ចំពោះមុខ UN អាមេរិកការពារ «ការសម្រេចចិត្តធ្វើឃាតមេទ័ពអ៉ីរ៉ង់» ប៉ុន្តែអាមេរិកនៅតែស្វាគមន៍អ៉ីរ៉ង់ អង្គុយចុះចរចាគ្នាដោយឥតលក្ខខណ្ឌ

09 01 2020

(យូអិន)៖ សហរដ្ឋអាមេរិក បានប្រាប់អង្គការសហប្រជាជាតិ (UN) ថា ការសម្លាប់មេទ័ព កំពូលអ៉ីរ៉ង់លោក កាស្សេម សូឡៃមេនី (Qassem Soleimi) គឺជាការការពារខ្លួន ក្នុងករណីចាំបាច់ ហើយអាមេរិកប្តេជ្ញាថា នឹងធ្វើសកម្មភាពបន្ថែមទៀត នៅមជ្ឈិមបូព៌ា ប្រសិនបើកាលៈទេសៈតម្រូវ ដើម្បីការពារជនជាតិ ក៏ដូចជាផលប្រយោជន៍អាមេរិក។ នេះបើតាម ការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២០។

ក្នុងសារលិខិតមួយផ្ញើ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) ឯកអគ្គរដ្ឋទូត អាមេរិកប្រចាំនៅ UN លោកស្រី ឃែល្លី ក្រាហ្វត៍ (Kelly Craft) បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក ក៏កំពុងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីត្រឡប់ទៅអង្គុយ នៅតុចរចា ដោយគ្មានលក្ខខណ្ឌ ជាមួយអ៉ីរ៉ង់ផងដែរ ក្រោមគោលដៅ ទប់ស្កាត់ការបង្កហានិភ័យ តទៅមុខទៀត ចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ និងបង្ការការបង្កហេតុ កាន់តែខ្លាំងដោយប្រទេសអ៉ីរ៉ង់។

គួរជម្រាបថា លោកស្រី Craft បានលើកហេតុផលការពារ ការធ្វើឃាតលោក Soleimi ដែលជាមេដឹកនាំកងកម្លាំងពិសេស Quds Force របស់យោធាអ៉ីរ៉ង់ តាមរយៈការលើកឡើង អំពីមាត្រា ៥១ នៃធម្មនុញ្ញរបស់អង្គការ សហប្រជាជាតិ។ នៅក្រោមមាត្រានោះ ប្រទេសនានាដែលជាសមាជិក UN ត្រូវតម្រូវឲ្យរាយការណ៍ ជាបន្ទាន់ភ្លាមៗទៅកាន់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ អំពីចំណាត់ការទាំងឡាយ ដែលធ្វើឡើង ក្រោមការអនុវត្តនូវសិទ្ធិការពារខ្លួន។

កាលពីឆ្នាំ២០១៤ សហរដ្ឋអាមេរិក៏បានប្រើប្រាស់មាត្រា ៥១ នេះមកការពារសកម្មភាពខ្លួន នៅស៊ីរី ពាក់ព័ន្ធនឹងយុទ្ធនាការ ប្រឆាំងក្រុមភេរវករ ISIS ផងដែរ៕