ក្រុមបាតុករអ៊ីរ៉ាក់ យល់ព្រមដកថយ បន្ទាប់ពីអុកឡុកស្ថានទូតអាមេរិក ពីរថ្ងៃជាប់ៗគ្នាមកនេះ

02-01-2020

ក្រុមបាតុករ ដែលនាំគ្នាធ្វើ បាតុកម្មតវ៉ា នៅខាងក្រៅ ស្ថានទូតអាមេរិក ប្រចាំទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ បានយល់ព្រម ដកថយចេញ ពីបរិវេណស្ថានទូត ហើយ បន្ទាប់ប៉ះទង្គិច គ្នាដោយហិង្សាជា មួយយោធាអាមេរិក អស់រយៈពេល២ថ្ងៃ ជាប់ៗគ្នាមកនេះ ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២០ ។

កាលពីថ្ងៃអង្គារ កន្លងទៅ ស្ថានទូតអាមេរិក ប្រចាំទីក្រុងបាកដាដ បានរងការវាយប្រហារ ដោយក្រុមបាតុករ អ៊ីរ៉ាក់ ដែលខឹងសម្បារ នឹង ការវាយប្រហារ តាមផ្លូវអាកាសរបស់ សហរដ្ឋអាមេរិក ប្រឆាំងនឹងកងជីវពល មួយក្រុមគាំទ្រដោយអ៊ីរ៉ង់ ។ ការប៉ះទង្គិចគ្នា បានបន្តរហូត មកដល់ ថ្ងៃពុធម្សិលមិញ ដោយលើកនេះក្រុមបាតុករ បាននាំគ្នាយក ដុំថ្មគប់លើស្ថានទូត ដែលជាហេតុ បង្ខំឱ្យយោធាមេរិក ប្រើប្រាស់ឧស្ម័នបង្ហូរ ទឹកភ្នែក ជាការឆ្លើយតប ។ តែយ៉ាងណា ក៏ដោយ រដ្ឋាភិបាលអ៊ីរ៉ាក់ បានប្រកាសថា ក្រុមបាតុករទាំងអស់ បានយល់ព្រមដកថយ ចេញពីស្ថានទូតអាមេរិក ហើយ ក្រោយមានការ អំពាវនាវឱ្យមាន ការរក្សាភាពស្ងប់ស្ងាត់ ។ គួរជម្រាបថា បាតុកម្មតវ៉ាប្រឆាំង សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ បានផ្ទុះឡើង បន្ទាប់ពី ទីក្រុងវ៉ាស៊ីនតោន ដឹកនាំការវាយប្រហារ តាមផ្លូវ អាកាស កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន លើតំបន់ភាគខាងលិច ប្រទេសអ៊ីរ៉ាក់ និងភាគខាងកើត ប្រទេសស៊ីរី ដោយផ្ដាច់ជីវិត សមាជិកកងជីវពល Kataib Hezbollah គាំទ្រដោយអ៊ីរ៉ង់ យ៉ាងហោច ណាស់២៥នាក់ ។ ការវាយប្រហារ តាមផ្លូវកាសនេះត្រូវបាន យោធាអាមេរិក អះអាងថាជាការ សងសឹកទៅ នឹងការវាយប្រហារ លើមូលដ្ឋានទ័ពអាមេរិក ក្នុងទីក្រុង Kirkuk ដែលបានផ្ដាច់ ជីវិតមន្ត្រីស៊ីវិល អាមេរិកម្នាក់។ ដោយឡែក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានចោទប្រកាន់ អ៊ីរ៉ង់ដែរថាជាអ្នកនៅ ពីក្រោយការវាយប្រហារលើ ស្ថានទូតអាមេរិក ជាមួយការសន្យាថា នឹងឱ្យទីក្រុងតេហេរ៉ង់ ទទួលខុសត្រូវទាំង ស្រុងចំពោះទង្វើមួយនេះ ខណៈប្រមុខការពារជាតិ អាមេរិកប្រកាស បញ្ជូនកងទ័ព បន្ថែម៧៥០នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា ។