លោក គីម ជុងអ៊ុន ព្រមានលុបចោលការផ្អាកតេស្តនុយក្លេអ៊ែរ និងងាកទៅអភិវឌ្ឍអាវុធយុទ្ធសាស្ត្រថ្មី ហើយពិភពលោកនឹងបានភ្លឺភ្នែក!

02-01-2020

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមានធ្ងន់ៗថា លោកនឹងលុបចោលការ ផ្អាកសកម្មភាពតេស្ដអាវុធនុយក្លេអ៊ែរ ដែល ទីក្រុងព្យុងយ៉ាងធ្លាប់ បានសន្យា និងប្រតិបត្តិការ យ៉ាខ្ជាប់ខ្ជួនកន្លងមក ហើយនឹងចាប់ផ្ដើម អភិវឌ្ឍអាវុធយុទ្ធសាស្ត្រ ថ្មីមួយ ដើម្បីការពារសន្តិសុខជាតិ រហូតទាល់តែ សហរដ្ឋអាមេរិក បញ្ឈប់សកម្មភាព អរិភាពប្រឆាំង ទីក្រុងព្យុងយ៉ាង ។ នេះបើតាមការ ចេញផ្សាយដោយ សារព័ត៌មាន ចូសាន់ អ៊ីលបូ (Chosun Ilbo) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២០ ។

ការព្រមានបែបនេះ របស់លោក គីម ជុងអ៊ុន ធ្វើឡើងនៅក្នុង កិច្ចប្រជុំពេញអង្គ នៃគណបក្សពលករកូរ៉េ និងត្រូវបាន ដកស្រង់សម្ដីដោយ សារព័តមានរដ្ឋ KCNA ដែលបានបញ្ជាក់ថា មេដឹកនាំកំពូលកូរ៉េខាងជើង ក៏បានសង្កត់ធ្ងន់ អំពីការរំសាយ អាវុធនុយក្លេអ៊ែរ ឬស្ថានភាពនៅលើ ឧបទ្វីបកូរ៉េ គឺអាស្រ័យលើ ទង្វើរបស់សហរដ្ឋអាមេរិក នៅពេលអនាគត ។ ស្ថិតនៅក្នុងកិច្ចប្រជុំ លោក គីម បានគូសបញ្ជាក់ យ៉ាងដូច្នេះថា (ទីក្រុងព្យុងយ៉ាង នឹងបន្តអភិវឌ្ឍអាវុធ យុទ្ធសាស្ត្រថ្មី ដើម្បី ការពារសន្តិសុខជាតិ ហើយពិភពលោក នឹងបានភ្លឺភ្នែកដោយសារ អាវុធថ្មីនេះ នៅពេលអនាគត ។ យើងមិនអាចបោះបង់ចោល សន្តិសុខជាតិ ដែលជាអនាគត របស់យើង ជាថ្នូរនឹងការទទួលមកវិញ នូវសម្បទានសេដ្ឋកិច្ចនោះទេ) ។

គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន មិនបានបញ្ជាក់ លម្អិតថា អាវុធយុទ្ធសាស្ត្រ ថ្មីនោះគឺជាអ្វី ឱ្យប្រាកដនោះទេ តែគេជឿជាក់ថា អាចជាមីស៊ីល បាលីស្ទីគអន្តរទ្វីប ឬក៏មីស៊ីលបាញ់ចេញ ពីនាវាមុជទឹក ដែលអាចបំពាក់ក្បាល គ្រាប់នុយក្លេអ៊ែរ ។ ម្យ៉ាងវិញទៀតលោក គីម នៅមិនទាន់ថ្លែងសារ ចូលឆ្នាំថ្មីនៅឡើយទេ ហើយការព្រមាន របស់លោកបែរជា ធ្វើឡើង នៅក្នុងកិច្ចប្រជុំ បក្សពលករទៅវិញ ខណៈគេសង្ស័យថា នេះអាចជាលុបចោល ឬពន្យារពេលថ្លែងសារ ចូលឆ្នាំថ្មី ដែលមិនធ្លាប់មាន ក្នុងរយៈពេល ៣៣ឆ្នាំមកនេះ .