វិស័យអប់រំកម្រិតឧត្តមសិក្សាគឺជាគន្លឹះដ៏សំខាន់បំផុតក្នុងការអភិវឌ្ឍធនធានមនុស្ស

13-01-2020

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត អ្នកឧញ៉ា សៀ ណាំ តំណាង រាស្ត្រ មណ្ឌល សៀមរាបបានអញ្ជើញចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ នៅសាកលវិទ្យាល័យអង្គរ ។ លោកអភិបាលខេត្ត បានថ្លែងថា ការងារអប់រំកម្រិតឧត្តមសិក្សា គឺជាគន្លឹះមួយយ៉ាងសំខាន់បំផុត ក្នុងការកសាងធនធានមនុស្ស ដែលខេត្តសៀមរាប ទាំងមូលត្រូវតែចូលរួម វិនិយោគឱ្យបានខ្លាំងក្លា និងទាមទារជាចាំបាច់ និងបន្ទាន់បំផុតនូវការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និង អន្តរ ជាតិទាំងក្នុងកម្រិតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូរអភិវឌ្ឍ ដើម្បីជួយឱ្យគោលដៅនៃការអប់រំកម្រិតឧត្តមសិក្សា នេះសម្រេច បានជោគជ័យ។ ក្នុងនោះដែរ លោកបានបន្តថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺផ្តើមចេញពីការក សាង សមត្ថភាព និង អប់រំសីលធម៌រស់នៅរបស់និស្សិតទាំងបញ្ញាស្មារតី កាយសម្បទា មនោសញេ្ចតនា និង បំណិនជីវិតគ្រប់បែបយ៉ាង ដែល ជា ឱកាស ដ៏ល្អបំផុតសម្រាប់អភិវឌ្ឍប្រទេសជាតិនាថ្ងៃអនាគត នៅក្នុងបរិបទសម័យឌីជីថល ។ អភិបាលខេត្ត បានបញ្ជាក់បន្ថែម ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការ បន្តកសាង និងអភិវឌ្ឍ ធនធានមនុស្ស លើគ្រប់ផ្នែក ប្រកបដោយ គុណភាព និងមានគុណធម៌ល្អប្រពៃដែលឆ្លើយតបទៅនឹងសំណូមពរនៃការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចដើម្បីកសាងកម្ពុជា ឱ្យក្លាយជាសង្គមរីកចំរើន ជឿនលឿន ដែលផ្អែកលើមូលដ្ឋាន ចំណេះដឹងរួមទាំងវិទ្យាសាស្រ្តបច្ចេកទេស និងចំណេះធ្វើ ហើយដើរស្របជាមួយ នឹងការរីកចម្រើននៃបណ្តាប្រទេសនៅក្នុង តំបន់និងពិភពលោក ដោយ ត្រូវផ្សារភ្ជាប់ នឹងការអប់រំមន សិកាស្នេហាជាតិការអប់រំ អំពីប្រវត្តិសាស្រ្ត ការអប់រំវប្បធម៌សន្តិភាព ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ការគោរពតាមគោលការណ៍ សេរីភាព ប្រជាធិបតេយ្យ និងយុត្តិធម៌សង្គម ការប្រឆាំងនឹងអំពើ ហិង្សាការប្រយុទ្ធប្រឆាំង នឹងការប្រើប្រាស់គ្រឿងញៀន និងការរើសអើងគ្រប់ប្រភេទ ។