សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យឯកឧត្តម Björn Häggmark ឯកអគ្គរាជទូត ទើបតែងតាំងថ្មីនៃព្រះរាជាណាចក្រស៊ុយអ៊ែត ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម

០៨​ ០១ ២០២០

នារសៀលថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យឯកឧត្តម Björn Häggmark ឯកអគ្គរាជទូត ទើបតែងតាំងថ្មី​ នៃព្រះរាជាណាចក្រស៊ុយអ៊ែត ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម នាទីស្តីការក្រសួងមហាផ្ទៃ។

មានប្រសាសន៍ក្នុងជំនួបនេះ ឯកឧត្តម ឯកអគ្គរាជទូត បានលើកឡើងនូវកិច្ចការមួយចំនួន ពាក់ព័ន្ធនឹងបញ្ហាជាសាកល និងស្ថានភាពទូទៅ នៃកិច្ចសហប្រតិបត្តិការ ជាមួយព្រះរាជាណាចក្រម្ពុជា។ ចំពោះបញ្ហាសកល ឯកឧត្តម Bjom Haggmark បានលើកឡើងអំពីបញ្ហាបរិស្ថាន និងបំរែបំរួលអាកាសធាតុ ដែលជាកិច្ចការមួយពាក់ព័ន្ធ មិនត្រឹមតែប្រទេសកម្ពុជា និងស៊ុយអ៊ែតប៉ុណ្ណោះទេ ប៉ុន្តែពាក់ព័ន្ធនឹងប្រទេសជាច្រើនទៀតលើសកលលោក។

ពាក់ពាក់ព័ន្ធ នឹងពាណិជ្ជកម្មសកល ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបសម្ដេចក្រឡាហោមថា កម្ពុជាក៏ជាសមាជិកមួយនៃអង្គការWTO ហើយការលើកម្ពស់ ទំនាក់ទំនងពាណិជ្ជកម្ម ក្នុងក្របខណ្ឌសកលនេះ ក៏ជាកិច្ចការមួយ ដ៏មានសារៈសំខាន់ផងដែរ។

ពាក់ព័ន្ធបញ្ហាសកលនេះ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ចំពោះបញ្ហាបរិស្ថាន សម្ដេចពិតជាមានការគាំទ្រ នូវការលើកឡើងនេះ ដោយសារបញ្ហាបំរែលបំរួលអាកាសធាតុ គឺជាបញ្ហាសំខាន់ និងទាមទារឲ្យមានការចូលរួម ពីគ្រប់ប្រទេសពាក់ព័ន្ធ ទាំងប្រទេសអភិវឌ្ឍន៍ ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសមានការអភិវឌ្ឍន៍តិចតួច ព្រមទាំងភាគីពាក់ព័ន្ធផ្សេងទៀត ដោយប្រទេសនីមួយត្រូវមានការរួមចំណែករៀងៗ ខ្លួនក្នុងការធ្វើឲ្យប្រសើរឡើង នូវបរិស្ថានសកល។

ចំពោះបញ្ហាពាណិជ្ជកម្មសកល សម្ដេចក្រឡាហោម បានគាំទ្រថា​ នេះក៏ជាកិច្ចការសំខាន់មួយ ដោយសម្ដេចបានកត់សម្គាល់ថា សង្គ្រាមពាណិជ្ជកម្ម រវាងមហាអំណាចសេដ្ឋកិច្ចមួយចំនួន នាបច្ចុប្បន្ននេះ ក៏ជាកត្តាមួយដែលកម្ពុជា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ដ្បិតតិចឬច្រើន ក៏អាចមានផលប៉ះពាល់មក លើប្រទេសកម្ពុជា ក៏ដូចជាប្រទេសស៊ុយអ៊ែតដែរ។

