សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរាជទូត និងរដ្ឋទូត ហ្វាំងឡង់ និងបែលហ្សិកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

20​ 11 2019

នារសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោកជំទាវ Satu Suikkari-Kleven ឯកអគ្គរដ្ឋទូត ប្រទេសហ្វាំងឡង់​ ប្រចាំនៅកម្ពុជា និងឯកឧត្តម Philippe Kridelka ឯកអគ្គរាជទូតប៊ែលហ្សិក ប្រចាំកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម នាទីស្តីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោមបានថ្លែងអំណរគុណ និងរីករាយចំពោះវឌ្ឍនភាព នៃទំនាក់ទំនង រវាងប្រទេសកម្ពុជា ជាមួយប្រទេសទាំងពីរ គឺ ប្រទេសប៊ែលហ្សិក និងប្រទេសហ្វាំងឡង់ដ៍ ដែលមានកន្លងមក។

ឯកឧត្តម ឯកអគ្គរាជទូត ប៊ែលហ្សិក បានជម្រាប ជូនសម្តេចក្រឡាហោម អំពីការពង្រីកកិច្ចសហប្រតិបត្តិការ លើការវិនិយោគ និងអំពីកម្មវិធីជួយគាំទ្រ ដល់ការអភិវឌ្ឍសង្គម នៅកម្ពុជា ក្នុងនោះប៊ែលហ្សិក បានជួយកម្ពុជាច្រើនឆ្នាំកន្លងមកហើយ លើវិស័យអប់រំ និងវិស័យកសិកម្ម ព្រមទាំងបាន ជួយដល់ការបណ្តុះបណ្តាល សិស្សនិស្សិត នៅតាមសាកលវិទ្យាល័យ មួយចំនួនផងដែរ ក្នុងក្របខណ្ឌ នៃសហភាពអឺរ៉ុប។ ឯកឧត្តមបានបន្ថែមទៀតថា នៅខែក្រោយនេះ ក្រុមការងារ ១ក្រុមរបស់ប្រទេសប៊ែលហ្សិក នឹងធ្វើដំណើរ មកកាន់ខេត្តសៀមរាប ដើម្បីពិនិត្យ មើលមន្ទីរពេទ្យរដ្ឋមួយ នៅក្នុងខេត្តសៀមរាប សំដៅឆ្លើយតបទៅនឹងសំណូមពរ ជួយបណ្ដុះបណ្ដាល ដល់គណៈគ្រប់គ្រងមន្ទីរពេទ្យនោះ។ ឯកឧត្តមបានបន្តជម្រាប ជូនសម្តេចក្រឡាហោមថា ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យឯកជន ប្រទេសប៊ែលហ្ស៉ិក កំពុងសម្លឹងរកឱកាស ដើម្បីធ្វើយ៉ាងណាពង្រីក នូវទំនាក់ទំនង លើវិស័យឯកជននេះ ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ ចំពោះការងារ ក្នុងក្របខណ្ឌក្រសួង មហាផ្ទៃវិញ ប្រទេសប៊ែលហ្សិក ក៏បានជួយដល់ការងារ ពន្ធនាគារតាមរយៈ អង្គការការីតាស់ ដែលកិច្ចសហប្រតិបត្តិការនោះ បានផ្ដោតលើការ ជួយបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដល់អ្នកទោសជាយុវជន ដើម្បីឱ្យអ្នកទោសទាំងនោះ អាចមានលទ្ធភាពរកការងារ ធ្វើក្រោយទីបញ្ចប់ការឃុំខ្លួន ក្នុងពន្ធនាគារ។

ដោយឡែក លោកជំទាវ ឯកអគ្គរដ្ឋទូត ប្រទេសហ្វាំងទ្បង់ ក៏បានជម្រាប ជូនសម្ដេចក្រឡាហោមផងដែរថា ដំណើរទស្សនកិច្ច របស់លោកជំទាវ នាពេលនេះ គឺផ្តោតទៅលើទំនាក់ទំនង ទ្វេភាគីកម្ពុជា និងហ្វាំងឡង់ដ៍ ហើយក្នុងរយៈកាល កន្លងមកគឺប្រទេសហ្វាំងឡង់ដ៍ បានជួយលើផ្នែកមួយចំនួន ដល់កម្ពុជា តាមរយៈអង្គការក្រៅរដ្ឋាភិបាល ដែលរួមមាន លើការងារចុះបញ្ជីដីធ្លី និងការងារបោស សំអាតមីនជាដើម។ លោកជំទាវ បានមានប្រសាសន៍ថា លោកជំទាវមានក្តីរីករាយ ដែលឃើញវត្តមាន របស់អង្គការ NGO ដែលគាំទ្រ ដោយប្រទេស ហ្វាំងឡង់ដ៏ បន្តធ្វើការ និងមានភាពជាដៃគូគ្នា ដ៏ល្អជាមួយនឹងដៃគូ ក្នុងប្រទេសកម្ពុជា។ លោកជំទាវក៏បានជម្រាប ជូនសម្តេច អំពីចំណាប់អារម្មណ៍របស់ហ្វាំងទ្បង់ដ៏ ដែលជួយដល់ការងារ ថាមពលករកើតឡើងវិញ នាពេលកន្លងមក ដល់សហគមន៍តូចៗ មួយចំនួន ក្នុងការបង្កើត នូវគម្រោងអគ្គិសនីតូចៗ តាមរយៈការដុតអង្កាម តាមតំបន់មួយចំនួនផងដែរ។ លោកជំទាវបានបញ្ជាក់ដែរថា លោកជំទាវចង់ឃើញ នូវគម្រោងនេះ បន្តពង្រីកទៅកាន់តំបន់ដទៃទៀត តាមរយៈគម្រោងថាមពលករ កើតឡើងវិញនេះ ហើយលោកជំទាវ ក៏បានជម្រាបដែរថា មានក្រុមហ៊ុនប្រទេសហ្វាំងឡុង ដែលវិនិយោគលើថាមពលករ កើតឡើងវិញនេះ ដែលលោកជំទាវ មានបំណងណែនាំ ដល់ក្រុមហ៊ុនទាំងនោះ ពិនិត្យមើលនូវឱកាស ដើម្បីនាំយកនូវបច្ចេកវិទ្យា ក៏ដូចជាគំនិតល្អពាក់ព័ន្ធ ទៅនឹងថាមពលករ កើតឡើងវិញនេះ ដើម្បីវិនិយោគ នៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានោះដែរ លោកជំទាវ ក៏បានសម្ដែងនូវក្តីរីករាយ ចំពោះលទ្ធផលដ៏ល្អ ដែលអង្គការ NGO របស់ហ្វាំងឡង់ដ៍ ជាមួយភាគីកម្ពុជា បានសម្រេចបាន នៅលើវិស័យអប់រំ កសិកម្ម និងសុខភាពសហគមន៍។

ជាការឆ្លើយតបសម្ដេចក្រឡាហោម បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់ឯកឧត្តម ឯកអគ្គរាជទូត ប្រទេសប៊ែលហ្សិក និងលោកជំទាវ ឯកអគ្គរដ្ឋទូត ប្រទេសហ្វាំងឡុង ចំពោះការជួយគាំទ្រ ដល់ការអភិវឌ្ឍរបស់កម្ពុជា។ សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍ថា ការចូលរួមចំណែក លើវិស័យអប់រំ សុខាភិបាល និងកសិកម្ម គឺជាការងារមួយ ដ៏មានសារៈសំខាន់ក្នុងការរួមចំណែក លើកកម្ពស់ ដល់ជីវភាពរស់នៅ និងការអភិវឌ្ឍន៍ របស់កម្ពុជា ហើយសម្ដេចក៏សង្ឃឹមថា ទំនាក់ទំនង រវាងកម្ពុជា ហ្វាំងឡង់ និងកម្ពុជា បែលហ្សិក នឹងបន្តរីកចំរើន លើគ្រប់វិស័យ ទាំងវិស័យទំនាក់ទំនង កិច្ចការរដ្ឋ ក៏ដូចជាវិស័យវិនិយោគឯកជន៕