សម្តេចក្រឡាហោម ស ខេង អញ្ជើញជាធិបតីបើកវេទិការ ជាតិអេកូទេសចរណ៍លើកទី១ និងប្រកាសដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍ (២០១៨-២០៣០)

18 11 2019

នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញជាធិបតី​ ក្នុងពិធីបើកវេទិការជាតិអេកូទេសចរណ៍ លើកទី១ អមជាមួយ ពិធីប្រកាសដាក់ ឲ្យប្រើប្រាស់ គោលនយោបាយជាតិ អេកូទេសចរណ៍ (២០១៨-២០៣០) ដែលប្រព្រឹត្តទៅ នៅសណ្ឋាគារហ្គាដិនស៊ីធី ដោយមានការចូលរួមពី ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ទូទាំងប្រទេស អង្គការជាតិ-អន្តរជាតិ និងដៃគូពាក់ព័ន្ធនានា ជាច្រើនផងដែរ។

សូមជម្រាបថា ដោយកំណើនវិស័យទេសចរណ៍កម្ពុជា មានការកើនឡើង ហើយក៏ជាកត្តា ដ៏មានសក្តានុពលយ៉ាងខ្លាំង ក្នុងការចូលរួមជម្រុញ ការអភិវឌ្ឍជាតិ ឱ្យកាន់តែរីកចម្រើននោះ និងដើម្បីឆ្លើយត ប​ចំពោះការគាំទ្រ​ ដល់ការអភិវឌ្ឍសហគមន៍ ទេសចរណ៍ និងអេកូទេសចរណ៍​ក្នុង​ប្រទេសកម្ពុជា រាជរដ្ឋាភិបាល ​បានបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីគ្រប់​គ្រង និងអភិវឌ្ឍន៍ សហគមន៍ទេសចរណ៍ និងអេកូទេស​ចរណ៍ តាមរយៈសេចក្តី សម្រេចលេខ ១០០ សសរ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ព្រមជាមួយការអនុម័ត គោលនយោបាយជាតិ អេកូទេសចរណ៍ (២០១៩-២០៣០) នាឱកាសកិច្ចប្រជុំ​ពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលត្រូវបានប្រកាសដាក់ឱ្យប្រើ​ប្រាស់ជាផ្លូវការនាពេលនេះ។

ព្រមជាមួយគ្នានោះ សម្តេចក្រឡាហោម ក៏បានប្រគល់ពាន់រង្វាន់ ចំពោះជ័យលាភី សហគមន៍ ទេសចរណ៍គំរូទាំង ១៥ សម្រាប់ឆ្នាំ២០១៩នេះ ហើយសម្តេចបានអំពាវនាវ​ ឲ្យគ្រប់​សហគមន៍ផ្សេងៗទៀត ចូលរួមចលនាប្រឡង ប្រណាំងនេះ នៅឆ្នាំក្រោយៗទៀត ​ឲ្យ បានផុសផុល រួមចំណែកធ្វើឱ្យកម្ពុជា ​ក្លាយ​ជាគោលដៅទេសចរណ៍ ប្រកបដោយភាពទាក់ទាញ និងផ្តល់ភាពកក់​ក្តៅ ដល់ភ្ញៀវទេសចរផងដែរ៕