ចិនអំពាវនាវម្តងទៀតឲ្យអាមេរិក (ឈប់លូកលាក់កិច្ចការផ្ទៃក្នុង) ដូចជាបញ្ហាកោះតៃវ៉ាន់ ក្រុងហុងកុង និងតំបន់ស៊ីនជាំងរបស់ចិន

27-12-2019

(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួង ការពារជាតិចិន លោក វូ កៀន (Wu Qian) បានជំរុញឱ្យសហរដ្ឋអាមេរិក កុំអនុវត្តនូវមាត្រា នៃច្បាប់ស្ដីពីវិស័យការពារជាតិ ឆ្នាំ២០២០ (NDAA) ដែលបង្កផលប៉ះពាល់អវិជ្ជមាន ដល់ប្រទេសចិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០១៩ ។ នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក Wu បាននិយាយថា មាត្រាដែលបង្កផលប៉ះពាល់អវិជ្ជមាន ដល់ចិន គឺពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ហុងកុង និងតំបន់ស៊ីនជាំង ដែលសុទ្ធសឹងតែជាកិច្ចការផ្ទៃក្នុង របស់ទីក្រុងប៉េកាំង។ អ្នកនាំពាក្យរូបនេះបន្ថែមថា ចំណុចអវិជ្ជមានទាំងនោះ ក៏ឆ្លុះបញ្ចំងផងដែរ អំពីគំនិតចង់បង្កសង្រ្គាមត្រជាក់ ដោយសំអាងលើការចោទប្រកាន់ថា ចិនបង្ក ការគំរាមកំហែង ខាងយោធា ។ លោក Wu បានគូសបញ្ជាក់យ៉ាងថា (យើងជំរុញឱ្យសហរដ្ឋអាមេរិក បោះបង់ចោលគំនិត ចង់បង្កសង្រ្គាម និងបញ្ឈប់ការលូកដៃចូលកិច្ចការផ្ទៃក្នុង របស់ចិន តាមរយៈការមិនអនុវត្ត នូវមាត្រានៃច្បាប់ NDAA ដែលបង្ក ផលអវិជ្ជមានដល់ចិន ដើម្បីថែរក្សាទំនាក់ទំនងទ្វេភាគី និងទំនាក់ទំនងយោធា ដ៏ល្អរវាងប្រទេសទាំងពីរ) ។ គួរជម្រាបថា ច្បាប់ស្ដីពីវិស័យការពារជាតិ ឆ្នាំ២០២០ NDAA របស់លោក ដូណាល់ ត្រាំ ត្រូវបានសភាទាំងពីរ អនុម័តនៅក្នុងខែធ្នូនេះ ជាមួយការទម្លាក់ កញ្ចប់ថវិកាយោធា ដ៏ច្រើនមហិមាដល់ទៅ ៧៣៨ពាន់លានដុល្លារ យកទៅប្រើប្រាស់សម្រាប់ បម្រើសកម្មភាព យោធាអាមេរិក ជាច្រើនមុខងារ នៅលើពិភពលោក និងបង្កើតកងទ័ពអវកាស ដែលមានគោលដៅ ទប់ស្កាត់ឥទ្ធិពលចិន និងរុស្ស៊ី នៅទីអវកាស ។