រដ្ឋបាលខេត្តសៀមរាបរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្កសៀមរាបអាណត្តិទី៣ គោលដៅទី៣ នៅស្រុកអង្គរធំ

09 12 2019

វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ គឺជាឧបករណ៍ដ៏មានសារសំខាន់ លើកិច្ចដំណើរការអភិបាលកិច្ច របស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ និង ជាយន្តការមួយ ក្នុងការពង្រឹងនីតិរដ្ឋ អភិបាលកិច្ចល្អនៅមូលដ្ឋាន ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និង ឯកឧត្តម ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការ អញ្ជើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព តំណាងអង្គការសង្គមស៊ីវិល សិស្សានុសិស្ស អាជ្ញាធរ និង ប្រជាពលរដ្ឋមកពីស្រុក បន្ទាយស្រី និង ស្រុកអង្គរធំ នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាស្រុកអង្គរធំ ។

អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ក គឺជាការផ្តល់ឱកាស សម្រាប់ប្រជាពលរដ្ឋ នៅមូលដ្ឋាន បានលើកឡើងពីបញ្ហាប្រឈម ក្តីកង្វល់ សំណូមពរ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋាន មានសមត្ថកិច្ច បណ្តាអង្គភាពពាក់ព័ន្ធ ពិនិត្យដោះស្រាយ និងឆ្លើយតប ចំពោះតម្រូវការទាំងនោះ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ត្រូវបានធ្វើឡើង ក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗ ។

ឯកឧត្តម អ៊ាន ឃុន មានប្រសាសន៍ឲ្យដឹងថា វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់នេះ គឺជាឧបករណ៍ដ៏មានសារសំខាន់ សម្រាប់លើកកំពស់គណនេយ្យភាព តម្លាភាព ការឆ្លើយតប និងការចូលរួមរបស់ប្រជាពលរដ្ឋ គ្រប់ស្រទាប់ ទាំងបុរស ស្រ្តី យុវវ័យ និងជនងាយរងគ្រោះ លើកិច្ចដំណើរការអភិបាលកិច្ច របស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ។

អង្គវេទិការបស់ក្រុមប្រឹក្សា ខេត្តសៀមរាបអាណត្តិទី៣ គោលដៅទី៣នេះ មានសមាជិកសមាជិកា ចូលរួមសរុប ប្រមាណជាង៥១៤នាក់ ស្រី ១៧២នាក់ និង វាគ្មិនតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត ចំនួន៤៤នាក់ ។ អង្គវេទិកាទទួលបានសំណួរ និង កង្វល់ផ្ទាល់មាត់ពីបងប្អូន ប្រជាពលរដ្ឋចំនួន ១៣សំណួរ-សំណូមពរ ដែលត្រូវបានវាគ្មិនបកស្រាយបំភ្លឺ ១១សំណួរសំណូមពរ និង ស្ថិតក្នុងការតាមដានបន្ត ២សំណួរ ។ ដោយឡែកសំណួរ-សំណូមពរ ជាលាយលក្ខ័ជាអក្សរ មិនទាន់បានឆ្លើយបំភ្លឺ មានចំនួន ៣០សំណួរ-សំណូមពរ ដែលក្រុមប្រឹក្សាខេត្ត ទទួលយកទៅពិនិត្យពិភាក្សា ក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយតប ជម្រាបជូនដំណឹងជាលាយលក្ខណ៏អក្សរ ដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋ តាមរយៈក្រុមប្រឹក្សាឃុំ ។ ក្នុងនោះដែរសមាជិក នៃអង្គវេទិកា បានលើកនូវសំណួរសំណូមពរ អំពីទុក្ខកង្វល់របស់ពួកគាត់ នៅតាមមូលដ្ឋាន ដោយបានផ្តោត ទៅលើបញ្ហា ដីធ្លី(ការធ្វើប័ណ្ណកម្មសិទ្ធិ សម្គាល់អចនទ្រព្យ) , ផ្លូវថ្នល់ , បរិស្ថាន , រ៉ែថាមពល , ហេដ្ឋារចនាសម្ព័ន្ធ ,អត្តសញ្ញាណកម្ម (សៀវភៅគ្រួសារ,អត្តសញ្ញាណប័ណ្ណ) ,តម្លៃកសិផល ( ស្រូវ , ដំឡូង , ស្វាយ និង គ្រាប់ស្វាយចន្ទី ) ,ការងារសាសនា ។

ឯកឧត្តម អ៊ាន ឃុន ក៏បានធ្វើការថ្លែងអំណរគុណ ពីការចូលរួម របស់សមាជិក សមាជិកា នៃអង្គវេទិកាទាំងមូល អាចនិយាយបានថា ជាកម្លាំង ចលករជម្រុញ ឲ្យមានការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ កាន់តែមានល្បឿន ទៅមុខ ហើយនេះក៏ជាសកម្មភាព ធ្វើឲ្យថ្នាលលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា កាន់តែចាក់ឫសជ្រៅ នៅសហគមន៍មូលដ្ឋាន ព្រឹត្តិការណ៏នេះ វាក៏ជាយន្តការមួយផងដែរ ក្នុងការពង្រឹងនីតិរដ្ឋ និង អភិបាលកិច្ចល្អ នៅមូលដ្ឋានបន្ថែមទៀត ៕