CAMSOC ជំរុញគណៈកម្មការជំនាញចំនួន៦ ដើម្បីត្រៀមដំណើរការនៅដើមឆ្នាំ២០២០

26 11 2019

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ឬហៅកាត់ថា CAMSOC នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកានេះ បានបើកកិច្ចប្រជុំលើកដំបូង ស្ដីពីការត្រួតពិនិត្យ គណៈកម្មការជំនាញ ចំនួន៦ ដើម្បីជំរុញផែនការសកម្មភាព និងកម្មវិធីការងារ សម្រាប់ត្រៀមដាក់ឲ្យដំណើរការ នៅដើមឆ្នាំ២០២០ ខាងមុខ។

កិច្ចប្រជុំនេះបានធ្វើឡើង​ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកម្ពុជា (NOCC) ដឹកនាំដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ របស់ CAMSOC រួមទាំងមន្ដ្រីគណៈកម្មការ ជំនាញទាំង៦ ទី១. គណៈកម្មការកីឡា និងបទប្បញ្ញត្ដិ ទី២. គណៈកម្មការទីលានប្រកួត ទី៣. គណៈកម្ម រវប្បធម៌បរិស្ថាន និងអប់រំកីឡា ទី៤. គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន ទី៥. គណៈកម្មការទីផ្សារ និងចលនាឧបត្ថម្ភ និងទី៦. គណៈកម្មការពិធីបើក-បិទ។

បន្ទាប់ពីចប់កិច្ចប្រជុំលោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា នេះគឺជាកិច្ចប្រជុំលើកទី១ ដើម្បីត្រួតពិនិត្យគណៈជំនាញពិសេសចំនួន៦ ដែលជាគណៈកម្មការឈានមុខ សម្រាប់ធ្វើដំណើរទៅរៀបចំ ផែនការការងារ និងសកម្មភាពរបស់ខ្លួន ចាប់ពីដើមឆ្នាំ២០២០ ខណៈគណៈកម្មការទាំង៦ មានរចនាសម្ព័ន្ធ និងការតែងតាំងរួចរាល់ហើយ នៅឡើយតែការជំរុញបន្ថែម ដើម្បីបំផុសឲ្យមានការរៀបចំសកម្មភាព កម្មវិធីការងារ និងគម្រោងថវិកា សម្រាប់ដំណើរការអមគ្នាជាមួយ CAMSOC ប៉ុណ្ណោះ។

លោកបន្ដថា «អ្វីដែលត្រូវបានសង្កត់ធ្ងន់ ក្នុងកិច្ចប្រជុំ គឺឯកឧត្តមបណ្ឌិត ថោង ខុន បានប្រគល់តួនាទី ឲ្យគណៈកម្មការនីមួយៗត្រូវចាប់ផ្ដើមធ្វើផែនការ ការងាររៀងៗខ្លួន ហើយត្រូវកំណត់ពេលវេលា ត្រួតពិនិត្យការងារជាប្រចាំ។ ចឹងការងារក្នុងគណៈកម្មការជំនាញទាំងអស់ សំខាន់ជាងគេគឺរឿងកម្មវិធី កំណត់ប្រភេទកីឡា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការកំណត់កម្មវិធីផ្សព្វផ្សាយ អប់រំសង្គម ពាក់ព័ន្ធទៅនឹងយុទ្ធនាការមួយចំនួន ឆ្ពោះទៅរកស៊ីហ្គេម និងកម្មវិធីធ្វើគ្រោងឆ្អឹងរៀបចំពិធីបើក-បិទ ដើម្បីឆ្លងថ្នាក់ដឹកនាំជាដើម»។

ទន្ទឹមជាមួយគ្នា រដ្ឋមន្ដ្រី ថោង ខុន ក៏បានជំរុញឲ្យគណៈកម្មការ នីមួយៗ ត្រូវដំណើរការឲ្យបានដាច់ខាត នៅដើមឆ្នាំ២០២០ ដើម្បីបំផុសចលនាផ្សព្វផ្សាយស៊ីហ្គេមផង និងកំណត់ផែនការអភិវឌ្ឍន៍កីឡាផង ព្រោះក្រោយស៊ីហ្គេម ឆ្នាំ២០១៩ កម្ពុជានឹងកំណត់ដំណាក់កាលទី១ ពោល គឺកំណត់ប្រភេទកីឡាគោល សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ហើយដាក់ចេញ នូវវិធានការកសាង ហេដ្ឋារចនាសម្ព័ន្ធកីឡា បូករួមការធ្វើផែនការអភិវឌ្ឍន៍ ដល់ឆ្នាំ២០២៣ ផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន៕