បន្ថែមលើនេះ សម្ដេចក៏បានបន្តជម្រាបជូន ឯកឧត្តម Bjom Haggmark អំពីស្ថានភាពទូទៅពាក់ព័ន្ធ នឹងប្រទេសកម្ពុជា ជាពិសេសគឺប្រវត្តិសាស្ត្រ ដែលកម្ពុជាបានហែលឆ្លង នៅក្នុងដំណើរអភិវឌ្ឍន៍របស់ខ្លួន ចាប់តាំងពីក្រោយសម័យអាណានិគមបារាំង រហូតមកដល់បច្ចុប្បន្ននេះ។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថាប្រទេសកម្ពុជា បានឆ្លងកាត់របបដឹកនាំ ប្រទេសជាច្រើន ក្នុងនោះពេលខ្លះកម្ពុជាក៏ទទួលបានសន្តិភាពរយៈពេលខ្លី ពេលខ្លះទៀត បានកើតមានចលាចល និងវិបត្តិផ្ទៃក្នុង ហើយនេះគឺជាអ្វី ដែលរាជរដ្ឋាភិបាលសព្វថ្ងៃ ខិតខំធ្វើយ៉ាងណាថែរក្សា ឲ្យបានគង់វង្សនូវសុខសន្តិភាព ព្រោះសន្តិភាពមានទំនាក់ទំនង ដល់វិស័យជាច្រើន ដូចជាការអភិវឌ្ឍន៍ នីតិរដ្ឋ ការការពារ និងគោរពសិទ្ធិមនុស្ស ជាដើម ហើយសន្តិភាពនេះគឺជាកត្តាអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវតែខិតខំធ្វើយ៉ាងណាថែរក្សាឲ្យបាន។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតស៊ុយអ៊ែត បានជម្រាបជូនសម្ដេចក្រឡាហោមថា ឯកឧត្តម បានយល់ដឹងច្រើនអំពីប្រវត្តិសាស្ត្រដ៏ជូរចត់ ដែលកម្ពុជាបានឆ្លងកាត់ នៅក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសរបស់ខ្លួន ដូចជា ការឆ្លងកាត់របបប្រល័យពូជសាសន៍ជាដើម។ ទន្ទឹមនេះ ក្នុងនាមជាឯកអគ្គរាជទូតស៊ុយអ៊ែត ក៏សូមសម្ដែងនូវការគាំទ្រ និងបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការបន្តពង្រីកទំនាក់ទំនង រវាងប្រទេសទាំងពីរ ព្រមទាំងបង្កើតឳកាស ក្នុងទំនាក់ទំនងវិស័យពាណិជ្ជកម្មផងដែរ។

បន្ថែមពីនេះ ឯកឧត្តមក៏សម្តែងការចាប់អារម្មណ៍ ចំពោះវឌ្ឍនភាពរបស់ប្រទេសកម្ពុជា នៅក្នុងរយៈពេលចុងក្រោយនេះ និងបានមើលឃើញចំពោះការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ ការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល នៅក្នុងដំណើរការអភិវឌ្ឍន៍ប្រទេស។

សម្ដេចក្រឡាហោម ក៏បានមានប្រសាសាសន៍ថ្លែងអំណរគុណ ចំពោះការវាយតម្លៃរបស់ ឯកឧត្តមឯកអគ្គរាជទូត និងបានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនស៊ុយអ៊ែត ដែលបានជួយគាំទ្រ ដល់ប្រទេសកម្ពុជាកន្លងមក។ សម្ដេចបានបន្តថា ក្រៅពីការរួមចំណែកគាំទ្រដល់សាលាក្ដីខ្មែរក្រហម ស៊ុយអែត ក៏ធ្លាប់បានជួយគាំទ្រ ដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការផងដែរ ដែលនេះជាការរួមចំណែកមួយ ក្នុងការលើកកម្ពស់ប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជាផងដែរ។

ឯកឧត្តម Bjom Haggmark ក៏បានគូសបញ្ជាក់ថាឯកឧត្តម នឹងបន្តចូលរួមចំណែកចូលរួម ក្នុងវិស័យនានា បម្រើដល់ប្រយោជន៍ដល់ប្រជាជន នៃប្រទេសទាំងពីរ ជាពិសេសលើការងារមួយចំនួនដែលជាក្ដីបារម្ភ និងភារកិច្ចរួម ដូចជាបញ្ហាសមភាពយែនឌ័រជាដើម៕