ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសបច្ចេកវិទ្យាព័ត៌មានវិទ្យា

09 12 2019

នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៩ ក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ បន្តកិច្ចប្រជុំពិភាក្សា និងពិនិត្យលើសេចក្តីព្រាងច្បាប់​ ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន និងឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការ ចូលរួមពី តំណាងអគ្គនាយកដ្ឋាននានា របស់ក្រសួង មន្រ្តីជំនាញផ្នែកច្បាប់ និងអង្គភាពជំនាញពាក់ព័ន្ធជាច្រើនផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីសិក្សាបន្តទៅលើសេចក្ដីព្រាងច្បាប់ បទល្មើសបច្ចេកវិទ្យាព័ត៌មាន ក្នុងគោលបំណងធានាសុច្ចរិតភាព នៃការប្រើប្រាស់ ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ ទិន្នន័យកុំព្យូទ័រ និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការការពារសិទ្ធិសេរីភាពបុគ្គល ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបការប្រព្រឹត្ត បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានវិទ្យា។

ច្បាប់នេះ មានវិសាលភាពអនុវត្ត ចំពោះបទល្មើសបច្ចេកវិទ្យាព័ត៌មាន ដែលប្រព្រឹត្តនៅក្នុង ឬក្រៅព្រះរាជាណាចក្រកម្ពុជា ហើយដែលអំពើនោះធ្វើឱ្យប៉ះពាល់ ដល់រូបវន្តបុគ្គល នីតិបុគ្គល សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ឬផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា។
សេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ មាន ៧ជំពូក ៤៨មាត្រា ហើយក្រុមការងារបាន នឹងកំពុងតែប្រមូលធាតុផ្សំផ្សេងៗ ដែលពាក់ព័ន្ធ ដើម្បីដាក់ចូលទៅក្នុងសេចក្តីព្រាងច្បាប់នេះ ហើយខ្លឹមសារនៅក្នុងច្បាប់នេះ ក៏មានចែងអំពីការផ្ដន្ទាទោសផងដែរ៕