ក្រសួងការងារ នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាលក្ខណៈត្រីភាគីស្តីពី «ការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ»

13-01-2020

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ជា លក្ខណៈត្រីភាគី ស្តីពី (ការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ) ដោយមានជំនួយ បច្ចេកទេស ពីអង្គការអន្តរជាតិ ខាងការងារ (ILO) ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បើតាមសេចក្តីជូនដំណឹង ដដែល បានឱ្យដឹងថា សិក្ខាសាលានេះ នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ ។

សិក្ខាសាលាពិគ្រោះយោបល់ ដែលមានការចូលរួមពី តំណាងភាគីសហជីព ចំនួន ១៨រូប តំណាងភាគីនិយោជកចំនួន ១៧រូប និងដៃគូរបស់ក្រសួង ចំនួន ១១រូបនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីពិភាក្សាអំពី ទី១៖ ការកែសម្រួលបទ ប្បញ្ញត្តិពាក់ព័ន្ធ នឹងវេនការងាររបស់ រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលមានដំណើរការ លើសពី ១វេនជាប្រចាំ ។ ការកែសម្រួលនេះ គឺដើម្បីបង្កើនភាពទាក់ទាញឧស្សាហ កម្មទំនើបដូចជា ៖ រោងចក្រផលិតបរិក្ខារអគ្គិសនី គ្រឿងអេឡិចត្រូនិច និងការកែច្នៃម្ហូបអាហារជាដើម និងបង្កើនការងារជូន ប្រជាពលរដ្ឋ ។ ដោយឡែករោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលធ្វើការលើសពី១ វេនម្តងម្កាល គឺនៅបន្តអនុវត្តបទប្បញ្ញត្តិដែលមានជាធរមាន ។ ទី២៖ ការពង្រីកវិសាលភាព សេវាកម្មរបស់ក្រុមប្រឹក្សា អាជ្ញាកណ្តាល ក្នុងការដោះស្រាយវិវាទបុគ្គល ដើម្បីពង្រឹងប្រសិទ្ធភាព នៃយន្តការ ដោះស្រាយ វិវាទការងារ និងឆ្លើយតបនឹងតម្រូវការរបស់ភាគីវិវាទព្រមទាំងកាន់តែធានាបាននូវសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ។

ទី៣៖ ការលុបការឈប់នៅថ្ងៃបន្ទាប់សម្រាប់ថ្ងៃឈប់សម្រាកបុណ្យចំថ្ងៃអាទិត្យ ដើម្បីឆ្លើយតប ទៅនឹង ការ វិវឌ្ឍផ្នែក សង្គម-សេដ្ឋកិច្ចកម្ពុជា សំដៅលើកកម្ពស់ ផលិតភាពការងារ និងពង្រឹងភាព ប្រកួតប្រជែងសេដ្ឋកិច្ច កម្ពុជាទាំងក្នុងតំបន់ និងសកលលោក ។ សិក្ខាសាលា ពិគ្រោះយោបល់ លើកទី១នេះ នឹងផ្ដល់ឱកាសដល់ភាគី ពាក់ព័ន្ធក្នុងការពិនិត្យ និងពិភាក្សាផ្តល់ធាតុ ចូលនានា សំដៅការពារផល ប្រយោជន បងប្អូនកម្មករនិយោជិត និងនិយោជក ។ ក្រសួងនឹងបន្តសហការជាមួយ ដៃគូពាក់ព័ន្ធ ជាពិសេសអង្គការ ILO រៀបចំសិក្ខាសាលា ពិគ្រោះយោបល់ និងកិច្ចប្រជុំពិគ្រោះ យោបល់ជាលក្ខណៈត្រីភាគីបន្តទៀត ដើម្បីបន្តប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ។

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