សម្តេចក្រឡាហោ ឧបនាយករដ្ឋមន្ដ្រី ស ខេង អញ្ជើញជាអធិបតីប្រារព្ធទិវាជនមានពិការភាពកម្ពុជា លើកទី២១ និងអន្ដរជាតិលើកទី៣៧

03 12 2019

សម្តេចក្រឡាហោ ឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយស ក្រុមការងារសកម្មភាពជនពិការ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងសន្និបាតបូកសរុបការអនុវត្ត ផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីពិការភាព ២០១៤-២០១៨ និងពិធីប្រកាស ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីពិការភាព ២០១៩-២០២៣ ព្រមទាំងទិវា ជនមានពិការភាពកម្ពុជា លើកទី២១ និងអន្ដរជាតិលើកទី៣៧។

សូមជម្រាបថា សម្តេចតេជោ នាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ បានផ្ញើសារលិខិតជូនជនរួមជាតិ ក្នុងឱកាសសន្និបាត បូកសរុបការអនុវត្ត ផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីពិការភាព ២០១៤-២០១៨ និងការប្រកាសដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីពិការភាព២០១៩-២០២៣ ព្រមទាំងទិវា ជនមានពិការភាពកម្ពុជា លើកទី២១ និងទិវាជនមានពិការភាពអន្ដរជាតិ លើកទី៣៧នេះផងដែរ។

ក្នុងសារលិខិតដែលទទួលបាន សម្តេចតេជោ នាយករដ្ឋមន្រ្ដី ហ៊ុន សែន បានគូសបញ្ជាក់ថា សិទ្ធិរបស់ជនមានពិការភាព ក៏ត្រូវបានការពារដោយច្បាប់ជាតិ និងអន្ដរជាតិ ក្នុងគោលបំណង ការពារសិទ្ធិសេរីភាព ការពារផលប្រយោជន៍ ទប់ស្កាត់ កាត់បន្ថយ លុបបំបាត់ ការរើងអើងចំពោះ ជនមានពិការភាព ដើម្បីធានាដល់សិទ្ធិស្មើភាពគ្នា នៃសកម្មភាពក្នុងសង្គម រវាងជនមានពិការភាព និងមិនមានពិការភាព។

សម្តេចតេជោ នាយករដ្ឋមន្រ្ដី ហ៊ុន សែន បានឱ្យដឹងថា ជនមានពិការភាព ត្រូវបានផ្តល់អាទិភាព ក្នុងការជ្រើសរើសឱ្យចូលបម្រើការងារ នៅក្នុងក្រសួង ស្ថាប័នរដ្ឋចំនួន៤០ ដោយគិតក្នុងឆ្នាំ២០១៩នេះ ជនមានពិការភាព បានចូលបម្រើការងារសរុប ចំនួន២,៨៦០នាក់ ស្រ្តីមានពិការភាព ចំនួន៧៨៩នាក់។ ក្នុងនោះពិការកម្រិតធ្ងន់មាន ចំនួន១,៥៥៧នាក់ ដែលក្នុងម្នាក់គិតស្មើនឹងចំនួន២នាក់ មានចំនួនសរុប៤,៤១៧នាក់ ស្មើនឹង១,៩៥ភាគរយ ហើយបច្ចុប្បន្នគ្រប់ក្រសួង ស្ថាប័នរដ្ឋកំពុងជ្រើសរើស ឱ្យគ្រប់តាមអត្រាកំណត់ចំនួន២ភាគរយ នៅក្នុងឆ្នាំ២០១៩។

ដោយឡែកនៅវិស័យឯកជន ចំនួន១០២អង្គភាព ដែលបានចុះបញ្ជី បានជ្រើសរើសនិយោជិក មានពិការភាពសរុប ចំនួន៣,៧៩២នាក់ ស្មើ២,៩៤ភាគរយ ក្នុងនោះមានស្រ្តីមានពិការភាព ចំនួន២,១៦២នាក់ ៕