊ុនទទួលបានជោគជ័យ ជាប្រយោជន៍ ដល់ប្រជាកសិករ និងវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា គ្រឿងយន្តកសិកម្ម ដែលក្រុមហ៊ុនមានបំណង យកមកផ្សព្វផ្សាយ នៅទីផ្សារ ត្រូវផ្តោតជាសំខាន់ លើស្ថានភាពដី លក្ខណៈអំណោយផល ក្នុងការប្រើប្រាស់ ទាំងការរៀបចំដី ដាំដុះ ប្រមូលផល និងជាពិសេសគ្រឿងយន្ត ដែលមានភាពវៃឆ្លាត គ្រប់ជ្រុងជ្រោយ ប្រកបដោយសុវត្ថិភាព គុណភាព និងតម្លៃសមរម្យ។ កត្តាទាំងអស់នេះ នឹងជួយលើកស្ទួយ ផលិតផលកសិកម្មកម្ពុជា ឲ្យមានស្តង់ដារ និមានតម្លៃខ្ពស់ ដែលជាពិសេសក្រសួង សង្ឃឹម និងរំពឹងទុកថា កិច្ចសហប្រតិបត្តិការនេះ អាចឆ្លើយតបស្របតាមបរិបទ នៃកំណើនសេដ្ឋកិច្ចជាតិ កំណើនប្រជាជន ការប្រែប្រួលអាកាសធាតុ និងបរិយាប័ន។