ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ធ្វើទស្សនកិច្ចនៅចំការមីន

10 12 2019

ឯកឧត្តម Masahiro MIKAMI ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា និងប្រធាន ទីភ្នាក់ងារកិច្ចសហប្រតិបតិ្តការ អន្តរជាតិជប៉ុន (JICA) ព្រមទាំងប្រតិភូ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញធ្វើទស្សនកិច្ច នៅចំការមីន នៃឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលជាគំរោងបោសសំអាត ចំការមីន ដើម្បីភូមិសុវត្ថិភាព ដែលអនុវត្តន៍ ដោយអង្គការ JMAS របស់ជប៉ុន និងអង្គភាព CMAC។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកស៊ីម៉ាក់។ គំរោងសំអាតចំការមីន ដើម្បីភូមិសុវត្ថិភាពនេះ មានការបោសសំអាតមីន និងគាំទ្រការអភិវឌ្ឍន៍ជនបទ ដូចជាសាងសង់សាលារៀន ធ្វើផ្លូវជនបទផងដែរ។

គួររំលឹកថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ អង្គការ JMAS របស់ជប៉ុន បានចុះកិច្ចព្រមព្រៀង ជាមួយ អង្គភាពស៊ីម៉ាក់ របស់កម្ពុជា ដើម្បីផ្តល់ជំនួយគាំទ្រ ដល់សហគមន៍រងគ្រោះ ដោយសារតំបន់គ្រាប់មីន តាមរយៈគម្រោង កសាងភូមិសុវត្ថិភាព ដែលមានថវិកាគាំទ្រគម្រោងចំនួន១២៩,០៨០ដុល្លារ។

គម្រោងនេះមានរយ:ពេលពេល ១២ខែ (០១ ខែមេសា ឆ្នាំ២០១៩ ដល់ ៣១ ខែមីនា ឆ្នាំ២០២០ ) ដែល អនុវត្តទៅលើស្រុក ចំនួន ២ គឺស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងស្រុក បាណន់ ខេត្តបាត់ដំបង។ គំរោងនេះ គាំទ្រថវិកាដោយក្រុមហ៊ុន Kumatsu ជប៉ុន ហើយកន្លងមកបានជួយកសាងសាលារៀន នៅទីជនបទ ចំនួន៩ខ្នង ស្រះទឹកខ្នាតធំចំនួន៥២ និងផ្លូវជនបទមួយចំនួន៕