ក្រសួងការបរទេសអាមេរិក មិនបានទទួលការជូនដំណឹង អំពីផែនការវាយប្រហារស្ថានទូតចំនួន ៤ ដូចលោក ត្រាំ បានលើកឡើងនោះឡើយ

14-01-2020

មន្ត្រីក្រសួងការបរទេសអាមេរិកជាច្រើននាក់ ដែលទទួលបន្ទុកលើកិច្ចការសន្តិសុខរបស់ស្ថានទូតអាមេរិក មិនបានជូនដំណឹង ឬក៏ដឹងពីការគំរាមកំហែងភ្លាមៗ មកលើស្ថានទូតអាមេរិកចំនួន ០៤ ហើយដែលនេះផ្ទុយទាំងស្រុង ទៅនឹងការអះអាងដោយ លោកប្រធានាធិបតី ដូណាល់ ត្រាំ ថាការបញ្ជាឱ្យសម្លាប់មេទ័ពអ៉ីរ៉ង់លោក កាស្សេម សូឡៃមេនី (Qasem Soleimani) កាលពីដើម ខែមករាកន្លងទៅ គឺដើម្បីទប់ស្កាត់ការគំរាមកំហែង ឬការវាយប្រហារភ្លាមៗ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០ ។ សារព័ត៌មាន CNN  ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភព ពីមន្ត្រីការបរទេសអាមេរិកពីររូប ដែលបានបញ្ជាក់ថា ក្រសួងការបរទេសអាមេរិកមិនត្រូវបានជូនដំណឹង អំពីគ្រោះថ្នាក់ជាក់ លាក់លើស្ថានទូតអាមេរិកណាមួយ មុននឹងយន្ដហោះដ្រូនអាមេរិកបាញ់សម្លាប់លោក Soleimani នៅក្នុងទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ តាមបញ្ជារបស់លោក ដូណាល់ ត្រាំ នោះទេ ។ មន្ត្រីទាំងពីររូបខាងលើនេះដដែល បានបន្ថែមទៀតថា ជាការពិត ណាស់ ខាងក្រសួងការបរទេសអាមេរិក បានចេញសេក្ដីព្រមានជាសកល ទៅគ្រប់ស្ថានទូតអាមេរិកទាំងអស់ មុនពេលការវាយ ប្រហារនេះកើតឡើង។ ប៉ុន្តែ មិនមែនជាការជូនដំណឹងដោយផ្ទាល់ពីការគំរាមកំហែងលើស្ថានទូតអាមេរិកជាក់លាក់ ណាមួយ នោះឡើយ ហើយក៏មិនបានព្រមានពីការគំរាមកំហែងភ្លាមៗនោះដែរ ។ គួរបញ្ជាក់ថា កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ លោក ដូណាល់ ត្រាំ បានអះអាងថា ស្ថានទូតអាមេរិកចំនួន ០៤ ក្នុងនោះគឺស្ថានទូតអាមេរិក ប្រចាំប្រទេសអ៉ីរ៉ាក់ បានរងការគំរាម កំហែងភ្លាមៗ  ដែលតម្រូវឱ្យត្រូវចាត់វិធានការទប់ស្កាត់ជាបន្ទាន់ តាមរយៈការផ្ដាច់ជីវិតលោក Soleimani ដែលលោកផ្ទាល់ចោទថា ជាមេក្លោងនៅពីក្រោយការរៀបចំ គម្រោងវាយប្រហារលើស្ថានទូតអាមេរិក ។