កូរ៉េបន្តជួយកម្ពុជាលើការពង្រឹងសុវត្ថិភាពការងារ និងសុខភាពការងាររយៈពេល៣ឆ្នាំទៀត

10 12 2019

ទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារកូរ៉េ (KOSHA) បានសម្រេច បន្តកិច្ចសហប្រតិបត្តិការ ជួយពង្រឹងសុវត្ថិ ភាព និងសុខភាពការងារ ជាមួយកម្ពុជា ជាលើកទី៤ រយៈ ពេល ៣ឆ្នាំទៀត (២០១៩-២០២២) ក្រោយអនុវត្តចំនួន ៣លើកមកហើយ តាំងពីឆ្នាំ២០១០មក។ ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានធ្វើឡើងរវាងលោក ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ ជាមួយលោក Chuil-woo LEE អនុប្រធានទីភ្នាក់ងារ KOSHA របស់សាធារណរដ្ឋកូរ៉េ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៩ នៅខេត្តសៀមរាប។

គោលបំណង នៃការអនុវត្តកិច្ចសហប្រតិបត្តិការស្ដីពីសុវ ត្ថិភាព និងសុខភាពការងារនេះ គឺដើម្បីគាំទ្រ និងកសាងសមត្ថភាពដល់ប្រទេសកម្ពុជា ក្នុងវិស័យសុវត្ថិភាព និងសុខភាពការងារ ព្រមទាំងរួមចំណែក ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត នៃប្រទេសទាំងពីរផងដែរ។ ក្នុងការអនុវត្តគម្រោង ៣លើកកន្លងមក ភាគីទាំងពីក៏បានបញ្ជូនអ្នកជំនាញ និងបណ្ដុះ បណ្ដាលជនបង្គោលទៅវិញទៅមកផងដែរ។

ទីភ្នាក់ងារ KOSHA មួយនេះបានជួយកម្ពុជាច្រើន ណាស់ ក្នុងនោះមានដូចជា៖
១. ការពង្រឹងសមត្ថភាពមន្ត្រី ទទួលបន្ទុកផ្នែកសុវត្ថិភាព និងសុខភាពការងារ តាមរយៈការដកស្រង់ស្តីពីសុខភាព និងសុវត្ថិភាពការងារ នៅសាធារណរដ្ឋកូរ៉េ។
២. ការបញ្ជូនអ្នកជំនាញផ្នែកសុវត្ថិភាព និងសុខភាព មកបណ្តុះបណ្តាលមន្ត្រីផ្នែកសុវត្ថិភាព និងសុខភាពការងារកម្ពុជា។
៣. ការរៀបចំផលិតខិតបណ្ណណែនាំ ស្លាកសញ្ញាដើម្បីផ្សព្វផ្សាយ និងលើកការយល់ដឹង ស្តីពីសុវត្ថិភាព និងសុខភាពការងារ ដល់កម្មករនិយោជិតនៅកន្លែងធ្វើការ។
៤. ចែករំលែកព័ត៌មាន ឯកសារបច្ចេកទេស និងឧបករ ណ៍ពាក់ព័ន្ធសុវត្ថិភាព និងសុខភាពការងារដល់ក្រសួង ការងារ៕