ប្រធានាធិបតីកូរ៉េខាងត្បូង ថ្លែងអំណរអរគុណជូនចំពោះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្តួចផ្តើមឱ្យមានកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ

27 11 2019

ប៊ូសាន, សាធារណរដ្ឋកូរ៉េ៖ កិច្ចប្រជុំកំពូលជាលើកដំបូង នៃប្រទេសតាមដងទន្លេមេគង្គ និងសាធារណរដ្ឋកូរ៉េ ឬហៅថាកូរ៉េខាងត្បូងនោះ បានចាប់ផ្តើមជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសាលសន្និសីទ Nurimaru APEC House នៅមាត់សមុទ្រ ក្នុងទីក្រុងប៊ូសាន ចម្ងាយប្រមាណ ៤៥០គីឡូម៉ែត្រភាគអាគ្នេយ៍ នៃទីក្រុងសេអ៊ូល។

កិច្ចប្រជុំកំពូលជាលើកដំបូង រវាងតាមដងទន្លេមេគង្គ និងសាធារណរដ្ឋកូរ៉េ ធ្វើឡើងក្រោមប្រធានបទ «ផ្លូវទៅកាន់ទន្លេមេគង្គ»។ លោកប្រធានាធិបតី មូន ជេអ៊ីន បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់របស់មេដឹកនាំប្រទេសតំបន់មេគង្គរួមមាន លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ, លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម, លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ, លោកស្រី អ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងសម្តេចតេជោ នាយករដ្ឋមន្រ្ដី ហ៊ុន សែន ។

កិច្ចសហប្រតិបត្តិការ រវាងប្រទេសតាមដងទន្លេមេគង្គ និងសាធារណរដ្ឋកូរ៉េ ត្រូវបានបង្កើតឡើង ក្នុងអំឡុងឆ្នាំ២០១១ ហើយតែងតែមានកិច្ចប្រជុំជាមួយគ្នា ជាទៀងទាត់ផងដែរ។ កិច្ចប្រជុំនោះធ្វើឡើង ត្រឹមកម្រិតរដ្ឋមន្ត្រីការបរទេសតែប៉ុណ្ណោះ ដែលជាហេតុនាំឱ្យមើលឃើញថា កិច្ចពិភាក្សា កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង នៅមានកម្រិត និងមិនទាន់ឈានដល់កម្រិតកំពូលនៅឡើយ។

សម្តេចតេជោ នាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានផ្តួចផ្តើមគំនិត និងស្នើឱ្យមានការបង្កើនកម្រិតកិច្ចប្រជុំ រវាងប្រទេសតាមដងទន្លេមេគង្គ និងសាធារណរដ្ឋកូរ៉េ ពីកម្រិតកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ទៅជាកិច្ចប្រជុំកម្រិតកំពូល ដូចគ្នាទៅនឹងចិន និងជប៉ុនផងដែរ។

លោក មូន ជេអ៊ីន ក្នុងពិធីបើកកិច្ចប្រជុំកំពូល​ នាព្រឹកនេះ បើទោះបីមិនមានវត្តមានសម្តេចតេជោ នាយករដ្ឋមន្រ្ដី ហ៊ុន សែន យ៉ាងណាក៏ដោយនោះ តែលោកបានថ្លែងអំណរគុណ​ ដល់សម្តេចតេជោ នាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលបានផ្តួចផ្តើម ឱ្យមានកិច្ចប្រជុំកំពូលនេះឡើង។

ក្នុងកិច្ចប្រជុំនេះ លោកប្រធានាធិបតី មូន ជេអ៊ីន បានលើកឡើងថា ប្រសិនបើបទពិសោធន៍ នៃការអភិវឌ្ឍរបស់សាធារណរដ្ឋកូរ៉េ ត្រូវបានផ្សំជាមួយសក្ដានុពល នៃតំបន់មេគង្គនោះ អព្ភូតហេតុនៅលើដងទន្លេហាន នឹងនាំទៅរកអព្ភូតហេតុនៃទន្លេមេគង្គ។

លោកបានគូសបញ្ជាក់ថា «កូរ៉េខាងត្បូងនឹងនៅជាមួយមេគង្គដោយជឿជាក់ថា ការអភិវឌ្ឍមេគង្គ ក៏ជាការអភិវឌ្ឍរបស់ប្រទេសកូរ៉េខាងត្បូងផងដែរ»។

លោក មូន ជេអ៊ីន បានលើកឡើងដែរថា ប្រទេសតាមដងទន្លេមេគង្គ បានក្លាយជាទឹកដី ពោរពេញដោយសក្តានុពល នៃការអភិវឌ្ឍ ហើយកូរ៉េខាងត្បូង បានក្លាយជា «មិត្តពិសេស» របស់មេគង្គ ព្រោះតំបន់នេះបានបង្កើត ទំនាក់ទំនងប្រកបដោយវិបុលភាព ជាមួយអាស៊ានក្នុងការត្រៀមរៀបចំ សម្រាប់យុគសម័យអាស៊ី-ប៉ាស៊ីហ្វិក។

ទំហំពាណិជ្ជកម្ម រវាងកូរ៉េខាងត្បូង និងប្រទេសតាមដងទន្លេមេគង្គទាំង៥ មានចំនួនសរុប ៨៤.៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៨ ដែលជាការកើនឡើង ២.៤ ដងក្នុងរយៈពេល៨ឆ្នាំ ក្រោយមានកិច្ចសហប្រតិបត្តិការ រវាងកូរ៉េខាងត្បូង និងប្រទេសតាមដងទន្លេមេគង្គ។

លោកប្រធានាធិបតី បានកត់សម្គាល់ថា ប្រទេសតាមដងទន្លេមេគង្គ បានក្លាយជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់​ របស់កូរ៉េខាងត្បូង ក្នុងនោះជំនួយអភិវឌ្ឍន៍ របស់កូរ៉េខាងត្បូងប្រមាណ ២០ភាគរយ ត្រូវបានផ្តល់សម្រាប់ប្រទេស តាមដងទន្លេមេគង្គទាំង៥នេះ៕