តំណាងអង្គការ JICA ស្វែងរកការគាំទ្រពីអាជ្ញាធរជាតិអប្សរាក្នុងគម្រោង Smart Cities

08 01 2020

នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ តំណាងអង្គការ JICA ប្រចាំកម្ពុជា បានជួបសម្ដែងការគួរសម ជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា។ ក្នុងជំនួបដ៏មានសារសំខាន់នោះ លោក តាណាកា កូតារ៉ុ អនុប្រធាន JICA បានបង្ហាញពីគម្រោងរៀបចំ Smart Cities (ទីក្រុងឆ្លាតវៃ) អាស៊ាន-ជប៉ុន ដែលរាជរដ្ឋាភិបាលជប៉ុន ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា នៅដើមឆ្នាំ២០១៩ ដោយគម្រោងនេះត្រូវអភិវឌ្ឍន៍ ទីក្រុងប្រកបដោយនិរន្តរភាព ដោយភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា ICT គឺសំដៅដល់ការផ្ដល់លទ្ធភាព ប្រើប្រាស់ព័ត៌មានដោយប្រើមធ្យោបាយ ទូរគមនាគមន៍ ដើម្បីដោះស្រាយបញ្ហាមួយចំនួនដូចជា លំនៅដ្ឋានប្រជាជន ការកកស្ទះចរាចរណ៍ និងបរិស្ថាន។ គម្រោងទីក្រុងឆ្លាតវៃ ដែលអាស៊ានបានជ្រើសរើសនេះ រួមមាន ភ្នំពេញ សៀមរាប និងបាត់ដំបង។

បន្ថែមពីនេះ លោក តាណាកា កូតារ៉ុ ក៏បានសុំយោបល់ ពីអាជ្ញាធរជាតិអប្សរា លើគោលការណ៍រៀបចំ ឯកសារផ្សព្វផ្សាយកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នជប៉ុន ដែលកំពុងចូលរួមកិច្ចការអភិរក្ស ក្នុងរមណីយដ្ឋានអង្គរ។ ជប៉ុនចង់បង្កើតកម្មវិធីក្នុងទូរសព្ទដៃ និងដាក់បញ្ចូលព័ត៌មាន លើការងារនានា ដើម្បីឱ្យមានការផ្សព្វផ្សាយ កាន់តែទូលំទូលាយមួយកម្រិតទៀត។

ឆ្លើយតបចំពោះការលើកឡើង ខាងលើនេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានស្វាគមន៍ និងកោតសរសើរចំពោះគម្រោងអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA។ ឯកឧត្តមអគ្គនាយកយល់ថា នេះជាកិច្ចការ ដែលអាជ្ញាធរជាតិអប្សរាចង់បាននាពេលអនាគតដូចជារៀបចំ Smart Cities រួមនិងការចង់ក្រងឯកសារនានា ពីកិច្ចការអភិរក្សជាដើម។ ឯកឧត្តមអគ្គនាយក ជំរុញឱ្យភាគីទាំងពីរធ្វើការជាមួយគ្នា ដើម្បីឱ្យគម្រោងនេះពន្លឿនការអនុវត្ត នាពេលឆាប់ខាងមុខ៕