កិច្ចប្រជុំបញ្ចប់លើសេចក្តីព្រាង នៃប្រកាសអន្តរក្រសួង ស្ដីពីការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន និងពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួន

26 11 2019

ថ្ងៃអង្គារ ១៥រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបញ្ចប់ លើសេចក្តីព្រាង នៃប្រកាសអន្តរក្រសួង ស្ដីពីការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន និងពិភាក្សាលើវឌ្ឍនភាព នៃការរៀបចំ ប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួន ដោយមានការចូលរួម ពីសមាជិក សមាជិកាគណៈកម្មកាអន្តរក្រសួង និងមន្ត្រីជំនាញ នាយកដ្ឋានពាក់ព័ន្ធ។ 

កិច្ចប្រជុំនេះ ផ្តោតសំខាន់លើការធានា ឱ្យបាននូវធម្មនុញ្ញភាព នៃប្រកាសអន្តរក្រសួង ស្ដីពីការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន និងនីតិវិធីនៃដំណើរ ប្រព័ន្ធលេខពិសេសផ្ទាល់ខ្លួន ដើម្បីឱ្យមានភាពត្រឹមត្រូវ ស្របច្បាប់ទៅតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ផងដែលថា លេខពិសេសផ្ទាល់ខ្លួន ដែលគ្រោងនឹងដាក់ឱ្យដំណើរក្នុងពេលឆាប់ គឺជាលេខដែលផ្នែកខាងលើសរសេរអក្សរខ្មែរ “កម្ពុជា” ផ្នែកកណ្ដាលជា លេខ ឬ/និងអក្សរឡាតាំង ដែលប្រជាពលរដ្ឋ អាចដាក់មិនលើសពី៨ (ប្រាំបី) ខ្ទង់ និងផ្នែកខាងក្រោមសរសេរអក្សរឡាតាំង “CAMBODIA” នៅពីក្រោមបន្ទាត់ផ្តេក ៕