យន្តហោះដឹកមនុស្ស១០០នាក់ ធ្លាក់ចំលើអគារក្នុងទីក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន

27-12-2019

យន្តហោះមួយគ្រឿង ដឹកមនុស្សសរុប ១០០នាក់ បានធ្លាក់នៅក្បែរអាកាសយានដ្ឋាន នៅក្នុងទីក្រុងអាល់ម៉ាធី (Almaty) ជាទីក្រុងធំ​បំផុត​នៃប្រទេសកាហ្សាក់ស្ថាន ខណៈមនុស្សចំនួន ០៧នាក់​ ត្រូវបានគេរាយការណ៍ថា បាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ Sputnik មុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០១៩ ។ អាជ្ញាធរកាហ្សាក់ស្ថាន បានបញ្ជាក់ ប្រាប់អ្នកសារព័ត៌មាននានាថា នៅលើយន្តហោះគឺអ្នកដំណើរសរុប ៩៥នាក់ និងសហសេវិក ០៥នាក់ ដែលសរុបទាំងអស់គឺ ១០០នាក់។ យន្តហោះ របស់អាកាសចរណ៍ Bek Air មួយនេះត្រូវបាន គេមើលឃើញថា បានធ្លាក់ចំ ពីលើអគារកម្ពស់ ០២ជាន់ ដែលស្ថិត នៅក្បែរ អាកាសយានដ្ឋាន ក្រោយការព្យាយាមហោះឡើងខុសបច្ចេកទេស ។ យន្ដហោះខាងលើ មានគោលដៅ ចេញដំណើរពីទីក្រុង Almaty ឆ្ពោះទៅកាន់រដ្ឋធានី ណួរស៊ុលតាន់ (Nur-Sultan) នៃប្រទេសកាហ្សាក់ស្ថាន ប៉ុន្តែស្រាប់តែបាត់ចេញពីប្រព័ន្ធរ៉ាដា ក្រោយហោះឡើងបន្តិច ហើយភ្លាមៗ មិនទាន់មានការបញ្ជាក់ ពីមូលហេតុធ្លាក់នៅឡើយទេ ខណៈព័ត៌មានបឋមអះអាងថា យន្ដហោះនេះ មានបញ្ហាពេលហោះឡើង ។

គួរបញ្ជាក់ថា ក្រោយពេលធ្លាក់យន្ដហោះនេះ មិនបានបង្កជាអគ្គីភ័យ ឆាបឆាបឆេះនោះទេ ហើយប្រតិបត្តិការ ជួយសង្រ្គោះ កំពុងបន្តធ្វើឡើង រីឯក្រសួងឧស្សាហកម្ម និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កាហ្សាក់ស្ថាន បានសម្រេចចិត្តផ្អាក ការហោះ ហើររបស់ យន្ដហោះម៉ាក Fokker-100 នៅក្នុងប្រទេស ដែលត្រូវបានផលិតឡើងដោយ ក្រុមហ៊ុនផលិត យន្ដហោះហូឡង់ ហ្វូកខឺ (Fokker) ។