សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន អបអរសាទរខួប៤១ឆ្នាំ ថ្ងៃបង្កើត «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា»

02​ 12 2019

សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ដែលជាអតីត សមាជិកជាន់ខ្ពស់មួយរូបនៃ « រណសិរ្ស សាមគ្គីសង្រ្គោះជាតិកម្ពុជា » នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអបអរសាទរខួប៤១ឆ្នាំ ថ្ងៃកំណើតចលនា រំដោះជាតិ និងជីវិតប្រជាពលរដ្ឋកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍មួយនេះ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់នៅលើ Facebook ថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ១៩៧៨ និងបានប្រកាសចេញសេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។

សម្តេចតេជោ នាយករដ្ឋមន្ត្រីបន្តថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គី ប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើរូបទៀត ក្នុងការរៀបចំកម្លាំង ផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជំនះ លើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។

សូមបញ្ជាក់ថា ថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំង មហាជនមួយឈានមុខ របស់គណបក្សប្រជាជន កម្ពុជា បានបដិសន្ធិឡើង នៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។

ឆ្លើយតបទៅ នឹងការអំពាវនាវ របស់រណសិរ្ស ប្រជាជនគ្រប់ទិសទី បានក្រោកឈររួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភ យ៉ាងធំធេងពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រ ពីមិត្ដភក្ដិជិតឆ្ងាយ លើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជា ប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះ ដ៏ត្រចះត្រចង់ នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។

មហាជ័យជម្នះ ៧មករា ១៩៧៩ បានបពា្ចប់ នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាន នៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើង នូវសករាជថ្មី ប្រជាជនកម្ពុជាយើង ក៏បានទទួលមកវិញ នូវសិទ្ធិសេរីភាព និងឱកាស ដើម្បីស្ដារ កសាងមាតុភូមិ របស់ខ្លួនឡើងវិញ។ ប្រជាជនគ្រប់រូប សុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗ ដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ» ៕