យុទ្ធនាការសុវត្ថិភាពចំណីអាហារនៅតាមសាលារៀន

០៩​ ០១ ២០២០​

ខេត្ត​កំពង់​ចាម៖ ដើម្បី​ធានា​ថា ចំណី​អាហារ​នៅ​ក្នុង​សាលា​រៀន​ មិន​មាន​សារធាតុ​គីមី ​មាន​អនាម័យ​ល្អ និង​ធានា​បាន​ថា សិស្សានុសិស្ស​មិន​ទទួល​រង​ ផល​ប៉ះពាល់​អវិជ្ជមាន​ពី​ចំណី​អាហារ ​ក្នុង​សាលា​រៀន ជា​ពិសេស​នៅ​តាម​បណ្ដា​ខេត្ត​នានា និង​តំបន់​ដាច់​ស្រយាល ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀប​ចំ​យុទ្ធនាការ​សុវត្ថិភាព ​ចំណី​អាហារ​ នៅ​តាម​គ្រឹះស្ថាន​សិក្សា។

កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ​ ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា។ យុទ្ធនាការ​នេះ​ត្រូវ​ធ្វើ​បាន​ធ្វើ​ឡើង​ ដើម្បី​បញ្ជ្រាប​ចំណេះ​ដឹង​អ្នក​លក់​ដូរ ដែល​ជា​គោលដៅ​សំខាន់​ ឱ្យ​​យក​ចិត្ត​ទុកដាក់​ ទៅ​លើ​​សុខភាព​ដល់​សិស្សានុសិស្ស​ ជា​ពិសេស​កុមារ​តូច​ៗ​។

សូម​ជម្រាប​ថា តាម​រយៈ​​សេចក្ដី​ណែនាំ​លេខ​១៨ អយក.សណន ចុះ​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០១៩ ចំណី​អាហារ​ នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន ដែល​ត្រូវ​បាន​ហាម​ឃាត់​ មាន​៦​ប្រភេទ​​គឺ៖
១.​ចំណីអាហារ​គ្រប់​ប្រភេទ​ ដែល​ហួស​កំណត់​កាល​បរិច្ឆេទ
២. គ្រឿង​ស្រវឹង និង​ផលិតផល​ថ្នាំ​ជក់​គ្រប់​ប្រភេទ
៣. ចំណី​អាហារ​ ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់
៤. ភេសជ្ជៈ​ប៉ូវ​កម្លាំង ភេសជ្ជៈ​ផ្អែម​ខ្លាំង កាហ្វេ ការ៉េម ទឹក​ស៊ីរ៉ូប៍​គ្រប់​ប្រភេទ
៥. ស្ករ​សូកូឡា ស្ករ​គ្រាប់ និង​ស្ករ​កៅស៊ូ​គ្រប់​ប្រភេទ
៦. ចាហួយ​គ្រប់​ប្រភេទ នំ​ដូ​ណាត់ នំ​ផ្អែម​ខ្លាំង៕

ថ្ងៃទី៩ មករា ២០២០ នៅសាលា​បឋម​សិក្សា​អង្គរបាន ខេត្ត​កំពង់​ចាម