អាកាសធាតុចុះត្រជាក់ខ្លាំង! សូមអំពាវនាវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងថែរក្សាសុខភាព ជាពិសេសវីរកងទ័ពឈរជើងតាមព្រំដែន

09 12 2019

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញសេចក្តី ជូនដំណឹងថ្មីមួយ ដោយអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋ ពិសេសវីរកងទ័ព ដែលឈរជើង នៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សូមបន្តប្រុងប្រយ័ត្នបង្ការ និងថែរក្សាសុខភាព ពីធាតុអាកាស ដែលអាចចុះត្រជាក់ ចាប់ពីថ្ងៃទី១០ ដល់ ១៣ ខែធ្នូ ឆ្នាំ២០១៩។

បើតាមក្រសួង ធនធានទឹក ចាប់ពីថ្ងៃទី១០ ដល់ ១៣ ខែធ្នូ ធាតុអាកាស នៅកម្ពុជាមានដូចជា៖
១៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងប៉ៃលិន សីតុណ្ហភាព អប្បបរមាមានពី១៧-១៩អង្សាសេ និងសីតុណ្ហភាព អតិបរមាមាន ពី២៤-២៦អង្សាសេ។
២៖ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ធំ ពោធិ៍សាត់ ក្រចេះ និងកោះកុង សីតុណ្ហភាព អប្បបរមាមានពី១៩-២១អង្សាសេ និងសីតុណ្ហភាព អតិបរមាមាន ពី២៥-២៧អង្សាសេ។
៣៖ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ និងរាជធានីភ្នំពេញ សីតុណ្ហភាព អប្បបរមាមានពី២០-២២អង្សាសេ និងសីតុណ្ហភាព អតិបរមា មានពី២៧-២៩អង្សាសេ។
៤៖ ខេត្តតាកែវ កែប កំពត និងព្រះសីហនុ សីតុណ្ហភាព អប្បបរមា មានពី២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី២៨-៣០អង្សាសេ ៕