ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០

០៩​ ០១ ២០២០​

ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអមដំណើរ​ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ដែលបានប្រព្រឹត្តទៅ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សហគ្រាសសាធារណៈផងដែរ។

ថ្លែងក្នុងរបាយការណ៍បូកសរុបនាពេលនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសមិទ្ធផលការងារឆ្នាំ ២០១៩ លើវិស័យសាធារណការ និងដឹកជញ្ជូន ដែលរួម៖ ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ត្រូវបានកសាងបានប្រមាណ១០% និងគ្រោងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន China Railway International Group Co.,Ltd ដើម្បីសិក្សា ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៣ ផ្លូវក្រវ៉ាត់ក្រុងទី២ និងទី៣ ត្រូវបានពង្រីកទៅជា៤ គន្លង ព្រមទាំងហេដ្ឋារេចនាសម្ព័ន្ធដឹកជញ្ជូន ជាច្រើនទៀតទាំងស្ពាន កំពង់ផែ ផ្លូវទឹក និងផ្លូវដែក ត្រូវបានសាងសង់ពង្រីកបន្ថែម ជួសជុល ថែទាំ លើកកម្ពស់គុណភាព និងធ្វើសមាហរណកម្មក្នុងប្រទេស និងក្នុងតំបន់ផងដែរ ដើម្បីលើកម្ពស់សេដ្ឋកិច្ចជាតិ ឱ្យកាន់តែរឹងមាំថែមទៀត។

ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានបង្ហាញ ពីសមិទ្ធផលនានា ទាក់ទងនឹង វិស័យដឹកជញ្ជូន រួមមាន៖ ការចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល មានការកើនឡើងប្រមាណ៥១% បើធៀបនឹងឆ្នាំ២០១៨ ការត្រួតពិនិត្យ និងចាត់វិធានការផ្លូវច្បាប់លើរថយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេស និងយានដ្ឋានជួសជុល កែច្នៃ និងដំឡើងគ្មានច្បាប់អនុញ្ញាត ការចូលរួមនិងធ្វើយុទ្ធនាការ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការចែកមួកសុវត្ថិភាព ការបិទចំណាំងផ្លាត ផ្លាកសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍នានាជាដើម។

ឯកឧត្ដម ទេសរដ្ឋមន្ត្រីបានបន្តថា ទន្ទឹមនឹងការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ចូន វិស័យធនធានមនុស្សត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយបានជួលគ្រូ មកពីបរទេស ដើម្បីបណ្ដុះបណ្ដាល និងបញ្ចូនមន្ត្រី ទៅសិក្សានៅក្រៅប្រទេស និងការរៀបចំបង្កើតវិទ្យាស្ថានបច្ចេកទេសសាធារណការ និងដឹកជញ្ជូនផងដែរ ដើម្បីលើកកម្ពស់ធនធានមនុស្សក្នុងស្រុក។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អំពីទិសដៅការងារឆ្នាំ២០២០នេះ ដោយឯកឧត្ដម ទេសរដ្ឋមន្ត្រី បានកំណត់យកឆ្នាំ២០២០ គឺជាឆ្នាំពង្រីកការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូន និងភស្ដុភារកម្ម ដែលគ្រប់ផ្នែកទាំងអស់ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូនត្រូវតែបន្ត ពន្លឿន ពង្រីកដោយឈរលើគុណភាព ជាចម្បងឱ្យស្របតាមទិសដៅ អភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល ដែលសម្រេច បានក្នុងឆ្នាំ២០១៩នេះ លើវិស័យសាធារណការ និងដឹកជញ្ជូន និងលើកទឹកចិត្ត ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យបន្តលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារបន្ថែមទៀត ក្នុងវិស័យនេះ ព្រោះថាក្រសួងសាធារណការ និងដឹកជញ្ជូន គឺជាសេនាធិការ របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យនេះ ជូនជាតិមាតុភូមិ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងការកោតសរសើរ យ៉ាងជ្រាលជ្រៅ ចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្ដម ទេសរដ្ឋមន្ត្រី និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហ ការ និងផ្តល់ការឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈ ថវិកា និងបច្ចេកទេស លើការរៀបចំផែនការ និងការអនុវត្តសកម្មភាពការងារ ក្នុងវិស័យសាធារណការ និងជញ្ជូន៕