បុរសម្នាក់តែងខ្លួនជាសាន់តាយ៉ាងស្រស់សង្ហា តែបែរជាចោរប្លន់គេទៅវិញ

ពុធ ២៥ ធ្នូ, ២០១៣ ម៉ោង ១៣:៤៥

អង់គ្លេស៖ បុរសជនជាតិអង់គ្លេសម្នាក់ បានតែងខ្លួនជាសាន់តាយ៉ាងស្រស់ស្អាត ប៉ុន្តែតាមពិតទៅ គឺជាចោរប្លន់ម្នាក់សោះ ដែលបានចូលប្លន់ហាងមួយកន្លែង ស្ថិតក្នុងទីក្រុង Oxford ប្រទេសអង់គ្លេស។

យោងតាមប្រភពព័ត៌មាន ម៉េត្រូ របស់ប្រទេសអង់គ្លេស បានឲ្យដឹងថា បុរសជនជាតិអង់គ្លេសម្នាក់ បានតែងខ្លួនជាសាន់តា យ៉ាងស្រស់សង្ហា ចូលទៅប្លន់ហាងមួយកន្លែង មានឈ្មោះថា “Next” ស្ថិតក្នុងទីក្រុង Oxford ប្រទេសអង់គ្លេស។ ប្រភពដដែលបានបន្តទៀតថា បុរសក្លែងខ្លួនជាសាន់តារូបនេះ បានកាន់កូនកាំបិទមួយ ចូលទៅ ហាងឈ្មោះ Next ដែលស្ថិតក្នុងសួនមួយកន្លែង មានឈ្មោះថា Oxford Retail Park កាលពីវេលាម៉ោង ៩ និង ៣០នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ កន្លងទៅនេះ រួចយកកាំបិទគំរាមបុគ្គលិកក្នុងហាង ដើម្បីឲ្យប្រគល់ប្រាក់។

ក្រោយកើតហេតុ បុរសតែងខ្លួនជាសាន់តារូបនេះ បានរត់គេចខ្លួនបាត់ស្រមោលតែម្តង។

បើតាមសម្តីប៉ូលីស បានប្រាប់ឲ្យដឹងថា “នេះគឺជាហេតុការណ៏ដ៏តក់ស្លុតមួយ សម្រាប់បុគ្គលិកក្នុងហាង។ យើងនឹងប្រាប់ទៅគ្រប់គ្នា ដែលមកទិញទំនិញក្បែរសួន Oxford Retail Park នៅក្នុងព្រឹកនេះ ឲ្យមានការប្រុងប្រយ័ត្ន និងផ្តល់ដំណឹងជាបន្ទាប់ ប្រសិនបើឃើញបុរសម្នាក់ ដែលតែងខ្លួនជាសាន់តា និងជិះម៉ូតូមួយគ្រឿង ហើយមិននិយាយរកនរណាទាំងអស់៕”