រដ្ឋសភាអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ថវិកាជាតិ សម្រាប់ឆ្នាំ២០២០

26 11 2019

សេចក្តីព្រាងច្បាប់​ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ដែលរៀបចំដោយ រាជរដ្ឋភិបាលកម្ពុជា ត្រូវបានរដ្ឋសភា អនុម័តទាំងស្រុងហើយ នៅក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

ការអនុម័តនេះ បានធ្វើឡើងដោយសំឡេង១០៨។ សម័យប្រជុំពេញអង្គនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក ហេង សំរិន ប្រធានរដ្ឋសភា ដោយមានរបៀបវារ:ចំនួន៤ រួមមាន៖ ទី១៖ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។
ទី២៖ សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រង២០១៨។
ទី៣៖ សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីសហជីព។
ទី៤៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម ឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិក នៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តបទបញ្ញត្តិ នៃអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រង និងការអភិរក្សផល ស្តុកត្រី ផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ។

សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អនុមតកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ហើយបញ្ជូនមកកាន់រដ្ឋសភា។

តាមផែនការ នៅក្នុងឆ្នាំ២០២០ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយសរុបប្រមាណ ៣៣,៣៣៩,៦៣៣លានរៀល ដែលស្មើនឹងប្រមាណ ៨២២៣លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការគ្រប់គ្រងរដ្ឋ។ គម្រោងចំណាយនេះមានប្រមាណ២៨.០១% នៃ ផសស (GDP) និងកើនឡើង ២២.៧ភាគរយ បើធៀបនឹងឆ្នាំ២០១៩។

ក្នុងចំណោមគម្រោងចំណាយថវិកាជាតិជាង ៨ពាន់លានដុល្លារសហរដ្ឋអាមេរិករបស់កម្ពុជា សម្រាប់ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលមានទិសដៅជាយុទ្ធសាស្រ្ត កំណត់ចំណាយថវិកាថ្នាក់ជាតិ ឲ្យស្ថិតក្នុងកម្រិតចំនួន ៣១,០៩៥,៨៥៥លានរៀល ដែលស្មើនឹងប្រមាណជាង៧៦០០លានដុល្លារ ត្រូវជា២៦,១២% នៃផសស កើនឡើង២០,៧% បើធៀបនឹងច្បាប់ឆ្នាំ២០១៩ ដែលក្នុងនោះចំណាយចរន្តថ្នាក់ជាតិ មានចំនួន ១៨,០៣៦,៨៨៤លានរៀល (ប្រមាណ៤៤៥៩លានដុល្លារ) និងចំណាយមូលធនថ្នាក់ជាតិ មានចំនួន ១៣,០៥៨,៩៧១លានរៀល (៣២០០លានដុល្លារ)។

សូមជំរាបថា នៅក្នុងឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចំណាយប្រមាណ ២៧ ១៦៤ ៩៩៦លានរៀល ដែលប្រហាក់ប្រហែលនឹង ៦៧០០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការចំណាយទូទៅរបស់រដ្ឋ ក្នុងឆ្នាំ២០១៩។ ចំនួនបានកើនឡើង១១.៤% បៀបនឹងគម្រោងចំណាយថវិការដ្ឋ ឆ្នាំ២០១៨ ដែលមានចំនួនសរុបចំនួន ២៤,៣៧៥,១០២លានរៀល៕